ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលអះអាងនៅថ្ងៃទី ២៣ ខែកក្កដានេះថា ជនជាតិនីហ្សេរីយ៉ា ដែលមានកើតជំងឺអុតស្វា ហើយគេចខ្លួនពីអាជ្ញាធរសុខាភិបាលថៃ នៅមិនទាន់មានព័ត៌មានណាដែលបញ្ជាក់ថា ជនជាតិនេះ បានមកដល់កម្ពុជា ឬបានមកដល់ខេត្តព្រះសីហនុហើយនោះទេ។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងតាមរយៈតេឡេក្រាមនៅមុននេះបន្តិចថា ករណីជនជាតិនីហ្សេរីយ៉ា មានកើតជំងឺអុតស្វាដែលបានធ្វើរោគវិនិច្ឆ័យដោយអាជ្ញាធរសុខាភិបាលថៃ ហើយដែលបានគេចខ្លួនតាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មកនោះ គ្រាន់តែឮថាប្រហែលជាចូលមកកម្ពុជា (ដោយអាជ្ញាធរថៃបាត់ទំនាក់ទំនងដែរនោះ) ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កំពុងតែឆែកឆេរ ស្វែងរក និងបង្កើនការប្រុងប្រយ័ត្ន នៅគ្រប់ទីតាំង និងច្រកចេញចូល។
លោកស្រីលើកឡើងថា ជាក់ស្តែងមកទល់រសៀលថ្ងៃទី ២៣ ខែកក្កដានេះ នៅមិនទាន់មានព័ត៌មានណាដែលបញ្ជាក់ថា ជនជាតិនេះ បានមកដល់កម្ពុជា ឬបានមកដល់ខេត្តព្រះសីហនុហើយនោះទេ។ ដូច្នេះ លោកស្រីអំពាវនាវដល់សាធារណ:ជន សហការគ្នាចូលរួមសង្កេត និងផ្តល់ព័ត៌មាន ប្រសិនបើឃើញជនជាតិនីហ្សេរីយ៉ារូបនេះ សូមជូនព័ត៌មានទៅអាជ្ញាធរសុខាភិបាល ដែលនៅជិតលោកអ្នក ឬហៅទៅលេខ១១៥ ដើម្បីមានវិធានការសុខាភិបាលជាបន្ទាន់ ទប់ស្កាត់ការចម្លងវីរុសអុតស្វានេះបានទាន់ពេលវេលា។
លោកស្រីបញ្ជាក់ថា៖ «មិនទាន់មានរកឃើញវត្តមាននៃបុគ្គលនីហ្សេរីយ៉ាដែលមានជំងឺអុតស្វានេះនៅកម្ពុជានៅឡើយទេ។ សូមអរគុណ»៕