ភ្នំពេញៈ លោក ស៊ឹម វីរៈ អគ្គនាយកអាស៊ាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីថ្ងៃទី ៣១ ខែកក្កដា បានបន្តដឹកនាំកិច្ចប្រជុំគណៈប្រតិភូនៃគណៈកម្មាធិការសេចក្តីព្រាងឯកសារនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានស្តីពីសេចក្តីប្រកាសរួមរបស់ AMM លើកទី ៥៥ ដែលបានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែកក្កដា តាមទម្រង់ផ្ទាល់។
ដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានចាប់ផ្តើមហើយកាលពីថ្ងៃទី ២៩ កក្កដា ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៥ ខែសីហានៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ហ្វេសប៊ុក ASEAN 2022 បញ្ជាក់នាថ្ងៃទី ៣០ ខែកក្កដា ថា៖ «សង្ឃឹមថា ការចរចានឹងប្រព្រឹត្តទៅយ៉ាងសកម្ម និងប្រកបដោយផ្លែផ្កា»។
នៅថ្ងៃទី ២៩ ខែកក្កដា លោក ស៊ឹម វីរៈ បានរៀបចំអាហារពេលល្ងាច ដើម្បីស្វាគមន៍គណៈប្រតិភូនៃគណៈកម្មាធិការសេចក្តីព្រាងឯកសារនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានស្តីពីសេចក្តីប្រកាសរួមរបស់ AMM លើកទី ៥៥។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាសរសេរនៅលើហ្វេសប៊ុកនាថ្ងៃទី ៣០ ខែកក្កដា ថា ខណៈកិច្ចប្រជុំបានចាប់ផ្តើមមន្ត្រីជំនាញ និងបុគ្គលិកពាក់ព័ន្ធទាំងឡាយប្រាកដជាបាននិងកំពុងដុតដៃដុតជើងពេញ ១ សប្តាហ៍។ លោកសរសេរថា៖ «ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ យើងស្នើសុំការយោគយល់ពីបងប្អូនកូនក្មួយនៅភ្នំពេញ ចំពោះការកកស្ទះចរាចរណ៍ និងការរៀបចំបដិសណ្ឋារកិច្ចនានា។ កាតព្វកិច្ចម្តងក្នុង ១ ទសវត្សរ៍នេះនឹងក្លាយជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កម្ពុជាក្នុងនាមសមាជិកអាស៊ាន ក៏ដូចជាតួអង្គយ៉ាងសកម្មនៅក្នុងតំបន់នេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន មុននឹងប្រកាសបើកជាផ្លូវការនៃ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី ៣ ខែសីហា។ នេះបើយោងតាមកម្មវិធីនៃកិច្ចប្រជុំ។
កិច្ចប្រជុំ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធរួមមាន កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ សន្និសីទ ក្រោយកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក ៣ លើកទី ២៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ២៩។
យោងតាមកម្មវិធីដដែលនាថ្ងៃទី ៣ សីហារដ្ឋមន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាននឹងធ្វើជាសាក្សីក្នុងពិធីការចុះហត្ថលេខាលើលិខិតូបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួមអេមីរ៉ាត។ កិច្ចប្រជុំត្រីភាគីចំនួន ៣ ដាច់ដោយឡែកពីគ្នារវាងកម្ពុជា និងលេខាធិការដ្ឋានអាស៊ានជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួន ៣ រួមមាន ប្រទេសន័រវេស ប្រទេសតួកគី នឹងគ្រោងនៅថ្ងៃទី ៣ ខែសីហា និងប្រទេសស្វ៊ីសនឹងគ្រោងនៅថ្ងៃទី ៤ ខែសីហា។ ប្រទេសចំនួន ៤ ផ្សេងទៀតនឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ ២០២២ រួមមានប្រទេសប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធលោក ប្រាក់ សុខុន រំពឹងថា នឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយនឹងសមភាគីបរទេសរបស់លោក។ លោក ប្រាក់ សុខុន នឹងធ្វើសន្និសីទកាសែត នៅថ្ងៃទី ៥ ខែសីហា បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំទាំងអស់នេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសហរដ្ឋអាមេរិក-អាស៊ានដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។ សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់នាថ្ងៃទី ២៩ ខែកក្កដា ថា លោក Antony J. Blinken នឹងធ្វើការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យនៃទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកក៏នឹងជួបទ្វេភាគីផងដែរជាមួយលោក ហ៊ុន សែន និងលោក ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ លោក Blinken ក៏នឹងជួបជាមួយអតីតនិស្សិតវ័យក្មេងនៃកម្មវិធីគំនិតផ្តួចផ្តើមអ្នកដឹកនាំអាស៊ីអាគ្នេយ៍ផងដែរ។ សេចក្តីប្រកាសបញ្ជាក់ថា៖ «លោករដ្ឋមន្ត្រីក៏នឹងលើកឡើងពីបញ្ហាជំងឺរាតត្បាតកូវីដ ១៩ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ វិបត្តិនៅភូមា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន»។
យោងតាមគេហទំព័រក្រសួងព័ត៌មានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣០ កក្កដាមានអ្នកសារព័ត៌មានចំនួនជាង ៦០០ នាក់ ដែលក្នុងនោះអ្នកសារព័ត៌មានបរទេសជាង ២៥០ នាក់ បានចុះឈ្មោះនៅក្រសួងព័ត៌មាន ដើម្បីមកយកព័ត៌មានអំពីកិច្ចប្រជុំ AMM នេះ។ ក្រសួងព័ត៌មានបានត្រៀមមន្ត្រី និងបុគ្គលិកចំនួន ៧០ នាក់ ដើម្បីជួយសម្របសម្រួលដល់អ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំនេះ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពថ្លែងថា អាស៊ានត្រូវតែធ្វើយ៉ាងណាធ្វើឱ្យដំណោះស្រាយកើតមាននៅមីយ៉ាន់ម៉ា ដើម្បីជាគំរូ ឬជាលំអាននៅក្នុងការដោះស្រាយវិបត្តិផ្សេងៗទៀតដែលកើតមាននៅក្នុងតំបន់នៅថ្ងៃអនាគត៕