រតនគិរីៈ ចក្រភពអង់គ្លេសផ្ដល់មូលនិធិជិត ៦០ ម៉ឺនដុល្លារអាមេរិក គាំទ្រដល់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) តាមរយៈគម្រោង «ការពង្រឹងជីវភាពនិងការគ្រប់គ្រងការអភិរក្សនៅក្នុងឧទ្យានជាតិវីរជ័យ» ដើម្បីជួយដល់ការអភិរក្សជីវសាស្ត្រដ៏សំខាន់ៗនេះក្នុងតំបន់ និងជួយពង្រឹងសហគមន៍ជនជាតិដើមភាគតិច និងគាំទ្រលើកកម្ពស់ជីវភាពប្រកបដោយនិរន្តរភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២ បានឱ្យដឹងថា លោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃ (ថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកក្កដា) នៅខេត្តរតនគិរី ដើម្បីទស្សនាគម្រោងដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស និងជួបជាមួយមន្ត្រីរដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាល និងបានបន្តធ្វើដំណើរទៅទស្សនាក្នុងឧទ្យានជាតិវីរជ័យ។
អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) បានទទួលមូលនិធិជិត ៦០ ម៉ឺនដុល្លារអាមេរិក (៤៩៧ ០០០ ផោន) ពី The Darwin Initiative ដើម្បីអនុវត្តគម្រោងរយៈពេល ៣ ឆ្នាំ ដែលមានឈ្មោះថា «ការពង្រឹងជីវភាព និងការគ្រប់គ្រងការអភិរក្សនៅក្នុងឧទ្យានជាតិវីរជ័យ»។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន។
ប្រភពដដែលឱ្យដឹងថាគម្រោងនេះនឹងរៀបចំការកំណត់បែងចែកតំបន់ក្នុងតំបន់ឧទ្យានជាតិវីរជ័យ និងផែនការគ្រប់គ្រងសហគមន៍ ដើម្បីជួយដល់ការអភិរក្សជីវសាស្ត្រដ៏សំខាន់ៗនេះក្នុងតំបន់ និងជួយពង្រឹងសហគមន៍ជនជាតិដើមភាគតិច និងគាំទ្រលើកកម្ពស់ជីវភាពប្រកបដោយនិរន្តរភាព។
លោក Marc Thayre ថ្លែងថា៖ «ការការពារជីវចម្រុះគឺជាអាទិភាពចម្បងសម្រាប់ចក្រភពអង់គ្លេស ហើយខ្ញុំរីករាយដែលយើងអាចគាំទ្រទៅដល់ឧទ្យានជាតិវីរជ័យជាមួយអ្នកអនុវត្តគម្រោងរបស់យើងគឺអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ។ សហគមន៍ត្រូវតែទទួលបានការផ្តល់សិទ្ធិអំណាច និងលើកទឹកចិត្តដើម្បីចូលរួមការពារប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រដល់ជីវភាពរបស់ពួកគេ»។
លោកក៏បានជួបពិភាក្សាការងារនៅក្រុងបានលុងជាមួយអភិបាលខេត្តស្តីទីនៃខេត្តរតនគិរី មន្ដ្រីនៃមន្ទីរបរិស្ថានខេត្ត និងមន្ទីរអប់រំខេត្តផងដែរ។ កិច្ចពិភាក្សាបានផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងចក្រភពអង់គ្លេស និងខេត្តរតនគិរី ដើម្បីបន្តការគាំទ្ររបស់អង់គ្លេសក្នុងតំបន់។
ក្រៅពីនោះលោក Marc Thayre បានទៅទស្សនាសហគមន៍កុកឡាក់ ដើម្បីជួបពលរដ្ឋក្នុងតំបន់ និងស្វែងយល់អំពីជីវភាពរស់នៅ គ្រួសារគំរូរបស់អង្គការ FFI ដែលកំពុងតែគាំទ្រដល់ការងាររបស់ពួកគេនៅក្នុងឧទ្យានជាតិវីរជ័យ។ ស្វែងយល់ពីការប្រមូលផលផ្លែសំរងដោយនិរន្តរភាព និងទៅទស្សនកិច្ចសាលារៀនដែលកំពុងអនុវត្តកម្មវិធីមេត្រីភាពបរិស្ថាន និងពិភាក្សាជាមួយកសិករដែលកំពុងសាកល្បងគម្រោងកសិរុក្ខកម្មផងដែរ។
លោក បាប្លូ ស៊ីណូផាស តំណាងអង្គការ FFI ថ្លែងថា ឧទ្យានជាតិវីរជ័យដែលតំណាងឱ្យផ្នែកមួយនៃប្រទេសកម្ពុជាសម្បូរជីវចម្រុះនៃជួរភ្នំ Annamites ដែលជាកន្លែងចុងក្រោយ សម្រាប់ប្រភេទសត្វកម្របំផុតរបស់កម្ពុជាដូចជា ទោចថ្ពាល់លឿងភាគខាងជើង និងសត្វឈ្លូសយក្សដែលជិតផុតពូជ។
លោកថា៖ «យើងកំពុងផ្តោតសំខាន់លើគោលការណ៍សម្រាប់អភិរក្សរយៈពេលវែងនៃតំបន់ទេសភាពឆ្លងព្រំដែនដ៏សំខាន់នេះដែលប្រឈមមុខនឹងការកើនឡើងសម្ពាធផ្សេងៗ»។
លោកបានឱ្យដឹងថា អង្គការ FFI បានចាប់ផ្ដើមអនុវត្ដគម្រោងរបស់ខ្លួនក្នុងឧទ្យានជាតិវីរជ័យតាំងពីឆ្នាំ ២០០៨ ហើយគម្រោងបច្ចុប្បន្ន គឺកំពុងផ្តោតលើការការពារជីវសាស្ត្រសំខាន់ៗ និងព្រៃតំបន់ត្រូពិកដែលកំពុងរងការគំរាមកំហែងនៅកម្ពុជា។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ដរតនគិរីបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់តំណាងស្ថានទូតចក្រភពអង់គ្លេសនេះ លោកបានបង្ហាញការសប្បាយចិត្ដចំពោះការអនុវត្ដគម្រោង និងការបង្កើនជីវភាពដល់សហគមន៍នៅមូលដ្ឋាន។
លោកថា៖ «ខាងស្ថានទូតចាប់អារម្មណ៍ច្រើនលើការអភិរក្សជីវចម្រុះនៅក្នុងតំបន់ឧទ្យានជាតិវីរជ័យ និងតំបន់អភិរក្សផ្សេងៗ...»។
បើតាម លោក ខេមរិន្ទ ឧទ្យានជាតិវីរជ័យមានសក្តានុពលច្រើនផ្នែកទេសចរណ៍ធម្មជាតិដែលសម្បូរសត្វព្រៃ និងសម្រស់ធម្មជាតិ។ លោកបានឱ្យដឹងថា ឧទ្យានជាតិវីរជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែងដែលមានផ្ទៃដីទំហំ ៣៣២ ៥០០ ហិកតា៕