កំពង់ចាមៈ លោក ឈា ប៊ុន​រិ​ទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស ដែលជា​ប្រធាន​មុខព្រួញ​ខេត្តកំពង់ចាម​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ណែនាំ​ឱ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ធ្វើការ​ផ្សព្វផ្សាយ​ប្រាប់​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងព្រែក និង​ដង​ទន្លេមេគង្គ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយនឹង​ស្ថានភាព​ការ​ហក់​ឡើង​នៃ​ទឹកទន្លេ​មេគង្គ និង​ទឹកភ្លៀង​នាពេល​បច្ចុប្បន្ន និង​ពេល​ខាងមុខនេះ​ផងដែរ​។ នេះ​បើ​យោងតាម​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃទី​ ២២​ កក្កដា​នេះ​។

​ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​លោក​ឈា ប៊ុន​រិ​ទ្ធ ដឹកនាំ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ប្រព័ន្ធធារាសាស្ត្រ​មួយចំនួន​ព្រមទាំង​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅក្នុង​ខេត្តកំពង់ចាម​។​

​ចំពោះ​ការងារ​គ្រប់គ្រង​ទឹក ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​ក៏បាន​បង្កើន​ការយកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​បរិមាណ​ទឹក​តាម​ទំនប់​អាងទឹក​នីមួយៗ​។ ក្នុងនោះ​លោក​បាន​ចាត់​ឱ្យមាន​ឆ្មាំ​ប្រចាំ​ការជាប់​ជាប្រចាំ សម្រាប់​បញ្ជា​ការបិទ​-​បើកទ្វារ​ទឹក ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ក៏ដូចជា​ការត្រៀម​បង្ការ និង​ទប់ស្កាត់​នូវ​គ្រោះមហន្តរាយ​នានា​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​នា​ចុងរដូវ​វស្សា​នេះ​។

​លោក​អ៊ុម វិបុល ក៏បាន​បញ្ជាក់​ផងដែរ​ថា ដោយមាន​ភ្លៀង​ដើមរដូវ​ជា​ហូរហែ​មក គិត​រហូតមក​ដល់ពេលនេះ ខេត្តកំពង់ចាម ល្បឿន​នៃ​ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​អនុវត្តបាន​ចំនួន​៨៦១៣៨​ហិកតា ស្មើ​៩៩,៥៨% លើ​ផែន​ការសរុប​ចំនួន ៨៦៥០០​ហិកតា​។

​លោក​ឈា ប៊ុន​រិ​ទ្ធ និង​ក្រុមការងារ​ក៏បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​នូវ​ស្ថានភាព​ប្រព័ន្ធធារាសាស្ត្រ​មួយចំនួន​ដែល​ទើបតែ​បញ្ចប់​ការសាងសង់​រួច និង​ជួសជុល​ព្រមទាំង​បណ្តា​ប្រព័ន្ធធារាសាស្ត្រ​មួយចំនួនទៀត​នៅក្នុង​ខេត្តកំពង់ចាម​៕