មណ្ឌលគិរីៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ការស្តារសត្វខ្លាធំឡើងវិញ ជារឿងសំខាន់ព្រោះវាធ្វើឱ្យមានតុល្យភាពប្រព័ន្ធអេកូឡូស៊ី នៃបរិស្ថានធម្មជាតិ ខណៈដែលកម្ពុជា ជាប្រទេសធ្លាប់មានខ្លាធំ ដែលត្រូវតែធ្វើឱ្យមានការបន្តពូជឡើងវិញ។
ក្នុងពេលចុះធ្វើយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៩ ខែ កក្កដា លោកនេត្រ ភក្ត្រា បានឱ្យដឹងថា ការស្តារសត្វខ្លាធំឡើងវិញ គឺដើម្បីបញ្ជាក់ថា កម្ពុជាជាប្រទេសធ្លាប់មានខ្លាធំ ដែលត្រូវតែឱ្យមានការបន្តពូជបន្ថែមទៀត ខណៈសត្វព្រៃដែលអាចរក្សាបាននូវតុល្យភាពអេកូឡូស៊ី ដែលកម្ពុជាបានបាត់បង់ទៅ មិនមែនត្រឹមតែខ្លាធំនោះទេ គឺមានទាំងរមាស និងគោព្រៃផងដែរ។
លោកថ្លែងថា៖«ក្នុងនាមជាអ្នកអភិរក្ស ពិតជាមានការសោកស្តាយ ដែលបាត់បង់នូវប្រភេទពូជសត្វមួយចំនួន។ អ៊ីចឹងហើយ បានជាយើងខិតខំប្រឹងប្រែងធ្វើយុទ្ធនាការអន្ទាក់សូន្យ ដើម្បីសង្គ្រោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកឱ្យសត្វព្រៃមានសុវត្ថិភាព និងផ្តល់ក្តីសង្ឃឹមដល់សត្វមួយចំនួនដែលជិតផុតពូច។ ឧទាហរណ៍ដូចជាត្មាត សត្វខ្សឹប សត្វក្រៀល ក្រពើភ្នំ ទន្សោង និងតូចថ្ពាល់លឿងជាដើម»
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានឱ្យដឹងថា នៅកម្ពុជាធ្លាប់មានខ្លាធំ ដែលវត្តមានរបស់វាត្រូវបានគេឃើញមានចុងក្រោយបំផុតនៅឆ្នាំ ២០០៧ ដែលថតបាននៅក្នុងដែនជម្រកសត្វព្រៃនៃខេត្តមណ្ឌលគិរី។
ប៉ុន្តែចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់ ឆ្នាំ ២០២២នេះ មានរយៈ ពេល ១៥ឆ្នាំ មកហើយ ដែលគេមិនឃើញវត្តមាន សត្វខ្លាធំទៀតទេ ដែលអាចសន្និដ្ឋានបានថា កម្ពុជាបានបាត់ពូជប្រភេទសត្វខ្លាធំនេះហើយ។ សត្វខ្លាធំនៅកម្ពុជាដែលបានបាត់បង់ទៅនោះអាចបណ្តាលមកពីការដាក់អន្ទាក់។
លោកឱ្យដឹងទៀតថា ដើម្បីធ្វើសមាហរណកម្មខ្លាធំចូលមកកម្ពុជាវិញ ក្រសួងបរិស្ថាន កំពុងសហការជាមួយអង្គការ WA នៅតំបន់ជួរភ្នំក្រវាញដើម្បីពិនិត្យទៅលើទីតាំងសមស្របដើម្បីយកសត្វខ្លាធំ ដាក់ចូលក្នុងព្រៃធម្មជាតិវិញ ដោយសហការយកខ្លាធំមកពីប្រទេសឥណ្ឌា ព្រោះប្រទេសនេះសំបូរសត្វខ្លាធំ។
បើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី០៦ និងទី០៧ ខែមីនា ឆ្នាំ២០២២ លោក លឿង កេសរោ អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ កញ្ញា Suwanna Gaunlet និងលោក ហ៊ត់ សុគន្ធ មកពីអង្គការ Wildlife Alliance (WA) និងលោក Thomas Gray តំណាងអង្គការ WWF និងប្រតិភូឥណ្ឌា ដឹកនាំដោយលោក Satya Prakash Yadav អគ្គនាយកនៃអាជ្ញាធរជាតិអភិរក្សសត្វខ្លា នៃក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុ ប្រទេសឥណ្ឌា អមដំណើរដោយលោក Rajesh Gopal អគ្គលេខាធិការ នៃវេទិកាសត្វខ្លាពិភពលោក ព្រមទាំងជំនាញការឥណ្ឌា បានធ្វើដំណើរដោយឧទ្ធម្ភាគចក្រ និងរថយន្ត ទៅខេត្តកោះកុងដើម្បីចុះពិនិត្យទីវាល និងវាយតម្លៃស្ថានភាពព្រៃធម្មជាតិស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ សំកុស និងឧទ្យានជាតិក្រវាញកណ្តាល និងខាងត្បូង និងដើម្បីពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត [មានរបងដែក ទ្រុងដែក អាងទឹកសម្រាប់សត្វខ្លា និងសត្វព្រៃ ចំណីខ្លានិងមជ្ឈមណ្ឌលស្តារសត្វខ្លា] ដែលបានសង់រួចលើដីទំហំ៩០ហិកតា។
ទីតាំងនេះស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃសម្រាប់បន្ស៊ាំសត្វខ្លាធំ មុនលែងចូលទៅក្នុងតំបន់ស្នូល នៃតំបន់អភិរក្សសត្វខ្លា។ ជាមួយគ្នានេះ តំណាងប្រតិភូឥណ្ឌាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ និងបានចាត់ទុកប្រទេសកម្ពុជា គឺជាទីតាំងភូមិសាស្ត្រមួយដ៏សំខាន់សម្រាប់ឥណ្ឌាក្នុងកម្មវិធីស្តារសត្វខ្លាធំ។
ទោះយ៉ាងនេះក្តី លោកនេត្រ ភក្ត្រា នៅមិនទាន់អាចបញ្ជាក់បានថា សត្វខ្លាធំនឹងត្រូវនាំមកដល់ប្រទេសកម្ពុជាពេលណា ហើយនឹងត្រូវប្រលែងចូលក្នុងព្រៃធម្មជាតិនៅពេលណានោះទេ។
លោកបញ្ជាក់ថា ក្នុងដែនជម្រកសត្វព្រៃស្រែពក ក៏ជាតំបន់មួយដែលមានសក្តានុពលខ្ពស់ ក្នុងការធ្វើសមាហរណកម្មសត្វខ្លាធំផងដែរ។ បច្ចុប្បន្នក្រសួងបរិស្ថានកំពុងសិក្សារួមគ្នាជាមួយអង្គការ WWF នៅភូមិភាគឦសាន ដើម្បីរៀបចំជាវិធានការកញ្ចប់មួយធ្វើយ៉ាងណាអាចថែរក្សាប្រភេទសត្វមួយចំនួន ដែលកម្រនិងជិតផុតពូជ ឱ្យនៅគង់វង្ស និងកើនប្រជាសាស្ត្រឡើងវិញ ហើយក៏ជាផ្នែកមួយ នៃការបង្កើតសត្វរំពារ ជាប្រភេទសត្វដែលជាចំណីរបស់សត្វខ្លា មានដូចជា សត្វឈ្លូស ប្រើស ក្តាន់ ទន្សោង ឬខ្ទីងជាដើម ជាប្រយោជន៍ក្នុងការស្តារសត្វខ្លាធំឡើងវិញក្នុងខេត្តនេះផងដែរ។
