ភ្នំពេញៈ អង្គការអុកស្វាម រួមជាមួយអង្គការដៃគូពាក់ព័ន្ធ បានរៀបចំវេទិកាថ្នាក់ជាតិស្ដីពី “គាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ដើម្បីផ្សព្វផ្សាយ និងពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់អ្នកប្រកបរបរក្រៅប្រព័ន្ធ ដើម្បីប្រមូលធាតុចូល និងសំណូមពរ សម្រាប់ស្នើទៅរដ្ឋាភិបាលដាក់បញ្ចូលពួកគាត់ឱ្យទទួលបាន របបសន្ដិសុខសង្គម ឬបណ្ណ ប.ស.ស ។
វេទិកានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែកក្កដា នៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ១៧០ នាក់ រួមមានតំណាងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជនថ្នាក់ដឹកនាំមូលដ្ឋាន ឬប្រធានសហជីព តំណាងឱ្យកម្មករ-កម្មការិនី មកពីបណ្ដាញសង្គមស៊ីវិល និងសហជីព។ វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមស្វែងយល់អំពីនិយមន័យនៃកម្មករក្រៅប្រព័ន្ធ ចែករំលែក និងពិភាក្សាទាក់ទិននឹងនីតិវិធីផ្សេងៗដូចជាការចុះឈ្មោះក្នុងការទទួលបានការគាំពារសង្គម ដែលអាចធ្វើឱ្យប្រសើរឡើងនៃការគ្របដណ្ដប់លើកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសកម្មករជាស្ត្រី។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំប្រទេសកម្ពុជាថ្លែងថា វេទិកានេះមានសារៈសំខាន់ដែលមានការចូលពីក្រុមអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ២០០ នាក់ ដើម្បីប្រមូលធាតុចូលក្នុងកិច្ចការងារនេះ។
លោកស្រីថា៖ «សំឡេងរបស់គាត់គឺសំខាន់ទី១ ចង់ដឹងបញ្ហាប្រឈមរបស់គាត់ក្នុងការទទួលបាន ប.ស.ស ទី២ តើពួកគាត់ស្ម័គ្រចិត្តបង់វិភាគទានទេ បើករណីដែលរដ្ឋាភិបាលបើកឱ្យមានការទទួលស្គាល់ការចូលរួមរបស់គាត់ដើម្បីទទួលបានផលប្រយោជន៍ត្រឡប់មកវិញ ទី៣យើងនឹងស្វែងយល់ថា ហេតុអ្វីបានជាកម្មវីធីមួយចំនួនបានបើកចំហហើយប៉ុន្តែអត់ទាន់មានអ្នកដឹងឮ»។
លោកស្រីគូសបញ្ជាក់ថា កិច្ចគាំពារសង្គមគឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ជួយទ្រទ្រង់ និងគាំទ្រប្រជាជនដែលងាយរងគ្រោះជាពិសេសសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានរួមចំណែកយ៉ាងសកម្មនិងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ ជាពិសេសជួយដោះស្រាយការប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ ១៩ និងជួយកាត់បន្ថយការប្រឈមមុខនិងការធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។
លោកស្រីថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនទាន់បានគ្របដណ្តប់ដល់ពួកគាត់ ហើយពួកគាត់ងាយប្រឈមមុខខ្លាំងចំពោះហានិភ័យទាក់ទងអសន្តិសុខប្រាក់ចំណូល ហើយក្រុមគាត់មិនទាន់ទទួលបានគាំពារផ្នែកសុខភាព ឬគ្រោះថ្នាក់ការងារនៅកន្លែងការងារនៅឡើយ។ អ៊ីចឹងហើយបានជាអង្គការអុកស្វាម និងអង្គការដៃគូ ខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីនាំយកបញ្ហាប្រឈមរបស់បងប្អូនដែលកំពុងប្រកបរបររស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីឱ្យរដ្ឋាភិបាលបានដឹងឮនិងចូលរួមដោះស្រាយទាំងអស់គ្នា»។
លោកស្រីបន្តថា កិច្ចគាំពារសង្គមចំនួន៣សំខាន់សម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺ សន្តិសុខការងារ គ្រោះថ្នាក់នៅកន្លែងការងារឬពេលមានជំងឺនិងចំណុចសំខាន់មួយទៀត គឺនៅពេលគាត់បាត់បង់ការងារ។
