ភ្នំពេញៈ ការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ គឺសំដៅលើការព្យាបាលដោយឱសថទាំងឡាយណា ដែលមានសកម្មភាពប្រឆាំងនឹងមេរោគអេដស៍ ហើយឱសថទាំងនេះ មានសកម្មភាពទប់ស្កាត់អង់ហ៊្ស៊ីម ដែលមេរោគអេដស៍ត្រូវការដើម្បីបំបែកខ្លួនវា និងចម្លងទៅកោសិកាផ្សេងទៀត។ នេះបើតាមមន្ត្រីជំនាញផ្នែកសុខាភិបាល។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិតអ៊ុក វិជ្ជា បញ្ជាក់ថា ការយកចិត្តទុកដាក់ ការឆ្លើយតប និងការថែទាំ បង្ការមេរោគអេដស៍នៅប្រទេសកម្ពុជា ត្រូវបានរៀបចំ សម្រាប់ការឆ្លើយតបនេះ។ នៅឆ្នាំ ២០០៣ ក្រសួងសុខាភិបាល បានដាក់ឱ្យដំណើរការ សេវាថែទាំ ព្យាបាលបន្តអ្នកមានផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ មុនដំបូងគេនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ដែលជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកឡើងបែបនេះក្នុងកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ លើកទី៣១ ប្រចាំខែកក្កដា ស្តីពី «សារៈសំខាន់នៃការគ្រប់គ្រងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ត្រឹមត្រូវ តាមគោលការណ៍ណែនាំរបស់ថ្នាក់ជាតិ» កាលពីថ្ងៃទី ២៩ ខែកក្កដា ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ដែលក៏ជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិផងដែរនោះ ឱ្យដឹងថា ស្របតាមគោលបំណងនៃការណែនាំព្យាបាលដោយឱសថប្រឆាំងនឹងជំងឺអេដស៍ថ្នាក់ជាតិ គឺការព្យាបាលត្រូវតែធ្វើជាមួយគ្នាក្នុងថ្ងៃតែមួយ បន្ទាប់ពីតេស្តរកឃើញមានវិជ្ជមាននៃមេរោគអេដស៍។
លោកថ្លែងថា៖ «មិនត្រូវធ្វើការរង់ចាំនោះឡើយ ពីព្រោះនៅពេលដែលយើងឆាប់ធ្វើការព្យាបាល នោះប្រសិទ្ធភាពនៃការព្យាបាល អាចទទួលបាន នូវប្រសិទ្ធភាពខ្ពស់ ដោយជួយកាត់បន្ថយ នូវការរីករាលដាល នៃបន្ទុកមេរោគអេដស៍នៅក្នុងឈាម ឱ្យកាន់តែមានប្រសិទ្ធភាព»។
បើតាមគោលការណ៍ណែនាំជាតិស្តីពីការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍លើមនុស្សពេញវ័យដែលបានដាក់ឱ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល កាលពីឆ្នាំ ២០១២ ការលេបថ្នាំប្រឆាំងនឹងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ គឺជាការលេបថ្នាំជាបន្តរហូត ដោយមិនត្រូវភ្លេចលេប ឬពន្យារពេលលេប។ ឯការលេបថ្នាំត្រឹមត្រូវតាមកម្រិតដូសឱសថ គឺជាកត្តាដ៏សំខាន់ ក្នុងការទទួលជោគជ័យ នៃការព្យាបាល ដោយឱសថប្រឆាំងនឹងមេរោគអេដស៍។