លោកថ្លែងថា៖«អ៊ីចឹងការគ្រប់គ្រងដែលយើងគិតនោះគឺ ការពិនិត្យទៅលើថាតើ យើងអាចនឹងរៀបចំការដាក់ជារបង ព័ទ្ធតំបន់ស្នូលណាមួយដែលយើងយល់ថា មានកម្រិតដង់ស៊ីតេសត្វព្រៃខ្ពស់ដើម្បីឱ្យវានៅគង់វង្ស ហើយបន្ទាប់មកយើងពង្រីក space របស់យើង។ តែនេះជាគម្រោងដែលយើងកំពុងសិក្សា ហើយគម្រោងនេះ ត្រូវការចំណាយថវិកាច្រើនដែរ»។
លោកថា ក្នុងបរិបទកូវីដ១៩ ក្រសួងបរិស្ថាន និងដៃគូរអភិវឌ្ឍន៍កំពុងពិចារណារកម្រិតនៃការធ្វើទាំងបច្ចេកទេស ហិរញ្ញវត្ថុ និងតម្រូវការប្រព័ន្ធអេកូឡូស៊ីជាក់ស្តែង។ យ៉ាងណាជាបទពិសោធនៅតំបន់មួយចំនួន ដូចជានៅក្នុងខេត្តឧត្តរមានជ័យ ដែលមានការដាក់របងអភិរក្សសត្វព្រៃដែរនោះឃើញថា កម្រិតនៃកំណើនសត្វព្រៃកើនឡើងខ្លាំង។
លោក សេង ទៀក តំណាងប្រចាំប្រទេសនៃអង្គការ WWF បានឱ្យដឹងថា អង្គការ WWF បានធ្វើការជាមួយដៃគូដោយដាក់កម្មវិធីមួយហៅថា ស្តារខ្លាធំឱ្យកើនចំនួន២ដង នៅក្នុងប្រទេសទាំង១៣ដែលមានខ្លាធំចាប់តាំងពីឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ននេះ ដែលជាលទ្ធផលបង្ហាញថា ចំនួនសត្វខ្លាធំ មិនមែនសុទ្ធតែកើនឡើង នៅគ្រប់បណ្តាប្រទេសដែលមានសត្វខ្លាធំនោះទេ។
លោកប្រាប់ថា តាមរបាយការណ៍របស់ IUCN អំពីចំនួនសត្វខ្លាធំ នៅលើពិភពលោកដែលទើបចេញផ្សាយក្នុងពេលថ្មីៗនេះបញ្ជាក់ថា ចំនួនសត្វខ្លាធំ មានការកើនឡើងពី ៣ ២០០ក្បាល ដល់ ៤ ៦៥២ក្បាល គិតពីឆ្នាំ ២០១០ ដល់ ២០២២។
លោកថា ប្រទេសដែលមានសត្វខ្លាធំកើនឡើង ២ដងមានប្រទេស ឥណ្ឌា និងនេប៉ាល់។ ចំណែកប្រទេសដែលមានការកើនឡើង មិនដល់២ដង គឺមានប្រទេសប៊ូតាន ចិន និងរុស្ស៊ី ហើយប្រទេសដែលមានចំនួនខ្លាថេរ មានបង់ក្លាដែស និងប្រទេសថៃ ។ ដោយឡែក ប្រទេសដែលមានសត្វខ្លាថយចុះ នៅក្នុងរយៈពេល១២ ឆ្នាំនេះ គឺប្រទេសភូមា ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។
ចំណែក ប្រទេសដែលបាត់វត្តមានខ្លា ឬប្រទេសដែលមានខ្លា តែមិនអាចបន្តពូជបាន មានប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ។
បើតាមលោកសេង ទៀក សត្វខ្លាត្រូវបានគេប្រើជាប្រភេទសត្វសូចនាករ បានន័យថា សត្វខ្លាឈ្មោល១ក្បាលត្រូវការដែនជម្រកយ៉ាងហោចណាស់ ១០០ គីឡូម៉ែត្រការ៉េ ដែលពាក្យ១គេនិយាយថា ភ្នំ១មិនដែលមានខ្លា២ ប៉ុន្តែបើមានសត្វខ្លានៅព្រៃណា ព្រៃនោះគឺសំបូរទៅដោយសត្វព្រៃ។
លោកបញ្ជាក់ថា៖«ខ្ញុំនិយាយថា វាជាសូចនាករ មានន័យថា វាវាស់វែងពីសុខភាពនៅក្នុងព្រៃ ព្រោះដើម្បីការពារខ្លាបាន ត្រូវការកត្តា៣ ទី១គឺទីជម្រកដ៏ល្អ ដែលមិនរំខាន ទី២ចាំបាច់ត្រូវមានទឹក និងទី ៣ ត្រូវមានចំណី» ៕