សៀមរាបៈ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ប៉ែន ផលគុណ បញ្ជាក់​ឱ្យ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ ៨ ​ខែ ដែល​មាន​រោគសញ្ញា​ចេញ​ពងទឹក​នៅលើ​ដើមទ្រូង និង​ដៃ​នោះ មិនមែន​ជា​ជំងឺ​អុតស្វា​ទេ ប៉ុន្តែ​វា​ជា​ជំងឺ​អុតស្វាយ ហើយ​មកដល់​ពេល​នេះ អ្នកជំងឺ​រូបនេះ មាន​ស្ថានភាព​ល្អប្រសើរ​ច្រើន​ហើយ​។

លោក ប៉ែន ផលគុណ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៧ ខែកក្កដា​ថា៖ «​ស្ថានភាព​របស់​ស្រី្ត​មាន​ផ្ទៃពោះ​រូបនេះ​បាន​ធូរស្រាល​ច្រើន​ហើយ ហើយ​គាត់​មាន​ជំងឺ​អុតស្វាយ​ដែលមាន​ពងទឹក​ថ្លាៗ ខុស​ពី​ជំងឺ​អុតស្វា​»​។

ទាក់ទង​នឹង​ករណី​ស្ត្រី​រូបនេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ធ្វើការ​ច្រានចោល​ទាំងស្រុង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​បាន​លើកឡើង​ថា ស្ត្រី​មាន​ផ្ទៃពោះ​ ៨​ ខែ​ ១​ រូប​នៅ​ខេត្ត​សៀមរាប​មាន​កើត​ជំងឺ​អុតស្វា បន្ទាប់ពី​ស្ត្រី​រូបនេះ​មាន​រោគសញ្ញា​ចេញ​ពងទឹក​នៅលើ​ដើមទ្រូង និង​ដៃ ដែល​ស្រដៀង​ទៅនឹង​ជំងឺ​អុតស្វា​។

លោក ម៉ម ប៊ុនហេង បញ្ជាក់​ដូចនេះ តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៧ កក្កដា ដោយ​លោក​បាន​លើកឡើង​ថា មន្ទីរពេទ្យ​ខេត្ត​សៀមរាប​បាន​ទទួល​អ្នកជំងឺ​ម្នាក់​ដែល​ជា​ស្ត្រី​មាន​ផ្ទៃពោះ ៨ ​ខែ អាយុ ២៣ ​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​ស្ត្រី​រូបនេះ​មាន​រោគសញ្ញា​ចេញ​ពងទឹក​នៅ​លើ​ដើមទ្រូង និង​ដៃ ដែល​ត្រូវ​ស្វាមី​នាំ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​កាលពី​ថ្ងៃទី​ ២៥ ខែកក្កដា​។

លោក​បន្តថា​៖ «​ក្រុមគ្រូពេទ្យ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឆ្លើយតប​បន្ទាន់​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​ចុះ​ទៅ​សាកសួរ​ពិនិត្យ​ស្ថានភាព​អ្នកជំងឺ​ផ្ទាល់ និង​បាន​យក​វត្ថុ​សំណាក​របស់​អ្នកជំងឺ​កាលពី​ថ្ងៃទី​ ២៦ ​កក្កដា ពិនិត្យ​វិភាគ​នៅ​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​កម្ពុជា និង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​វីរុស​អុតស្វា​»​។

តាម​ការបញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែកក្កដា កម្ពុជា​មិនទាន់​មាន​ករណី​ជំងឺ​អុតស្វា​នៅក្នុង​សហគមន៍​នៅឡើយ​ទេ គឺ​មាន​តែ​ករណី​នាំចូល​ដែលជា​បុរស​ជនជាតិ​នីហ្សេរីយ៉ា​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូវៀត​។

ទាក់ទង​នឹង​ស្ថានភាព​របស់​អ្នកជំងឺ​ជនជាតិ​នីហ្សេរីយ៉ា លោក ម៉ម ប៊ុនហេង បាន​ឱ្យដឹង​ដែរ​ថា អ្នកជំងឺ​នេះ​មាន​សុខភាព​ល្អ​ធម្មតា ហើយ​អាច​នឹង​ជាសះស្បើយ​ក្នុង​ពេល​ឆាប់ៗ ដោយសារ​ក្រុមគ្រូពេទ្យ​បាន​យកចិត្ត​ទុកដាក់ ពិនិត្យ​ព្យាបាល​យ៉ាង​ល្អ​។ លោក​ក៏បាន​បន្តធ្វើ​ការអំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំងឺ​អុតស្វា​នេះ ទោះ​មាន​ ១​ ករណី​ដែលជា​ករណី​នាំចូល​ក៏ដោយ ប៉ុន្ដែ​បើ​មិនមាន​ការពិនិត្យ​តាមដាន​ឱ្យបាន​ហ្មត់ចត់ វា​នឹង​អាច​ឆ្លង​ចូល​សហគមន៍​បាន​។

រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​មាន​ដូចជា ចេញ​កន្ទួល​រមាស់​បែប​ពងទឹក​នៅលើ​ដងខ្លួន បាតដៃ បាតជើង និង​ផ្ទៃមុខ អមដោយ​រោគសញ្ញា​ក្តៅខ្លួន​លើសពី ៣៨,៥ អង្សាសេ និង​មាន​ឈឺក្បាល ហើម​កូនកណ្តុរ ឈឺ​សាច់ដុំ និង​ខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំង​ខ្លាំង និង​រួម​ជាមួយ​នឹង​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​កន្លែង ដែល​មាន​កើត​ជំងឺ​អុតស្វា​។

ចំណែក​វិធានការ​ការពារ​ការឆ្លង​ជំងឺ​នេះ គឺ​ត្រូវ​អនុវត្ត​អនាម័យ​ខ្លួនប្រាណ និង​រស់នៅ​ស្អាត ដោយ​ធ្វើ​អនាម័យ​ដៃ​ស្អាត​ដោយ​សម្អាត​ជាមួយ​សាប៊ូ ឬ​ជែល​អាល់កុល ដោយ​ត្រូវ​ចៀសវាង​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នក​ដែលមាន​ជំងឺ​នេះ ឬ​បុគ្គល​ដែល​សង្ស័យ រួមទាំង​ការរួម​ភេទ ជាពិសេស​ការប៉ះពាល់​ស្បែក​ ឬ​កន្លែង​ដែលមាន​ចេញ​ពងទឹក​បែក និង​ត្រូវ​ចៀសវាង​ប៉ះពាល់​សម្ភារ​ប្រើប្រាស់​របស់​អ្នកជំងឺ ឬ​បុគ្គល​ដែល​សង្ស័យ ដូចជា​សម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវ​ទឹក ជាដើម ហើយ​ត្រូវ​បោកគក់ ឬ​លាង​សម្អាត​ឱ្យបាន​ត្រឹមត្រូវ​នូវ​សម្ភារ​ប្រើប្រាស់​របស់​បុគ្គល​នេះ​ដោយឡែក​៕