អ្នកស្រី រ៉ម ទូច អាយុ ៥៨ ឆ្នាំ ប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមផ្ទះ បានថ្លែងថា អ្នកស្រីពិតជាចង់ទទួលបានបណ្ណ ប.ស.ស. ដូចអ្នកប្រកបការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ ដោយចាត់ទុកថានៅពេលទទួលបានផ្នែកគាំពារសង្គមនេះ អាចជួយសម្រួលដល់ការចំណាយ។
អ្នកស្រីថា៖ «អត់បណ្ណ ប.ស.ស ពេលទៅមន្ទីរពេទ្យអស់លុយច្រើន អ៊ីចឹងចង់បាន ប.ស.ស ពេលទៅមន្ទីរពេទ្យមិនសូវចំណាយច្រើន ហើយបើគេតម្រូវឱ្យបង់វិភាគទានខ្ញុំស្ម័គ្រចិត្តចូលដែរ ប៉ុន្តែបង់តាមលទ្ធភាព ដោយសារខ្ញុំប្រកបរបរតាមផ្ទះអត់ថេរទេជួនកាលបានចំណូលច្រើន ឬតិច ឧទាហរណ៍ក្នុងមួយខែគេតម្រូវឱ្យ ២ ម៉ឺនរៀល អ៊ីចឹងចំពោះយើងគួរតែអនុគ្រោះបង់ត្រឹម ១ ម៉ឺនរៀលបានហើយ»។
អ្នកស្រី ស៊ីម អាត មានមុខរបរលក់ដំឡូង-ចេកស្ងោរតាមដងផ្លូវ បានលើកឡើងថា អ្នកស្រីតែងមានការស្ទាក់ស្ទើរក្នុងការទៅពិនិត្យជំងឺនៅឯមន្ទីរពេទ្យ ហើយសម្រេចជ្រើសយកមធ្យោបាយផ្សំថ្នាំ ឬការផឹកឱសថបុរាណដែលមានតម្លៃថោកៗ រាល់ពេលដែលសមាជិកក្នុងក្រុមគ្រួសារណាធ្លាក់ខ្លួនឈឺ។
អ្នកស្រីនិយាយថា៖ «ខ្ញុំធ្លាប់ឈឺដែរ តែមិនហ៊ានថ្ងូរទេ ព្រោះអត់លុយ រាល់ថ្ងៃនេះ ប្រសិនបើឈឺ ហើយត្រូវចំណាយរហូតដល់បួនដប់ម្ភៃម៉ឺន (រៀល) ឡើង ឬក៏ត្រូវចូលពេទ្យ ប្រាកដហើយថាខ្ញុំគ្មានលុយទេ»។
អ្នកស្រីបន្តថា អាជីពលក់ដូរតាមដងផ្លូវនេះ អាចជួយឱ្យអ្នកស្រីរកចំណូល ១ ថ្ងៃបានចន្លោះពី ១៥ ០០០ រៀល ទៅ ២០ ០០០ រៀល ដែលចំណូលនេះជួយរ៉ាប់រងថ្លៃចំណាយទឹកភ្លើង និងផ្ទះជួល ខណៈតម្រូវការផ្សេងៗទៀត ដូចជាចំណីអាហារ និងការដោះសងបំណុល នៅតែមានកង្វះខាត។ ប៉ុន្តែអ្នកស្រីហាក់ដូចជាស្រពេចស្រពិលនៅឡើយពាក់ព័ន្ធ របបសន្ដិសុខសង្គម ឬបណ្ណ ប.ស.ស. ដោយសារខ្វះការទទួលបានព័ត៌មាន។
គួរបញ្ជាក់ផងដែរថា វេទិកាកម្មករនេះជាសកម្មភាពមួយនៃកម្មវិធីស្ដីពីការបន្ស៊ីគ្នារវាងប្រព័ន្ធគាំពារសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុវត្តដោយអង្គការអុកស្វាម អង្គការអន្តរជាតិផ្នែការងារ ILO អង្គការយូនីសេហ្វ UNICEF និងបណ្ដាញសកលសម្រាប់កិច្ចគាំពារសង្គម ដែលទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប។ កម្មវិធីនេះ ផ្តោតលើកិច្ចសហប្រតិបត្តការ និងការគាំទ្រស្ថាប័នរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមថ្នាក់ជាតិតាមរយៈការពង្រឹងប្រព័ន្ធសកម្មភាពដ៏មានប្រសិទ្ធភាព មានភ័ស្តុតាងជាក់លាក់ និងដំណើររៀបចំផែនការថវិកា និងហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន។
លោក ចាយ សំណាង អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈនៃបេឡាជាតិសន្តិសុខសង្គម ដែលចូលរួមកម្មវិធីនោះបានថ្លែងថា រដ្ឋាភិបាលកំពុងគិតគូរចំពោះបុគ្គលស្វ័យនិយោជន៍ ដែលកំពុងប្រកបរបរ ឬធ្វើការដោយខ្លួនឯង។
លោកថា៖ «ជានីតិវិធី ប.ស.ស កំពុងរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធបុគ្គលស្វ័យនិយោជន៍ អាចមានសិទ្ធិចុះបញ្ជី ក៏ប៉ុន្តែគាត់ទទួលបានការធានារ៉ាប់រងពី ប.ស.ស គឺទទួលបាន ២ ទី១ ទទួលបានផ្នែកថែទាំ សុខភាព និងផ្នែកប្រាក់សោធន អ៊ីចឹងបុគ្គលដែលរកស៊ីខ្លួនឯងក៏មានឱកាសទទួលបានការធានា ប.ស.ស បាន ២ ផ្នែកនេះ»។
លោកបន្តថា ពាក់ព័ន្ធការចុះបញ្ជី ប.ស.ស កំពុងរៀបចំនីតិវិធី ដើម្បីបើកច្រកពាក់ព័ន្ធបុគ្គលស្វ័យនិយោជន៍ដែលរកស៊ីដោយខ្លួនឯង។ បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ៕