កំពង់ធំៈ អាជ្ញាធរជាតិសំបូរព្រៃគុកសហការជាមួយមហាវិទ្យាល័យធនធានរ៉ែ និងភូគព្ភសាស្ត្រនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគេស្គាល់ថា សាលាតិចណូ (Techno) បានធ្វើការសិក្សាតាមបែបវិទ្យាសាស្ត្រ (Petrography) ទៅលើសម្ភារស្ថាបត្យកម្ម និងបុរាណវត្ថុនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុករយៈពេល ៤ ថ្ងៃ ពីថ្ងៃទី ២៦-២៩ ខែកក្កដា។
អាជ្ញាធរជាតិសំបូរព្រៃគុកបានឱ្យដឹងថា៖ «ការសិក្សានេះអនុវត្តផ្ទាល់តាមប្រាសាទ និងរុករកប្រភពទីតាំងថ្ម និងវត្ថុធាតុដើមសម្រាប់ផលិតឥដ្ឋនាសម័យបុរាណ ដើម្បីលើកកម្ពស់ចំណេះដឹង និងអភិវឌ្ឍធនធានមនុស្សក្នុងកិច្ចការអភិរក្សសំណង់ស្ថាបត្យកម្មបុរាណ»។
អាជ្ញាធរជាតិសំបូរព្រៃគុកបានឱ្យដឹងតាមរយៈហ្វេសប៊ុកនាថ្ងៃទី ២៩ ខែកក្កដា ថា ការសិក្សានេះបានវិភាគទៅលើឥដ្ឋ ថ្មភក់ ថ្មបាយក្រៀម ថ្មស៊ីស ថ្មកំបោរ និងបំណែកបាយអរនៃក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទរបងរមាស ប្រាសាទខ្នាចទោល និងការដ្ឋានយកថ្មបាយក្រៀមសម័យបុរាណ។
ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ឧបករណ៍វិភាគ ២ ប្រភេទគឺ Magnetic Suscebility KT-10 Meter ដែលជាឧបករណ៍វិភាគម៉ាញ៉េទិចរបស់ថ្ម និង Hand-held X-ray Fluorescence ដែលជាឧបករណ៍វិភាគប្រើកាំរស្មីអ៊ិចរ៉េហ្លុយអរេសិន សម្រាប់វិភាគធាតុផ្សំផ្សេងៗ ដូចជា ភាគរយស៊ីលីកា ដែក អាលុយមីញ៉ូមជាដើម។
ប្រភពដដែលបញ្ជាក់ថា បន្ទាប់មកក្រុមអ្នកស្រាវជ្រាវបានជ្រើសរើសនូវគំរូសំណាកថ្ម និងឥដ្ឋចាំបាច់មួយចំនួនសម្រាប់សិក្សាបន្តនៅមន្ទីរពិសោធន៍របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