ការលើកឡើងបែបនេះខណៈអ្នកស្រីកំពុងដឹកនាំក្រុមការងារអង្គការ Helpcode Cambodia ធ្វើសកម្មភាពផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានស្ដីពីវិធីបង្ការហានិភ័យពីការលង់ទឹកដល់កុមារនិងទេសចរនៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុដើម្បីចូលរួមអបអរសាទរខួបលើកទី២នៃទិវាបង្ការការលង់ទឹកពិភពលោក ក្រោមប្រធានបទ «ធ្វើអ្វីមួយដើម្បីជួយសង្គ្រោះជីវិតពីការលង់ទឹក»។
អ្នកស្រី Mary បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រជាជនភាគច្រើននៅក្នុងប្រទេសកម្ពុជាដែលរស់នៅក្នុងបរិស្ថានដែលមានទឹកនៅជុំវិញនោះ ការលង់ទឹកគឺជាគ្រោះថ្នាក់ដែលតែងតែកើតមានឥតឈប់ឈរ ជាពិសេសកុមារតូចៗ។
អ្នកស្រីថ្លែងថា៖ «មនុស្សគ្រប់គ្នាអាចលង់ទឹកគ្រប់ពេលវេលា ប៉ុន្តែគ្មាននរណាម្នាក់បានគិតដល់រឿងនោះទេ។ នេះជាមូលហេតុដែលមនុស្សរាប់សែននាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក»។
បើតាមអ្នកស្រី Mary អង្គការ Helpcode Cambodia បាននិងកំពុងអនុវត្តកម្មវិធីការពារសុវត្ថិភាពទឹក និងការលង់ទឹកតាំងពីឆ្នាំ ២០១៨ ហើយកំពុងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដើម្បីដំណើរការកម្មវិធីរបស់ខ្លួននៅទីនោះ។
អ្នកស្រីបន្តថា នៅចុងឆ្នាំនេះ អង្គការនឹងផ្តល់ការបណ្តុះបណ្តាលសុវត្ថិភាពទឹកនិងជំនួយដំបូងដល់កុមារចំនួន ៣ ០០០ នាក់ និងបង្រៀនកុមារចំនួន ២០០ នាក់ ពីរបៀបហែលទឹកដើម្បីរស់រានមានជីវិតនៅតាមសហគមន៍នានាក្នុងខេត្តព្រះសីហនុ និងខេត្តកំពត។
លោកស្រីបានបញ្ជាក់ថា៖ «អង្គការរបស់យើងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការទប់ស្កាត់ការលង់ទឹក និងដើម្បីរក្សាកុមារកម្ពុជានិងក្រុមគ្រួសាររបស់ពួកគេឱ្យមានសុវត្ថិភាពនិងសប្បាយរីករាយនៅក្នុងនិងជុំវិញទឹក»។
នៅដើមខែកក្កដាកន្លងទៅថ្មីៗនេះនៅកម្ពុជាមានមនុស្សចំនួន ៦ នាក់បានលង់ទឹកស្លាប់ ក្នុងនោះមាន ២ នាក់នៅក្នុងខេត្តសៀមរាប នៅខេត្តព្រះសីហនុម្នាក់ កំពង់ធំម្នាក់ កំពង់ឆ្នាំងម្នាក់ និងម្នាក់ទៀតនៅខេត្តបាត់ដំបង។ កាលពីខែមិថុនា កុមារចំនួន ៦ នាក់បានស្លាប់ដោយលង់ទឹកស្រះ និងទឹកអូរ។
ពាក់ព័ន្ធនឹងការលង់ទឹកនេះ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបតាមដងទន្លេ បឹង ព្រែក និងតំបន់ឆ្នេរសមុទ្របង្កើនការប្រុងប្រយ័ត្ន ខណៈរដូវនេះជារដូវវស្សាដែលមានភ្លៀងធ្លាក់ខ្លាំងនិងអាចមានគ្រោះជំនន់ទឹកភ្លៀងកើតឡើង។
លោកថ្លែងថា៖ «ឪពុកម្ដាយ ត្រូវយកចិត្តទុកដាក់ពីសុវត្ថិភាព សមាជិកក្រុមគ្រួសារ និងកូនៗរបស់ខ្លួន ជាពិសេស កុមារតូចៗ ស្ត្រីមានផ្ទៃពោះ និងចាស់ជរា ដោយណែនាំឱ្យពួកគេនៅឱ្យឆ្ងាយពីទឹក»។
ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ជាពិសេសកងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ដោយប្រើប្រាស់នូវគ្រប់មធ្យោបាយនានា ដើម្បីបង្ការ និងកាត់បន្ថយការស្លាប់ដោយគ្រោះទឹកជំនន់។
ចំណែកលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នាដើម្បីការពារគ្រោះថ្នាក់នានាដូចជាការលង់ទឹកជាដើម។
លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាបន្តយកចិត្តទុកដាក់កម្រិតខ្ពស់តាមដានស្ថានភាពធម្មជាតិដោយយោងទៅលើការព្យាករឧតុនិយមផ្លូវការនិងទិដ្ឋភាពជាក់ស្តែង។ ក្រសួងអប់រំ យុវជន និងកីឡាមានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំដែលបានបន្តកិច្ចសហការដូចឆ្នាំកន្លងមកដែរ ជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សានិងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។
លោកបានបញ្ជាក់ថា៖ «ក្រសួងអប់រំ យុវជននិងកីឡា នៅតែបន្តស្វាគមន៍កិច្ចសហការវិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា ធ្វើយ៉ាងណាបង្ការឱ្យបាននូវគ្រោះថ្នាក់លង់ទឹកដល់សិស្សានុសិស្ស» ។
សូមបញ្ជាក់ថា ទិវាបង្ការការលង់ទឹកពិភពលោកគឺជាព្រឹត្តិការណ៍តស៊ូមតិជាសកលមួយដែលត្រូវបានគេរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៥ខែកក្កដាដើម្បីបង្ហាញពីផលប៉ះពាល់ដ៏សោកនាដកម្មនៃការលង់ទឹកលើគ្រួសារនិងសហគមន៍និងផ្តល់នូវដំណោះស្រាយសម្រាប់ការបង្ការហានិភ័យនៃការលង់ទឹក ហើយត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការកាលពីខែមេសាឆ្នាំ ២០២១។
សម្រាប់ឆ្នាំនេះ អង្គការសុខភាពពិភពលោកបានបញ្ចេញរបាយការណ៍របស់ខ្លួនដោយប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ២៣៦ ០០០ នាក់ បានស្លាប់ដោយការលង់ទឹក ហើយថា វាគឺជាមូលហេតុចម្បងមួយនៃការស្លាប់របស់កុមារនិងមនុស្សពេញវ័យដែលមានអាយុពី ១ ឆ្នាំ ដល់ ២៤ ឆ្នាំ នៅទូទាំងពិភពលោក។
អង្គការសុខភាពពិភពលោកបញ្ជាក់បន្ថែមថា ជាង ៩០ ភាគរយនៃការស្លាប់ដោយលង់ទឹកបានកើតមាននៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យម។ ក្នុងនោះប្រទេសកម្ពុជា មានអ្នកស្លាប់ដោយលង់ទឹករហូតដល់ ១ ១១៣ នាក់ ឬស្មើ ១,២៤ ភាគរយនៃចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសកម្ពុជា។
តួលេខនេះបានធ្វើឱ្យប្រទេសកម្ពុជា ជាប់ក្នុងចំណាត់លេខរៀងទី១២ នៃប្រទេសដែលមានអ្នកស្លាប់ដោយការលង់ទឹកច្រើនជាងគេក្នុងពិភពលោក។
អង្គការសុខភាពពិភពលោកបានកត់សម្គាល់ថា៖ «ការស្លាប់ទាំងនេះជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស ដូចជាការងូតទឹក ការប្រមូលទឹកសម្រាប់ប្រើប្រាស់ក្នុងស្រុក ការធ្វើដំណើរលើទឹក តាមទូកឬស្រឡាង និងការនេសាទជាដើម។ ផលប៉ះពាល់នៃព្រឹត្តិការណ៍អាកាសធាតុតាមរដូវកាល រួមទាំងខ្យល់មូសុង ក៏ជាមូលហេតុញឹកញាប់នៃការលង់ទឹកផងដែរ»។
ថ្វីបើយ៉ាងដូច្នេះក្ដី អង្គការសុខភាពពិភពលោកបានលើកឡើងថាភាគច្រើននៃការស្លាប់ទាំងនេះគឺអាចការពារបានតាមរយៈការផ្ដល់ដំណោះស្រាយដោយផ្អែកលើការវាយតម្លៃនៃស្ថានភាពជាក់ស្ដែង ដូចជាការដំឡើងរបាំងការពារការចូលប្រើប្រាស់ទឹក។ ការផ្តល់កន្លែងសុវត្ថិភាពនៅឆ្ងាយពីទឹកសម្រាប់កុមារមត្តេយ្យសិក្សា ដើម្បីទទួលបានមេរៀនហែលទឹកនិងបច្ចេកទេសសង្គ្រោះប្រកបដោយសុវត្ថិភាព។
ការកំណត់អត្តសញ្ញាណ និងការអនុវត្តដំណោះស្រាយការជិះទូកប្រកបដោយសុវត្ថិភាព និងការកែលម្អប្រព័ន្ធគ្រប់គ្រងហានិភ័យទឹកជំនន់ក៏ជាមធ្យោបាយដ៏ល្អក្នុងការបញ្ចៀសនូវបញ្ហាស្លាប់ដោយការលង់ទឹកផងដែរ៕