ភ្នំពេញៈ ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចាប់ផ្តើម​សាងសង់​ស្ថានីយ​អង់​តែ​ន​នៅតាម​បុរី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​អង់​តែ​ន​១បង្គោល​អាច​បំពាក់​បាន ​៣ ​ប្រតិបត្តិ​ករ និង​ស្នើការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ចូលរួម​រុះរើ​ឧបករណ៍​បង្កើន​កម្លាំង​សេវា ដើម្បី​ងាយស្រួល​ដល់​ក្រុមការងារ​ចុះ​វាស់​ស្ទង់​គុណភាព​សេវា​។​

ពាក់ព័ន្ធ​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត​នេះ លោក ជាប ស​ត្ថា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ បាន​ដឹកនាំ​ក្រុមការងារ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​និយត​ករ​ទូរគមនាគមន៍​កម្ពុជា ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ពង្រឹងគុណភាព​សេវា​ទូរគមនាគមន៍​នៅ បុរី ប៉េង ហួត ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣១​ ខែកក្កដា កន្លងទៅនេះ​។

ការចុះ​ត្រួតពិនិត្យ​នេះ មាន​គោលបំណង ដើម្បី​ធ្វើការ​ឈ្វេងយល់​ពី​ការប្រែប្រួល​នៃ​គុណភាព​សេវា​ទូរ​ស័ព្ទ​បន្ទាប់ពី​បាន​សាងសង់​ស្ថានីយ​អង់​តែ​ន​បន្ថែមចំនួន ១៣​ បង្គោល តំបន់​នោះ​។ ជាមួយគ្នានេះដែរ មន្ត្រី​ចំនួន ​៩៥ ​រូប ក៏បាន​ដើរ​សម្ភាស​ប្រជាពលរដ្ឋ​តាម​ផ្ទះ​នៅ​គ្រប់​គម្រោង សំដៅ​ជំរុញ​ការដោះស្រាយ​បញ្ហា​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​។​

លោក លីវ សុ​ផា​ណា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១ ខែសីហា​នេះ​ថា ក្រសួង​បាន​កំពុង​សិក្សា​ជា​បន្តបន្ទាប់ និង​បាន​ចាត់​ក្រុមការងារ​ចុះ​ពង្រឹងគុណភាព​សេវា​នៅតាម​បុរី ហើយក៏​បានចាប់ផ្តើម​សាងសង់​បង្គោល​អង់​តែ​ន​មួយចំនួន​នៅតាម​បុរី​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។

លោក​ថា​៖ «ជាក់ស្តែង​បង្គោល​អង់​តែ​ន​ដែល​បាន​សាង់សង់​រួចហើយ​មាន​ចំនួន ១៣​ បង្គោល​នៅ​ប៉េង​ហួតបឹង​ស្នោ ហើយ បុរី​ផ្សេងទៀត​ក៏​ចាប់ផ្តើម​សាង់សង​អង់​តែន​បណ្តើរៗ​ហើយ​»​។ លោក​បន្តថា តាមរយៈ​របាយការណ៍​នៃ​ការវាស់ស្ទង់​គុណភាព​សេវា​នៅក្នុង​តំបន់​បុរី បន្ទាប់​មានការ​ដំឡើង​អង់​តែ​ន​មួយចំនួន​រួចហើយ ឃើញថា គុណភាព​សេវា​មាន​ភាពប្រសើរឡើង​។​

​លោក​បន្ថែមថា ការសង់​បង្គោល​អង់​តែ​ន​នេះ​អាស្រ័យ​ដង់​ស៊ី​ប្រជាជន​ច្រើន​ឬ​តិច ដោយ​បុរី​ខ្លះ​សង់ ​២​ បង្គោល ខ្លះ​ ៥ និង​ខ្លះ​ ១០ ​បង្គោល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​ជាក់ស្តែង​។

លោក​ថា​៖«​ក្រសួង​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​ចូលរួម​សាងសង់​អង់​តែ​ន​នេះ ហើយ​ប្រើ​ជា​អង់​តែ​ន​រួម ដែល​ពីមុន​ ១ ​បង្គោល​អង់​តែ​ន​សម្រាប់តែ​ប្រតិបត្តិ​ករ​ ១ ​ទេ ប៉ុន្តែ​ឥឡូវនេះ​ ១ ​បង្គោល​អង់​តែន​អាចដាក់​បាន​ ៣ ​ប្រតិបត្តិ​ករ»​។

