ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ស្នើឱ្យ​ប្រជាពលរដ្ឋ ​រស់នៅ​ក្នុង​បុរី​មួយចំនួន ​ក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា​ទូរស័ព្ទ ត្រូវ​បញ្ឈប់ និង​រុះ​រើចេញ បន្ទាប់ពី​រកឃើញថា ការប្រើប្រាស់​ឧបករណ៍​នេះ​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​កម្រិត​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត​ក្នុង​តំបន់​នោះ​។​

​វិធានការ​នេះ ​ធ្វើឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​បុរី ក្នុង​រាជធានី​ភ្នំពេញ រអ៊ូរទាំ​រឿង​មិនមាន​សេវា​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ​នៅ​តំបន់​ពួកគេ​រស់នៅ ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​ការប្រាស្រ័យ​ទំនាក់ទំនង​សង្គម ជាពិសេស​​ប៉ះពាល់​ដល់​ការធ្វើការ​ងារជាដើម​។​

​សេចក្តីជូនដំណឹង ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ចុះ​ថ្ងៃទី ​២៦ ខែកក្កដា លើកឡើងថា តាមរយៈ​ការចុះ​ត្រួតពិនិត្យ​ហ្វ្រេ​កង់​វិទ្យុ និង​ធ្វើ​ការវាស់ស្ទង់​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត​ក្នុង​បរិវេណ​បុរី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​រកឃើញថា ការប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា (Signal Booster/Repeater) បាន​បង្ក​ការឆ្លង​រំខាន និង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​កម្រិត​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត​នៅ​តំបន់​នោះ​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ដូចនេះ ក​.​ប​.​ទ​. សូម​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា ធ្វើការ​រុះរើ ដកចេញ និង​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​ទាំងនេះ ដោយ​ខ្លួនឯង​នៅតាម​ផ្ទះ​របស់ខ្លួន​។

​ក​.​ប​.​ទ​. ក៏​សូម​ស្នើ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បញ្ឈប់​ការនាំ​ចូល​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា​គ្រប់​ប្រភេទ ដែល​ពុំមាន​ការទទួលស្គាល់​ពី​និយត​ករ​ទូរគមនាគមន៍​កម្ពុជា​ជាបន្ទាន់ ចៀសវាង​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​។​

​ក​.​ប​.​ទ​. បញ្ជាក់ដែរថា យោងតាម​មាត្រា​ ៨៤ នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍ បាន​ចែងថា “​ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬ​ការកែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញ​ទូរគមនាគមន៍ ឬ​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍ ដើម្បី​បង្ក​ការ​កាត់ផ្តាច់ ការរំខាន ឬ​ការជ្រៀតជ្រែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ឬ​បង្ក​ការប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ​ឆ្នាំ ទៅ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ ​លាន​រៀល ទៅ ១០ ​រៀល​”​។​

​ជាមួយគ្នានេះ ក​.​ប​.​ទ​. បាននិងកំពុង​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ផ្លាស់ប្តូ​រគ្រឿង​សម្ភារ​បរិក្ខារ និង​បច្ចេកវិទ្យា ព្រមទាំង​សាងសង់​ស្ថានីយ​អង់​តែ​ន​បន្ថែម ដើម្បី​ពង្រីក​វិសាលភាព​គ្របដណ្តប់ និង​ពង្រឹងគុណភាព នៃ​សេវា​ផងដែរ​។ ពលរដ្ឋ​ម្នាក់​រស់នៅក្នុង​បុរី ​១ នៅ​សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ លោក​ ចាន់ គ្រឹ​ស្នា សាទរ​ចំពោះ​សេចក្តីជូនដំណឹង​របស់​ក្រសួង ក្នុង​គោលបំណង​ធានា​ការពារ​ការរំខាន​នេះ ប៉ុន្តែ​លោក​ថា ក្រសួងគប្បី​ពង្រឹងគុណភាព​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

​លោក​ថ្លែងថា​៖ «​ដោយសារតែ​សេវា​ទូរស័ព្ទ​ចល័ត​មួយចំនួន មិន​ដំណើរការ និង​ដំណើរការ​ខ្សោយ ម្ល៉ោះហើយ​ទើប​ពលរដ្ឋ​ខ្លះ គាត់​ភ្ជាប់​ឧបករណ៍​បង្កើត​កម្លាំង​សេវា ដែល​ការធ្វើ​បែបនេះ នាំឱ្យ​ទូរស័ព្ទ​អ្នក​មិនបាន​ភ្ជាប់​នោះ កាន់តែ​ខ្សោយ ឬ​មិន​ដំណើរការ​តែម្តង​។ អ៊ីចឹងខ្ញុំ​មិន​បន្ទោស​ភាគី​ខាង​ណា​នោះទេ តែ​សង្ឃឹមថា ក្រុមហ៊ុនទូរស័ព្ទ​ចល័ត អាច​ពង្រឹងគុណភាពរ​បស់​ខ្លួន ពិសេស​ក្នុង​បរិបទ​កូ​វីដ​នេះ ការទំនាក់ទំនង​តាម​ទូរស័ព្ទ និង​តាម​អន​ឡាញ​ជា​រឿង​សំខាន់ ដែល​អាជ្ញាធរ គប្បី​ធានា​ដល់​ប្រជាពលរដ្ឋ​ទូទៅ​»​។​

