ភ្នំពេញៈមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានខ្ពស់បន្ថែមទៀត ពីការឆ្លងមេរោគកូវីដ ១៩ ខណៈដែលវីរុសបំប្លែងថ្មីអូមីក្រុង ១ ប្រភេទទៀតត្រូវបានរកឃើញ នៅក្នុងប្រទេសជិតខាងកម្ពុជាគឺប្រភេទ BA2.75 ដែលល្បឿននៃការឆ្លងរបស់វីរុសបំប្លែងថ្មីនេះ គឺលឿនជាងវីរុសបំប្លែងមុនៗ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា យោងតាមព័ត៌មាន វីរុសបំប្លែងថ្មីអូមីក្រុងជាប្រភេទ BA2.75 ត្រូវបានរកឃើញករណីដំបូងនៅក្នុងប្រទេសថៃ ។
លោកស្រីមានប្រសាសន៍ថា ៖ «វាជាប្រភេទបំប្លែងថ្មីមួយទៀត ដែលបំប្លែងចេញពីវីរុសបំប្លែងអូមីក្រុងប្រភេទ BA.2 ប៉ុន្តែវានៅតែជាប្រភេទកូវីដ ១៩ អូមីក្រុងដដែល។ យោងតាមការវិភាគ វីរុសប្រភេទ BA2.75 នេះត្រូវបានគេបញ្ជាក់ថា វាមានលទ្ធភាពវាយលុកធ្ងន់ធ្ងរជាងពពួកប្រភេទ BA.4 និង BA.5 ទៅទៀត»។
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានបញ្ជាក់ដែរថា ការលើកឡើងនេះ មិនទាន់មានការសិក្សាណាមួយច្បាស់លាស់នៅឡើយទេ។
លោកស្រីមានប្រសាសន៍ថា ៖ «លទ្ធភាពនៃការវិវត្តរបស់វីរុសនេះគឺមានតទៅមុខទៀត ហើយយើងក៏មិនដឹងថា តើវានឹងវិវត្តទៅដល់ត្រឹមណាទៀតនោះទេ? អ៊ីចឹង អ្វីដែលត្រូវឱ្យបងប្អូនប្រុងប្រយ័ត្នហើយចូលរួមឱ្យបានសស្រាក់សស្រាំគឺការការពារខ្លួន និងកុំភ្លេចទទួលយកការចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យបានគ្រប់ៗគ្នា ជាពិសេសដូសជំរុញ»។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា មនុស្សភាគច្រើនដែលជាសះស្បើយទាំងស្រុងពីជំងឺកូវីដ ១៩ ហើយក៏ដោយ ក៏ប៉ុន្តែតាមភ័ស្តុតាងបច្ចុប្បន្នបង្ហាញថា ក្នុងចំណោមអ្នកដែលជាសះស្បើយចន្លោះពី១០% ទៅ ២០% នៅមានផលប៉ះពាល់លើសុខភាពរបស់ពួកគាត់ ដែលបានបន្សល់ទុកក្រោយពីការជាសះស្បើយពីកូវីដ ១៩។
ទាក់ទងនឹងបញ្ហានេះដែរ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា៖ «នាពេលថ្មីៗនេះ អង្គការសុខភាពពិភពលោកបានធ្វើការពន្យល់ទៅដល់បណ្តាប្រទេសនៅលើសកលលោកថា អ្នកដែលឈឺជំងឺកូវីដ ១៩ និងបានជាសះស្បើយរួចហើយ គេសង្កេតឃើញថា មនុស្សជាង ១ លាននាក់ លើសកលលោកនៅមានបញ្ហាសុខភាព បន្ទាប់ពីជាពីកូវីដ ១៩ ហើយគេមិនទាន់ដឹងថា វាប៉ះពាល់យូរក្នុងរយៈពេលប៉ុន្មាននោះទេ»។
បញ្ហាសុខភាពដែលពួកគាត់នៅមានបន្ទាប់ពីជាសះស្បើយពីកូវីដ ១៩ នោះ មានមួយចំនួនមានបញ្ហាផ្លូវចិត្ត ឈឺក្បាលញឹកញាប់ សម្រាន្តមិនលក់ មានអារម្មណ៍ខ្សោយអស់កម្លាំង ប៉ះពាល់សួត បេះដូង តម្រងនោម និងមានមួយចំនួនទៀត បាត់បង់សមត្ថភាពផ្លូវភេទផងដែរ។
ជាមួយគ្នានេះដែរ អ្នកជំងឺកូវីដ ១៩ ក៏មានបញ្ហាប៉ះពាល់ផ្លូវចិត្តផងដែរ ដោយយោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ទាំងអស់ ដែលកើតមានកន្លងមក មានអ្នកជំងឺចន្លោះពី ២៥% ទៅ ៣០% ប៉ះពាល់ផ្លូវចិត្ត។
មួយវិញទៀត លោកស្រី ឱ វណ្ណឌីន ក៏នៅតែជំរុញឱ្យប្រជាពលរដ្ឋត្រូវទៅ ទទួលយកការចាក់វ៉ាក់សាំងកូវីដ ១៩ ពិសេសដូសជំរុញ ដែលរហូតមកដល់ពេលនេះ អត្រាចាក់វ៉ាក់សាំងកូវីដ ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី ២៣ ខែកក្កដា ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់មានចំនួន ៩៤,៤៨%។
ក្រសួងបានបន្តថា សម្រាប់អត្រាចាក់វ៉ាក់សាំងដូសទី ៣ មានចំនួនជាង ៩,៦ លាននាក់ អត្រាអ្នកចាក់ដូសទី ៤ មានចំនួនជាង ៣,៣ លាននាក់ និងអត្រាចាក់ដូសទី ៥ មានចំនួនជាង ៤៣ ម៉ឺននាក់៕