ភ្នំពេញៈ គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ៧៤៤ លានដុល្លារ-អាមេរិក សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលក្នុងនោះមនុស្សជាង ២ លាន ៧ សែននាក់បានទទួលផលពីកម្មវិធីនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះថ្ងៃទី ២៤ ខែកក្កដា បានឱ្យដឹងថា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងជំងឺកូវីដ ១៩ លើកទី ៩ ជុំទី ៣ រដ្ឋបានចំណាយថវិកាចំនួន ៧៤៤,៦០ លានដុល្លារ។ ក្នុងនោះពលរដ្ឋក្រីក្រដែលទទួលបានសាច់ប្រាក់មានចំនួន ៦៨៨ ៨៤១ គ្រួសារ ដែលមានសមាជិកជាង ២ លាន ៧ សែននាក់។
ជាមួយគ្នានេះ សម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភជុំទី ១០ លើកទី ១ នឹងចាប់ផ្តើមពីថ្ងៃទី ២៥ ខែកក្កដា រហូតដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ដែលមានរយៈពេល ៣០ ថ្ងៃ សម្រាប់ការទៅបើកប្រាក់នេះ។
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាធ្លាប់បានលើកឡើងថា សម្រាប់ការឧបត្ថម្ភដល់ជនក្រីក្រត្រូវបានចែកចេញជា ៣ ប្រភេទ គឺជនក្រីក្រនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ ជនក្រីក្រនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ និងជនក្រីក្រនៅជនបទ។ គ្រួសារនីមួយៗនឹងទទួលបានសាច់ប្រាក់ទៅតាមទំហំគ្រួសារ។
លោកបញ្ជាក់ថា៖ «ជាមធ្យមនៅជនបទទទួលបាន ២០ ម៉ឺនរៀល ក្នុង ១ ខែ សម្រាប់ ១ គ្រួសារ។ ចំណែកអ្នកនៅទីក្រុងជាមធ្យម ៨០ ទៅ ១០០ ដុល្លារ។ ការដែលផ្តល់នេះ មិនមែនសុខៗយើងឱ្យសាច់ប្រាក់ខុសគ្នាទេ ផ្តល់នេះផ្អែកលើមូលដ្ឋាននៃការសិក្សាលើប្រាក់ចំណូល។ ការសិក្សានេះមានការចូលរួមពី (ធនាគារពិភពលោក) និង (ធនាគារអភិវឌ្ឍន៍អាស៊ី)»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង អបអរសាទរដល់រាជរដ្ឋាភិបាល ដែលបានបន្តគិតគូរដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩។ លោកថា ការផ្តល់ជំនួយសង្គមពេលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដើម្បីជួយឱ្យពលរដ្ឋមានលទ្ធភាពស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញបន្តិចម្តងៗ។
លោក គិមអេង ថ្លែងថា៖ «ខ្ញុំមានការត្រេកអរ ដែលរដ្ឋាភិបាលនៅបន្តជួយគាត់ ទោះបីកូវីដរាងស្បើយបន្តិចក៏ដោយ ប៉ុន្តែជីវភាពពលរដ្ឋនៅតែមានការលំបាកនៅឡើយ។ អ្នកខ្លះមិនទាន់អាចចាប់ផ្តើមមុខរបរបានច្បាស់លាស់ អ្នកខ្លះចាប់ផ្តើមហើយដួលទៅវិញ ជាពិសេសអ្នករកស៊ីតូចតាច។ អ៊ីចឹង បើរដ្ឋមិនផ្តល់ការឧបត្ថម្ភទេ បញ្ហានេះនឹងប៉ះពាល់ដល់ជីវភាពរស់នៅពលរដ្ឋខ្លាំងណាស់»។
ជាមួយគ្នានេះផងដែរ ក្រសួង-សង្គមកិច្ច ក៏បានស្នើសុំឱ្យអ្នកទទួលផលទាំងអស់ប្រើប្រាស់ថវិកាដែលទទួលបានពីកម្មវិធីឱ្យបានត្រឹមត្រូវ ដោយចៀសវាងការប្រើប្រាស់ក្នុងគោលបំណងបម្រើឱ្យអបាយមុខផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់កិច្ចអន្តរាគមន៍ជំនួយសង្គមជាសាច់ប្រាក់នេះ។ ក្នុងករណីពិនិត្យរកឃើញមានអ្នកទទួលផលប្រើប្រាស់ខុសគោលដៅ ក្រសួងស្នើឱ្យអាជ្ញាធរមូលដ្ឋានធ្វើការអប់រំដល់អ្នកទទួលផលទាំងនោះជាលាយលក្ខណ៍អក្សរ។ បើក្នុងករណីអ្នកទទួលផលទាំងនោះ នៅមិនរាងចាលទេ មេឃុំ-ចៅសង្កាត់ ត្រូវធ្វើការប្រជុំ ពិភាក្សាជាមួយក្រុមប្រឹក្សាក្នុងការធ្វើបច្ចុប្បន្នភាព បណ្ណក្រីក្រនោះឡើងវិញ។
ក្រសួងបញ្ជាក់ថា ក្នុងករណីសាធារណជនពិនិត្យឃើញមានការដាក់បញ្ចាំ ឬទទួលបញ្ចាំបណ្ណសមធម៌នោះ សូមសាធារណជនរាយការណ៍ជូនអ្នកកាន់កម្មវិធីនៅតាមឃុំ-សង្កាត់ ឬនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬមន្ទីរផែនការរាជធានី-ខេត្តនីមួយៗ ឬតាមរយៈប្រព័ន្ធទូរស័ព្ទព័ត៌មាន ទាន់ហេតុការណ៍របស់មូលនិធិជាតិជំនួយសង្គម លេខ (០៩២ /០១៥) ២១៩ ៨៨៨ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងក៏បានក្រើនរំឭកពលរដ្ឋកុំឱ្យចាញ់បោកជនខិលខូចមួយចំនួន ដែលបានដើរឃោសនាបោកប្រាស់ថា ក្នុងករណីប្រជាជនចង់បានបណ្ណក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ តម្រូវឱ្យគ្រួសារក្រីក្រត្រូវបង់ប្រាក់។ ទង្វើខាងលើនេះមិនត្រឹមត្រូវឡើយ ព្រោះការផ្តល់បណ្ណក្រីក្រត្រូវបានធ្វើឡើងតាមនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ ដោយមិនរើសអើងនិន្នាការនយោបាយ និងយកកម្រៃណាមួយឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ហើយគិតរហូតមកដល់បច្ចុប្បន្នបានចំនួន ៩ ជុំ មាន ២៥ លើករួចមកហើយ៕