ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ៥ ខែសីហា នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់នាល្ងាចថ្ងៃទី ២៨ ខែកក្កដាថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ហើយនឹងទទួលការចូលជួបសម្តែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការអាស៊ាន»។
កិច្ចប្រជុំ AMM លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមានកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនារបស់អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក៣ លើកទី២៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់, កាតា និងអារ៉ាប់រួមអេមីរ៉ាត់។
រដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ ២០២១ ផងដែរ។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួន៣ដាច់ដោយឡែកពីគ្នា រវាងកម្ពុជានិងលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួន៣ រួមមាន ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វ៊ីស»។
ក្រៅពីប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងប្រទេសទាំង ៦ ដែលចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និង (TAC) ប្រទេសចំនួន ៤ ផ្សេងទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ ២០២២ រួមមានប្រទេសប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMM លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រំពឹងថា នឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយនឹងសមភាគីបរទេសរបស់លោក៕