ភ្នំពេញៈ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា និងនីហ្សេរីយ៉ា ប្រកាសជំហររួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងថែរក្សាសន្តិភាព រវាងប្រទេសទាំង ២។
លោក Ea Ejodame ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីថ្លែងថា ភាពខ្លាំងរបស់កងទ័ពប្រទេសទាំង ២ កម្ពុជា-នីហ្សេរីយ៉ា អាចសហការគ្នាបាន ដោយផ្អែកលើប្រទេសទាំង ២ មានវិទ្យាស្ថានកងទ័ព មានសាកលវិទ្យាល័យការពារជាតិ និងមានមជ្ឈមណ្ឌលថែរក្សាសន្តិភាពដូចគ្នា ដែលជាការផ្តល់ឱកាសដល់ការចែករំលែកបទពិសោធ និងចំណេះដឹងឱ្យគ្នាបានយ៉ាងច្រើន។
លោកថ្លែងដូច្នេះក្នុងជំនួបជាមួយ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅឯអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រាជធានីភ្នំពេញកាលពីថ្ងៃទី ២៥ ខែកក្កដា ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចជាលើកដំបូងមកកាន់កម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនង និងកិច្ចប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំង ២។
សេចក្តីប្រកាសព័ត៌មានអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានដកស្រង់សម្ដី លោក Ea Ejodame ថា កម្ពុជា និងនីហ្សេរីយ៉ា មានលក្ខណៈស្រដៀងគ្នានៅក្នុងប្រវត្តិសាស្ត្រ ដោយធ្លាប់ទទួលរងនូវសង្គ្រាម។ បច្ចុប្បន្នប្រទេសទាំង ២ បានខិតខំប្រឹងប្រែង «យ៉ាងខ្លាំង» ដើម្បីទទួលបានសន្តិភាព និងកំពុងចែករំលែកបទពិសោធពីការទទួលបានសន្តិភាពនេះទៅដល់បណ្តាកងទ័ពនៅលើពិភពលោក។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពចំពោះការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី Ea Ejodame ក្នុងការស្វែងរកឱកាសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ ដោយនាយឧត្តមសេនីយ៍ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងថែរក្សាសន្តិភាព ប្រទេសទាំង ២»។
លោក វង្ស ពិសេន បានថ្លែងដោយជឿជាក់ថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់លោកEa Ejodame អ្វីៗនឹងដំណើរការល្អប្រសើរ ពិសេសនៅលើការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង ២ ដែលអាចឈានទៅដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយគ្នា។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ ខែកក្កដាថា បញ្ហានេះមានសារៈសំខាន់ដែលប្រទេសទាំង ២ អាចធ្វើការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ពីព្រោះថានីហ្សេរីយ៉ា និងកម្ពុជាអាចចែករំលែកបញ្ហាដែលកើតឡើងទៅវិញទៅមក ជាពិសេសពាក់ព័ន្ធការចូលរួមរបស់កម្លាំងថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិជាដើម។
លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការខ្លះនៅក្នុងករណីចាំបាច់នៅក្នុងការផ្លាស់ប្តូរបទពិសោធ បច្ចេទេស ហើយនិងការជួយបណ្តុះបណ្តាលគ្នាទៅវិញទៅមក ខ្ញុំថាជារឿងចាំបាច់រវាងប្រទេសទាំង ២»។
លោក យង់ គិមអេង បន្តថា៖ «កិច្ចសហប្រតិបត្តិការទូលំទូលាយរបស់យោធាកម្ពុជាជាមួយនឹងយោធាបណ្តាប្រទេសផ្សេងៗទៀតជារឿងមួយសំខាន់ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាបទពិសោធនៅក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាការចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពជាមួយនឹងអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព ហើយក៏អាចធ្វើឱ្យយោធានោះកាន់តែមានការទទួលខុសត្រូវយ៉ាងខ្ពស់ ឬក៏កាន់តែខ្លាំងចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិ»៕