គោលការណ៍នេះបញ្ជាក់ថា ការលេបឱសថប្រឆាំងនឹងមេរោគអេដស៍មិនបានត្រឹមត្រូវ មិនទៀងទាត់ និងមិនជាប់លាប់ (Poor adherence) តិចជាង ៩០% គឺបណ្តាលឱ្យការព្យាបាលទទួលបរាជ័យ ដែលនាំឱ្យមេរោគអេដស៍សុំានឹងឱសថប្រឆាំងនឹងមេរោគអេដស៍។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បញ្ជាក់ថា មកដល់បច្ចុប្បន្នមិនទាន់មានថ្នាំសម្រាប់ព្យាបាលមេរោគអេដស៍ ជំងឺអេដស៍នេះឱ្យជាសះស្បើយដាច់នោះទេ។ ប៉ុន្តែក្រសួងមានថ្នាំសម្រាប់ទប់ស្កាត់ការបង្កកូនចៅ ការបំប្លែងខ្លួន នៃមេរោគអេដស៍ កុំឱ្យកើនឡើងច្រើនឡើងៗក្នុងខ្លួនអ្នកជំងឺ។
លោកថ្លែងថា៖ «ការប្រើឱសថប្រឆាំងមេរោគអេដស៍នេះ គឺដើម្បីស្តារឡើងវិញ នូវប្រព័ន្ធភាពសុំារបស់យើង ដែលក្នុងភាពសុំាខ្លួនយើងនោះមានកោសិកាសេដេកាត់ ដែលមានតួនាទីមួយ ដូចជាទាហានការពារខ្លួនអ្នកជំងឺដែរ។ បើភាពសុំាមានការធ្លាក់ចុះ នោះមេរោគអេដស៍នៅក្នុងខ្លួនអ្នកជំងឺ នឹងរងនូវ [ការវាយលុក] និង [ធ្វើឱ្យ] ជំងឺឱកាស និយមច្រើនអាចឆ្លងដល់ពួកគាត់ផងដែរ ដូចជាជំងឺរបេង រលាកស្រោមខួរជាដើម»។
លោកប្រធានមជ្ឈមណ្ឌល លើកទឹកចិត្តឱ្យអ្នក ដែលមានការសង្ស័យថា មានផ្ទុកមេរោគអេដស៍ឆាប់ទៅធ្វើតេស្តដើម្បីកុំឱ្យពួកគាត់ទៅទទួលសេវាព្យាបាលក្នុងតំណាក់កាល ដែលស្ថានភាពរបស់គាត់ធ្លាក់ដល់ភាពធ្ងន់ធ្ងរ ដែលធ្វើឱ្យការព្យាបាលពិបាកក្នុងការស្តារឡើងវិញ។
លោកបញ្ជាក់ថា៖ «ការព្យាបាលទាន់ពេលវេលា គឺជួយកាត់បន្ថយនូវអត្រាឈឺ និងស្លាប់របស់អ្នកជំងឺអេដស៍ ដែលអាចជួយឱ្យគាត់អាចរស់បានដូចជាអ្នកជំងឺធម្មតា ហើយបើគាត់ទទួលបានការព្យាបាលត្រឹមត្រូវនោះ គាត់មានសុខភាពល្អ ដូចមនុស្សធម្មតាដែរ»។
លោកវេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) បានលើកឡើងដែរថា គោលការណ៍របស់មជ្ឈមណ្ឌលជាតិ នៅពេលណាដែលអតិថិជនតេស្តវិជ្ជមានមេរោគអេដស៍ គឺត្រូវតែផ្តល់ការព្យាបាលភ្លាម។ ក្នុងករណីដែលស្ថានភាពសុខភាពរបស់គាត់ល្អ មជ្ឈមណ្ឌលនឹងបញ្ជូនថ្នាំសម្រាប់ប្រើប្រាស់តាមស្ថានភាពបច្ចេកទេស របស់ថ្នាំ ART (Anti Retroviral Therapy)។
លោកបន្ថែមថា បើអ្នកឆ្លងនោះមានសុខភាពទ្រុឌទ្រោម គ្រូពេទ្យមានការព្យាបាលបន្ថែមជាមួយនឹងថ្នាំឱកាសនិយមផ្សេងៗទៀត។
គួរបញ្ជាក់ដែរថា សម្រាប់គោលដៅបន្តដល់ឆ្នាំ ២០២៥ កម្ពុជាប្តេជ្ញាឱ្យសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ ដើម្បីលុបបំបាត់ការឆ្លងរីករាលដាលជំងឺអេដស៍ និងមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា៕