វៀតណាមៈ រដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញការអនុវត្តផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា។ ការឯកភាពនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សារវាងឧត្តមមន្ត្រី នៃក្រសួងទេសចរណ៍កម្ពុជា ជាមួយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ ដែលដឹកនាំ ដោយ ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក Ha Van Sieu) អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។
យោងតាមលទ្ធផល នៃកិច្ចពិភាក្សាដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២២ ខែកក្កដានេះបញ្ជាក់ថា ភាគីវៀតណាម នឹងចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជា និងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ ២០២៩ (Asian Youth Games 2029) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមជាមួយការអបអរសាទរខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជាចូលរួមផ្សព្វផ្សាយរួមគ្នានៅព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ពិភពលោក នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ហើយវៀតណាមក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងទេសចរណ៍កម្ពុជាក្នុងការរៀបចំកម្មវិធី Roadshow ក្នុងខែតុលា ឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញផងដែរ។
ភាគីទាំង ២ បន្ត អនុវត្តនូវស្មារតីជំនួបរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក Pham Minh Chinh, នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏ដូចជាអនុវត្តសកម្មភាពយោងតាមស្មារតីជំនួបផ្លូវការរវាង លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាមួយលោក NGUYEN Van Hung រដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងអំឡុងពិធិបើក SEA Games លើកទី ៣១ នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ភាគីទាំង ២ បញ្ជាក់អំពីគោលបំណងនៃការរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា “Cambodian Tourism Roadshow” និងប្រកាសប្រាប់ប្រជាជនវៀតណាមអំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ដោយកម្ពុជាបានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងនោះ ចំពោះភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញ វិធានសុវត្ថិភាពតម្រូវត្រឹមតែការបង្ហាញកាត ឬវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ដោយឡែកចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងមិនពេញលេញ គ្រាន់តែតម្រូវឱ្យធ្វើតេស្តរហ័សប៉ុណ្ណោះនៅពេលមកដល់កម្ពុជា។
ជាមួយគ្នានេះ ភាគីទាំង ២ ពិភាក្សាអំពីដំណើរការនៃការធ្វើដំណើរបើកបរដោយខ្លួនឯង (Self-driving tour) ពីច្រកព្រំដែនអន្តរជាតិ ជាពិសេសប្រទេសមិត្តជិតខាងហើយសង្ឃឹមថាការបើកច្រកនេះនឹងបង្កើនឱ្យមានលំហូរទេសចរមកទស្សនាប្រទេសទាំង ២ ឱ្យបានច្រើនថែមទៀត ខណៈបច្ចុប្បន្នកម្ពុជាកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទន់-រឹងជាច្រើននៅទិសនិរតី ដើម្បីតភ្ជាប់ សម្រួលការធ្វើដំណើរ ជំរុញចលនាភ្ញៀវទេសចរពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ទៅខេត្តគៀង យ៉ាង និងទីក្រុងកាន់ធើជាដើម។
ភាគីទាំង ២ ក៏ឯកភាពជំរុញកិច្ចសហប្រតិបត្តិការការតភ្ជាប់តាមផ្លូវគោក ទឹក និងអាកាស ជាពិសេសដើម្បីតភា្ជប់រវាងខេត្តដែលនៅជាប់ព្រំដែនជាមួយគ្នា សម្រួលដល់ការធ្វើដំណើរនៅតាមច្រកព្រំដែនអន្តរជាតិ និងការផ្តល់ទិដ្ឋាការស្នាក់នៅ រយៈពេលវែងសម្រាប់ប្រជាជនកម្ពុជាដែលធ្វើដំណើរទេសចរណ៍ទៅពិនិត្យព្យាបាលជំងឺនៅប្រទេសវៀតណាម។
កម្ពុជានឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ “International Travel Expo (ITE HCMC) 2022” ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ព្រមទាំងរៀបចំកម្មវិធីរាត្រីកម្ពុជា “Cambodia Night” នៅសណ្ឋាគាររិស (REX Hotel) នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ ព្រមទាំងចូលរួមក្នុងវេទិកាទេសចរណ៍មេគង្គ ចាប់ពីថ្ងៃទី ១១-១៤ ខែតុលា ឆ្នាំ ២០២២ នៅ Hoi An ប្រទេសវៀតណាម៕