ភ្នំពេញៈ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ នេះ បានបង្ហាញ គម្រោងសិក្សាស្រាវជ្រាវជាង ២៥០ ប្រធានបទរបស់សិស្សានុសិស្សជូនដល់ឪពុកម្តាយ អាណាព្យាបាលក្នុងព្រឹត្តិការណ៍ពិព័រណ៍ស្នាដៃសិស្ស។
តាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២២ ខែកក្កដានេះ ឱ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះបានលើកទឹកចិត្តសិស្សានុសិស្សក្នុងការបង្កើតគម្រោងសិក្សាស្រាវជ្រាវ និងដាក់បង្ហាញជាសាធារណៈ និង កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញជូនសហគមន៍ ឪពុកម្តាយ អាណាព្យាបាលសិស្សផងដែរ រួមមាន ៖កម្មវិធីសាលារៀនជំនាន់ថ្មី សមិទ្ធផលស្នាដៃ និងការសិក្សារបស់សិស្ស ការទំនាក់ទំនងរវាងសាលារៀន និងសហគមន៍ បរិស្ថានសិក្សាសាលារៀន និងការផ្តល់ឱកាសឱ្យសិស្សបញ្ចេញសមត្ថភាព។
ក្រសួងអប់រំបន្តថា ស្នាដៃសិស្សានុសិស្សមានជាអាទិ៍ ស្នាដៃនិពន្ធ ការពិសោធវិទ្យាសាស្ត្រ បសុវប្បកម្ម និងដំណាំ ការសង្កេតបាតុភូតធម្មជាតិ គំរូស្ថាបត្យកម្ម ការសម្តែងសិល្បៈជាដើម ដែលមានគ្រូទទួលបន្ទុកមុខវិជ្ជាជាអ្នកតម្រង់ទិស ត្រូវបានបង្ហាញជូនមាតាបិតា សហគមន៍ និងសាធារណជន។
លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា កម្មវិធីសាលារៀនជំនាន់ថ្មីជាកំណែទម្រង់របស់ក្រសួងអបរំ យុវជន និងកីឡា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.0។
លោកថ្លែងថា៖« ក្រសួងអប់រំ យុវជន និងកីឡា សូមអបអរសាទរ និងកោតសរសើរដល់គំនិតផ្តួចផ្តើមនៃការសិក្សាដោយការបង្កើតគម្រោងស្រាវជ្រាវរបស់សិស្សានុសិស្សទាំងអស់»៕