ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌចំនួន ៩ រូប និងអភិបាលរងរាជធានីចំនួន ៣ រូបដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០២២ គឺបានសម្រេចតែងតាំងលោក ឃ្លាំង ហួត ជាជំនួយការផ្ទាល់លោក ហ៊ុន សែន អតីតអភិបាលខណ្ឌជ្រោយចង្វារ លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ និងលោក ហ៊ុន សុរិទ្ធី អគ្គនាយករងអន្តោប្រវេសន៍ជាអភិបាលរងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌក្នុងរាជធានីភ្នំពេញចំនួន ៩ រូបក្នុងនោះ ផ្ទេរភារកិច្ច ១- លោក ពេជ កែវមុនី ពីអភិបាលខណ្ឌមានជ័យឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។ ២- លោក ហែម ដារិទ្ធិ ពីអភិបាលខណ្ឌពោធិ៍សែនជ័យទៅជាអភិបាលខណ្ឌមានជ័យ។ ៣- លោក ធីម សំអាន ពីអភិបាលខណ្ឌបឹងកេងកងទៅជាអភិបាលខណ្ឌព្រែកព្នៅ។ ៤- លោក សុខ សម្បត្តិ ពីអភិបាលខណ្ឌព្រែកព្នៅទៅជាអភិបាលខណ្ឌបឹងកេងកង។ ៥- លោក លឹម សុភា ពីអភិបាលខណ្ឌ ៧មករា ទៅជាអភិបាលខណ្ឌជ្រោយចង្វារ។ ៦- លោក ថេង សុថុល ពី អភិបាលខណ្ឌចំការមន ទៅ ជា អភិបាលខណ្ឌ៧មករា។ ៧- លោក សក់ ច័នកញ្ញារិទ្ធ ពីអភិបាលរងខណ្ឌសែនសុខ ទៅជាអភិបាលខណ្ឌពោធិ៍សែនជ័យ។ ៨- លោក កៀង ល័ក្ស ពីអភិបាលរងខណ្ឌ៧មករា ទៅជាអភិបាលខណ្ឌចំការមន និងទី ៩- លោក ជា ខេមា ពីអភិបាលរងខណ្ឌព្រែកព្នៅ ទៅជាអភិបាលខណ្ឌដូនពេញ។
កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក ឈួ សុធា ពីអភិបាលរងខេត្តតាកែវ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ និងតែងតាំងលោក យង់ សុវឌ្ឍនា ជាអភិបាលរងខេត្តតាកែវផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ខែកក្កដា ថា ការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនេះ មិនប៉ះពាល់ដំណើរការការងារបម្រើសេវាកម្មសាធារណៈជូនប្រជាពលរដ្ឋនោះទេ ព្រោះការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនេះគឺដើម្បីបម្រើសេវារដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀតនៅតាមបណ្តារាជធានី ខេត្ត។
មួយទៀត ចំពោះការផ្លាស់ប្តូរតួនាទី ក៏មិនមែនអ្នកដែលកាន់តួនាទីមុននឹងធ្វើការមិនបានល្អនោះដែរ បើពិនិត្យមើល និងវាយតម្លៃទៅលើការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ កន្លងមកនេះដែលបង្ហាញថា ប្រជាពលរដ្ឋនៅតែមានការគាំទ្រចំពោះការបម្រើសេវាកម្មសាធារណៈជូនពួកគេដដែល។
លោក ផៃ ស៊ីផាន បានថ្លែងថា៖ «មិនមែនអ្នកដែលដូរចេញ អសមត្ថភាព ក្នុងការបម្រើការងារសេវាកម្មសាធារណៈនោះទេគឺដើម្បីប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈ»។
លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជា (IT) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ខែកក្កដាថា ការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ថ្នាក់ដឹកនាំរាជធានី-ខេត្តនៅពេលនេះ មិនជាសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសគឺការកាត់បន្ថយអំពើពុករលួយក្នុងការផ្តល់សេវាសាធារណៈនានា។
លោកបន្តថា មួយវិញទៀត គឺការដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធលូកុំឱ្យលិចទឹក បញ្ហាកកស្ទះចរាចរណ៍ បញ្ហាសំរាម បញ្ហាសន្តិសុខ បញ្ហាទឹក និងភ្លើងជាដើមឱ្យបានទាន់ពេលវេលា ព្រោះកិច្ចការងារនេះ គឺអ្វីដែលប្រជាពលរដ្ឋនៅមូលដ្ឋានចង់បានបំផុត។
លោកថ្លែងថា៖ «ការផ្លាស់ប្តូរក្បាលម៉ាស៊ីនថ្នាក់ដឹកនាំមិនសំខាន់ទេ ប៉ុន្តែសំខាន់គឺការធានានូវការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងសន្តិសុខ ជាពិសេសត្រូវធ្វើយ៉ាងណាឱ្យក្រុងមានសោភ័ណភាព ដើម្បីឱ្យពលរដ្ឋរស់នៅបានប្រកបដោយភាពថ្លៃថ្នូរ»។
ជាមួយគ្នានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៧ ខែ កក្កដា ២០២២ បានចេញព្រះរាជក្រឹត្យតែងតាំង លោក គីម រិទ្ធី អតីតអភិបាលរងខេត្តកណ្តាល និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលជាកូនប្រុសរបស់លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យធ្វើជាអភិបាលខេត្តព្រះវិហារជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវចូលនិវត្តន៍៕