ជាមួយគ្នានេះដែរ លោក​សុំសំណូមពរ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​រុះរើ​ឧបករណ៍​បង្កើន​កម្លាំង​សេវា ព្រោះ​បើសិនជា​មិន​ចូលរួម​ទាំងអស់គ្នា​ទេ ក្រុមការងារ​ជំនាញ​ពិបាក​ក្នុងការ​វាស់​គុណភាព​សេវា​នៅក្នុង​តំបន់​នោះ ថា​ត្រូវ​បំពាក់​អង់​តែ​ន​ប៉ុន្មាន ឬក៏​ប្តូរ​ឧបករណ៍ និង​បរិក្ខារអ្វីខ្លះ?​។

លោក​ថា​៖ «​ក្រសួង​យល់ច្បាស់​ណាស់​ថា​ ប្រជាពលរដ្ឋ​ចង់បាន​គុណភាព​សេវា​ល្អ ប៉ុន្តែ​សូមឱ្យ​មានការ​សហការ យើង​ចង់​ឆ្លុះបញ្ចាំង​ថា​ស្ថានភាព​គុណភាព​សេវា​នៅ​តំបន់​នោះ​យ៉ាងម៉េច ចឹ​ង​អាច​ស្នើឱ្យ​ប្រតិបត្តិ​ករ​ទៅ​បំពាក់​ឧបករណ៍​អង់​តែ​ន​ទៅតាម​គោលដៅ ដើម្បី​ពង្រឹងគុណភាព​សេវា​។​

​មិនយូរ​មិនឆាប់​គុណភាព​នឹង​ប្រសើរឡើង​ប្រសិនជា​យើង​មាន​សហការ​ល្អ ទាំង​ប្រតិបត្តិ​ករ ជាពិសេស​ម្ចាស់​បុរី និង​ពលរដ្ឋ​ខ្លួនឯង​»​។​

ដើម្បី​កុំឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ លោក លីវ សុ​ផា​ណា​រិ​ទ្ធ បញ្ជាក់ថា គម្រោង​សាងសង់​ស្ថានីយ​អង់​តែ​ន ១០០ បង្គោល​ ដែល​ក្រសួង​ប្រកាស​កន្លងមក​គឺ​សម្រាប់​សាងសង់​នៅ​តំបន់​ទេសចរណ៍​អាទិភាព និង​ដាច់​ច្រ​យាល​ទេ ដោយ​មិន​រាប់បញ្ចូលការ​សង់​នៅក្នុង​បុរី​ឡើយ​។

លោក ឈុន វិ​ច្ឆ័​យ រស់នៅក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​សប្បាយចិត្ត​នៅពេល​ឃើញ​ក្រសួង​មានការ​យកចិត្តទុកដាក់​ជាង​លើក​មុនៗ ដោយបាន​សាង់សង់​អង់​តែ​ន និង​ចុះ​ឈ្វេងយល់​ផល​វិបាក​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​សេវា​ទូរស័ព្ទ​នេះ​។

លោក​បន្តថា សម្រាប់​រូបលោក​ផ្ទាល់​តាំងពីដើម​មក​មិនបាន​បំពាក់​ឧបករណ៍បង្កើន​សេវា​ទេ ប៉ុន្តែ​ផ្ទះ​អ្នកផ្សេង​មួយចំនួន​បាន​ដំឡើង និង​បាន​រុះរើ​មួយចំនួន​វិញ បន្ទាប់ពី​មានការ​ណែនាំ​ពី​ក្រសួង​ថ្មីៗ​កន្លងទៅ​។ លោក​ថា​៖ «​សង្ឃឹមថា​ពួកគាត់​នឹង​រុះរើ​ឧ​បរ​ករ​ណ៍នោះ​នាពេល​ឆាប់ៗ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមការងារ​ជំនាញ ប៉ុន្តែ​ខ្ញុំ​ក៏​ស្នើ​ដល់​ក្រសួង​ដែរ ត្រូវ​ធានាថា អ្នក​រស់ក្នុង​បុរី គឺមាន​សេវា​ប្រើប្រាស់​គ្រប់គ្រាន់ បន្ទាប់​ពួកគាត់​ចូលរួម​សហការ អ៊ីចឹ​ង​ខ្ញុំ​មិន​បន្ទោស​ខាង​ណា​ទេ​»​។​

លោក លីវ សុ​ផា​ណា​រិ​ទ្ធ ពន្យល់​បន្ថែមថា នៅពេលដែល​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា​តែមួយ វា​អាចជួយ​ទាញយក​សេវា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​ឧបករណ៍​នេះ​ចាប់ពី ២​ឡើងទៅ​វា​នឹង​បង្កឱ្យមាន​ការឆ្លង​គ្នា ហើយ​អ្នករស់នៅ​ជិតខាង​គ្នា​នឹងធ្វើ​ឱ្យមាន​ការឆ្លង​រំខាន​គ្នា​ទៅវិញទៅមក ហើយ​ឈានទៅរក​ការប្រើប្រាស់​មិនបាន​ទាំងអស់គ្នា​តែម្តង​៕

វីដេអូ៖