ភ្នំពេញៈ មន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ប្រទេសកម្ពុជាត្រូវស្ថិតនៅក្នុងស្ថានភាពបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្រោយពេលដែលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នជាសកលពីការផ្ទុះឡើងនូវជំងឺអុតស្វា ដែលរហូតមកដល់ពេលនេះរកឃើញនៅក្នុងប្រទេសចំនួន ៧៥ ក្នុង ៥ តំបន់ហើយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីនបានបញ្ជាក់ថា៖ «សម្រាប់កម្ពុជាគឺស្ថិតនៅក្នុងស្ថានភាពដែលយើងត្រូវបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ដូចខ្ញុំធ្លាប់បានលើកឡើងហើយថា ជោគជ័យឬបរាជ័យគឺអាស្រ័យលើការចូលរួមអនុវត្តនូវវិធានការការពារខ្លួនរបស់បុគ្គល ក្រុមគ្រួសារ និងសហគមន៍។ ដូចនេះការរួមគ្នាការពារគឺជាការចាំបាច់នាពេលនេះ»។
កម្ពុជាត្រូវបានរកឃើញមានករណីជំងឺអុតស្វា១ករណីលើកដំបូងដែលជាករណីនាំចូលដោយបុរសជនជាតិនីហ្សេរីយ៉ាដែលបានរត់គេចមកពីប្រទេសថៃ និងត្រូវបានមន្ត្រីមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលបានរកឃើញនាយប់ថ្ងៃទី ២៣ ខែកក្កដា និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ជាមួយគ្នានេះដែរ មនុស្សចំនួន៥នាក់ត្រូវបានរកឃើញដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺជនជាតិនីហ្សេរីយ៉ានេះ ហើយពួកគេត្រូវបានណែនាំឱ្យនៅដាច់ដោយឡែកសម្រាប់តាមដានសុខភាពពួកគេផងដែរ។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា អ្នកជំងឺជនជាតិនីហ្សេរីយ៉ាមកដល់ពេលនេះមានស្ថានភាពធម្មតា និងត្រូវបានយកចិត្តទុកដាក់ថែទាំ ព្យាបាលយ៉ាងហ្មត់ចត់ពីក្រុមគ្រូពេទ្យផងដែរ ខណៈដែលមនុស្ស ៥ នាក់ដែលពាក់ព័ន្ធនោះក៏មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ។ ទោះយ៉ាងណាពួកគេចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគេ និងតាមដានសុខភាពផ្ទាល់ខ្លួនមួយរយៈផងដែរ ដែលអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ នៅរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលពួកគេជាប្រចាំ។
ទាក់ទងនឹងនីតិវិធីច្បាប់ទៅលើអ្នកជំងឺជនជាតិនីហ្សេរីយ៉ានេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា នៅពេលនេះអ្វីដែលក្រសួងផ្តោតសំខាន់គឺលើការថែទាំ ព្យាបាលអ្នកជំងឺរូបនេះឱ្យជាសះស្បើយសិន ហើយសម្រាប់ចំណាត់ការណាមួយមួយនោះគឺធ្វើនៅពេលបន្តបន្ទាប់ទៀត។
លោកស្រីថ្លែងថា៖ «នីតិវិធីថាតើត្រូវធ្វើយ៉ាងណាទៀតនោះ គឺអាស្រ័យលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ប៉ុន្តែពេលនេះសម្រាប់ក្រសួងគឺបន្តផ្តល់ការព្យាបាលរហូតជាសះស្បើយ ហើយនីតិវិធីបន្ទាប់គឺអាស្រ័យលើរដ្ឋបាល និងផ្លូវច្បាប់នៃប្រទេសកម្ពុជា ពិសេសខាងសមត្ថកិច្ចដែលត្រូវធ្វើការចាត់ចែងបន្តបន្ទាប់ទៀត»។
យោងតាមសារព័ត៌មានបាងកកប៉ុស្តកាលពីថ្ងៃទី ២៤ ខែកក្កដា លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈរបស់ថៃ បញ្ជាក់ថា ប្រទេសថៃមិនមានផែនការក្នុងការយកអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាពីកម្ពុជាទៅព្យាបាលនៅប្រទេសលោកវិញទេ។
លោក Anutinបានលើកឡើងថា៖ «វាជាការល្អដែលអ្នកជំងឺនេះព្យាបាលនៅកម្ពុជា ហើយយើងរំពឹងថាស្ថានភាពរបស់គាត់នឹងប្រសើរឡើងវិញ»។
ជំងឺអុតស្វា ឬ Monkeypox គឺជាជំងឺមួយដែលមានលក្ខណៈឆ្លងដែរ ប៉ុន្តែការចម្លងមិនដូចជំងឺកូវីដ ១៩ ឡើយ។ ការឆ្លងជំងឺនេះ តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ដូចជាប៉ះលើសរីរាង្គកាយរបស់អ្នកជំងឺ ប៉ះលើមុខដំបៅ ឬពងទឹក ឬប៉ះពាល់វត្ថុរាវៗ ឬរបស់ប្រើប្រាស់របស់អ្នកជំងឺតែម្តង។
តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក អ្វីដែលគេសង្កេតឃើញថា ក្នុងចំណោមអ្នកដែលឆ្លងចំនួន ១៤ ៥៣៣ នាក់រួចហើយនេះ ភាគច្រើននៃការឆ្លងជំងឺអុតស្វាគឺកើតច្រើនលើបុរសហើយអ្វីដែលគេសង្កេតឃើញទៀតគឺលើអ្នកមានទំនាក់ទំនងផ្លូវភេទបុរសស្រឡាញ់បុរស និងអ្នកដែលរកស៊ីផ្លូវភេទផងដែរ។
រយៈពេលនៃការព្យាបាលជំងឺអុតស្វានេះ ចាប់ពី២ទៅ៣សប្តាហ៍ គឺសម្រាប់អ្នកដែលមានការសង្ស័យនិងពិនិត្យឃើញមានវីរុសអុតស្វានេះ ត្រូវនៅដាច់ដោយឡែករយៈពេល២១ថ្ងៃ និងត្រូវធ្វើការពិនិត្យសំណាកឡើងវិញរហូតលទ្ធផលអវិជ្ជមានទើបអាចសន្និដ្ឋានថា ជាសះស្បើយ។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ជំងឺអុតស្វាមានរោគសញ្ញាដូចជា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំ និងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង និងរួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែង ដែលមានកើតជំងឺអុតស្វា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានណែនាំដល់ប្រជាជនទូទៅពីការការពារការឆ្លងជំងឺនេះ ដោយត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតដោយសម្អាតជាមួយសាប៊ូ ឬជែល អាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។
លោកថា៖ «ត្រូវចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំងការរួមភេទ ជាពិសេសការប៉ះពាល់ស្បែកឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺបានជាសះស្បើយ និងចៀសវាងប៉ះពាល់សម្ភារប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារប្រើប្រាស់ របស់បុគ្គលនេះ ដោយឡែក»។
បុគ្គលសង្ស័យដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងអំឡុងពេលធ្វើការតាមដានសុខភាពរយៈពេល ២១ ថ្ងៃបន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ និងត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារទាំងការចម្អិនអាហារឱ្យបានល្អ៕