​ពលរដ្ឋ​ម្នាក់ទៀត លោក​ អ៊ុក សុភា រស់នៅ​បុរី​កួស្រូវ​ ២ ខណ្ឌដង្កោ រាជធានី​ភ្នំពេញបាន​ថ្លែងថា ព្រោះតែ​គ្មាន​សេវា​ហ្នឹងហើយ​បានជា​ខំ​ចំណាយលុយ​ទិញ​ឧបករណ៍​ចាប់​សេវា​ ដើម្បី​មាន​សេវា​អាច​ទូរស័ព្ទ​ចេញចូល និង​ប្រើ​​អ៊ីន​​ធឺ​ណិ​ត​បាន​។ ក្នុងករណីនេះ លោក​ស្នើ​ទៅ​ក្រសួង គួរ​មាន​វិធានការ​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ធានា​ដល់​ការប្រើប្រាស់​របស់​ពលរ​ដ្ឋ​ប្រកបដោយ​និរន្តរភាព​។

​លោក​និយាយថា​៖ «តើ​ក្រសួង​បាន​សិក្សា​ច្បាស់លាស់​ពាក់ព័ន្ធ​រឿងនេះ​ទេ បើ​តម្រូវឱ្យ​ដោះ​ឧបករណ៍​ចេញ​ម៉ោង​នេះ​ពេលនេះ តើ​អាច​តេ​ចេញ តេ​ចូល​ទំនាក់ទំនង​ក្នុងសង្គម​បាន​ដោយ​របៀប​ណា​? បើ​ក្រសួង​ជំរុញ​ក្រុមហ៊ុន​ឱ្យ​ពង្រីក​សេវា​បានល្អ​ក្នុង​តំបន់​ណា ខណ្ឌ​ណា សង្កាត់​ណា ចាំ​ប្រកាស​ឱ្យ​ដោះចេញ​ទាំងអស់គ្នា​តែម្ដងទៅ ហើយ​ត្រូវ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ ឬ​អ្នកប្រើប្រាស់​ផង​ថា នឹងមាន​សេវា​គ្រប់គ្រាន់​មិនឱ្យ​ខកបំណង​»​។​

​ពាក់ព័ន្ធ​នឹង​សេវា​ទូរស័ព្ទ​នេះដែរ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃទី ​១៤ ខែកក្កដា ឱ្យដឹងថា ក្រសួង គ្រោង​សាងសង់​ស្ថានីយ​អង់​តែ​ន​ចំនួន ១០០​ បន្ថែមទៀត ដោយ​ប្រើប្រាស់​ថវិកា​របស់​មូល​និ​ធិ​កាតព្វកិច្ច​សេវា​សកល ​ព្រមទាំង​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ​ក្រសួង​បរិស្ថាន ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដើម្បី​ពង្រឹងគុណភាព​សេវា​ដល់​គោលដៅ​ទេសចរណ៍​អាទិភាព​និង​តំបន់​ទេសចរណ៍​ដាច់ស្រយាល​។​

​គម្រោង​សាងសង់​នេះ​ធ្វើឡើង​ប៉ុន្មាន​ម៉ោង ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍ ​ផែនការ ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ កាលពី​ថ្ងៃទី​ ១៤ ខែ កក្កដា ឆ្នាំ​ ២០២២ ថា រាល់​កម្មវិធី​នានា លោក​តែងតែ​ប្រើ​ទូរស័ព្ទដៃ ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផ្កាយរណប ជំនួស​ឱ្យ​ការប្រើប្រាស់ Wifi ដោយសារតែ​សេវា​អ៊ីនធឺណិត Wifi យឺត​ពេក មិនអាច​ប្រើប្រាស់​បាន និង​ស្នើឱ្យ​ក្រុមហ៊ុន​នានា​ពង្រឹង​សេវា​អ៊ីនធឺណិត​ឡើងវិញ​។

​លោក​ថ្លែងថា​៖ «​សូម​ក្រុមហ៊ុន​នានា និង​វិស័យ​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​សេវា​ទូរស័ព្ទ អ៊ីនធឺណិត​។ សេវា​ត្រូវតែ​ពង្រឹង តាម​តំបន់​ទេសចរណ៍ ក្នុង​ក្រុង និង​តាម​ជនបទ ព្រោះ​គេ​ត្រូវ​ទាក់ទង​ធ្វើ​ការងារ គេ​ដើរលេង​ផង​ធ្វើការ​ផង​»៕

វីដេអូ៖