ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ណែនាំ​ឱ្យ​ប្រតិបត្តិករ​ទូរស័ព្ទ​ទាំងអស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​សេវា​ខ្ចីលុយ​ជូន​អតិថិជន​បន្តទៀត បន្ទាប់ពី​កម្មវិធី​ទាំងនេះ​ត្រូវបាន​មហាជន​ប្រតិកម្ម និង​មាន​ការខឹងសម្បា នៅពេល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ត្រូវបាន​កាត់ចេញ​ដោយ​មិនដឹង​មូលហេតុ​។

ថ្មីៗ​នេះ មាន​វីដេអូ​មួយ​ដែល​បង្ហោះ​ដោយ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ “​យាយ​គុំ ទឹកឆា​”​ និង​ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​អំពី​ស្ត្រី​ម្នាក់​បាន​សម្តែង​ការខឹងសម្បា​យ៉ាងខ្លាំង​នឹង​ក្រុមហ៊ុន​ស្មាត​អាស្សាតា ដែល​បាន​កាត់លុយ​ដោយ​មិនដឹង​មូលហេតុ នៅពេល​គាត់​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​គាត់​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បញ្ជាក់ថា បន្ទាប់ពី​ឃើញ​ករណី​នេះ អគ្គាធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​កបទ​) សហការ​ជាមួយ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (​នទក​) ​បាន​ចុះទៅ​សិក្សា​ស្វែងយល់​ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ករណី​នេះ​ភ្លាម​។

ក្រសួង​បាន​បន្តថា ក្រោយពី​បាន​ពិនិត្យ និង​សាកសួរ​អ្នកស្រី កុល សុខគុំ ដែលជា​អ្នក​ជួប​បញ្ហា​នេះ​ផ្ទាល់​បាន​រកឃើញ​ថា ការ​កាត់ទឹក​ប្រាក់​របស់​គាត់ គឺ​បណ្តាល​មកពី​លេខ​ទូរស័ព្ទ​នេះ​នៅ​ជំពាក់​លុយ​ដែល​បាន​ខ្ចី​ នៅពេល​ដែល​ទូរស័ព្ទ​មិន​អាច​ហៅ​ចេញ ហើយ​នៅពេល​ដែល​បញ្ចូល​ទឹកប្រាក់​ឡើងវិញ ក្រុមហ៊ុន​ក៏បាន​កាត់លុយ​នោះ​សង​ត្រឡប់​វិញ​ភ្លាមៗ​ ខណៈ​អ្នកស្រី​ក៏បាន​បញ្ជាក់​ថា​ពុំបាន​ដឹង​អំពី​ការខ្ចី​នោះឡើយ ដែល​ជា​មូលហេតុ​ធ្វើឱ្យ​រូបគាត់​ខឹងសម្បា​ពី​ការ​កាត់លុយ​នោះ​។

ក្រសួង​សង្កត់ធ្ងន់​ថា​៖ «​ក្នុងន័យនេះ ដើម្បី​ការពារ​កុំឱ្យ​មាន​ករណី​ខ្ចីលុយ​ដោយ​សាមីខ្លួន​មិន​បាន​ដឹង នទក បាន​ណែនាំ​ឱ្យ​ប្រតិបត្តិករ​ទូរស័ព្ទ​ទាំងអស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​សេវា​ខ្ចីលុយ​ជូន​អតិថិជន​បន្តទៀត ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ការភាន់ច្រឡំ​ផ្សេងៗ​ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​»​។ ក្រៅពី​ណែនាំ​បែបនេះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏បាន​ណែនាំ​ឱ្យ​សាធារណជន​អាច​ទស្សនា​វីដេអូ​ពន្យល់​ពី​វិធី​ផ្តាច់​គម្រោង​នេះ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ឬ​ស្គែន QR Code ឬ​តាមរយៈ​តំណភ្ជាប់ https://fb.watch/eq5gO55sjc/ ដោយ​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ដែល​ជួប​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សេវា​ទូរគមនាគមន៍​ក៏​អាច​ប្តឹង​តវ៉ា​មក​​នាយកដ្ឋាន​កិច្ចការពារ​អ្នក​ប្រើប្រាស់​នៃ​ នទក តាមរយៈ​ទូរស័ព្ទ 6789 ដើម្បី​ដោះស្រាយ​ជូន​។

ក្រសួង​បញ្ជាក់ថា​៖ «​កន្លងមក កបទ បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើ​កិច្ចការពារ​សិទ្ធិ​អ្នកប្រើប្រាស់​ ជាពិសេស​បញ្ហា​កាត់​ទឹកប្រាក់​ទូរស័ព្ទ​ពី​ប្រតិបត្តិករ​ដោយ​ពុំ​ដឹង​មូលហេតុ ឬ​ការតភ្ជាប់​សេវា​ផ្សេងៗ​ដោយ​មិន​បានដឹង​ជាដើម ដោយ​បាន​ដាក់ឱ្យ​អនុវត្ត​លេខ​កូដ​រួម *1200# ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​អាច​ផ្តាច់​គម្រោង​ដែល​មិនចាំបាច់​...»​។

អ្នកលេង​បណ្តាញ​សង្គម​ម្នាក់​ក្នុង​ចំណោម​គណនី​ជាច្រើន​ទៀត​ដែល​ប្រើ​គណនី​ឈ្មោះ ណា កូមី បាន​បញ្ចេញមតិ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ប្រៃសណីយ៍ ដោយ​បង្ហាញ​ការគាំទ្រ​ចំណាត់ការ​នេះ​។ ម្ចាស់​គណនី​នេះ​ក៏បាន​ស្នើ​ក្រសួង ត្រួតពិនិត្យ​សេវាកម្ម​របស់​ប្រតិបត្តិករ​មួយចំនួន ដែល​មិន​អាច​ផ្តាច់​សេវា​នានា​តាម​ការអនុវត្ត​លេខ​កូដ​រួម ​*1200# ខណៈ​​ការ​តេ​ទាក់ទង​ទៅ​លេខ customer services (call center) របស់​ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​ចំណាយពេល​តេ ហើយ​ចុច​ច្រើនដង​ទើប​អាច​ជួប​ជាមួយ​ភ្នាក់ងារ​បាន​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែងថា នេះ​មិនមែន​ជា​ករណី​ថ្មី​នោះទេ​។ ពលរដ្ឋ​ខាតបង់​ផលប្រយោជន៍​ជាច្រើន​ទាំង​ការកាត់លុយ​ដោយ​មិន​ដឹង​មូលហេតុ ថែមទាំង​ការផ្តល់​សេវា​មិនល្អ​ទៀតផង​។ «​កន្លង​មក​យើង​ឃើញ​មាន​នីតិវិធី​ច្រើន​ទៅ​លើ​បញ្ហា​នេះ​ ក៏ប៉ុន្តែ​វា​នៅតែមាន​បញ្ហា​...»៕

វីដេអូ៖