ភ្នំពេញៈ ឧត្តមមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានទាំង ១០ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកធ្វើឱ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
កាលពីថ្ងៃទី ១ ខែសីហា ឧត្តមមន្ត្រីបណ្តាប្រទេសអាស៊ានទាំង ១០ បានជួបប្រជុំពិភាក្សាគ្នានៅ សណា្ឋគារសុខា រាជធានីភ្នំពេញ ដើម្បីសម្រេចនូវរបៀបវារៈសំខាន់ៗ មុននឹងឈានទៅដល់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅថ្ងៃទី ៣ ខែសីហា។ កិច្ចប្រជុំឧត្តមមន្ត្រីនៃបណ្តាប្រទេសអាស៊ានទាំង ១០ នេះ ដឹកនាំដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ាននៃប្រទេសកម្ពុជា ដោយមានការចូលរួមពីឧត្តមមន្ត្រីនៃលេខាធិការអាស៊ានផងដែរ។
យោងតាមទូរទស្សន៍ជាតិកម្ពុជា (ទទក) បានឱ្យដឹងថា៖ «មន្ត្រីការបរទេសជាន់ខ្ពស់នៃប្រទេសទាំងនេះ នឹងធ្វើការជជែកគ្នាសំដៅលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដោយឈរលើគោលការណ៍ និងផលប្រយោជន៍រួម ដើម្បីរួមចំណែកដល់សន្តិភាព សុខដុមភាព និងស្ថិរភាព វិបុលភាពក្នុងតំបន់ និងពិភពលោក»។
គិតត្រឹមថ្ងៃទី ១ ខែសីហា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានឈានចូលដល់ថ្ងៃទី ៣ ហើយ ដោយចាប់ផ្តើម តាំងពីថ្ងៃទី ២៩ ខែកក្កដា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៥ ខែសីហា។
នាថ្ងៃទី ១ សីហា គណៈប្រតិភូឧត្តមមន្ត្រីនៃប្រទេសឥណ្ឌាដែលដឹកនាំដោយលោក Saurabh Kumar ប្រធានឧត្តមមន្ត្រីនៃប្រទេសឥណ្ឌា បានមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំ AMM លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
លោក លឹម ចុកហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន និងលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីក្រសួងការបរទេសទីម័រខាងកើត ក៏បានដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី ១ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំទាំងនេះ។
នៅមុនកិច្ចប្រជុំ AMM នេះចាប់ផ្តើមប្រមាណ ១ សប្តាហ៍ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (Dato Erywan Pehin Yusof) រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសប្រ៊ុយណេ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ ប្រកបដោយចីរភាពនៅក្នុងតំបន់និងក្រៅតំបន់ផងដែរ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី ១ សីហាថា ដោយសារបញ្ហាសុខភាពរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique A. Manalo មិនអាចមកចូលរួមក្នុងកិច្ចប្រជុំ AMM នេះបានទេ តែឧត្តមមន្ត្រីរបស់លោកនឹងចូលរួមជំនួស។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំនេះជំនួសតំណាងរបស់ប្រទេសកូរ៉េខាងជើង ផងដែរ។
លោកបញ្ជាក់ថា អាស៊ានមិនចង់ជ្រើសរើសភាគីណានោះទេ អាស៊ាន គឺចង់ជ្រើសរើសយកភាគីទាំងអស់ ពីព្រោះអាស៊ាន គឺជាវេទិកាសម្រាប់លើកតម្កើងការសហការគ្នារវាងបណ្តាប្រទេសអាស៊ានក៏ដូចជា រវាងអាស៊ានជាមួយនឹងដៃគូ។
លោកថ្លែងថា៖ «ដូច្នេះ គោលជំហរនេះក៏នៅតែបន្តហើយនិងបន្តជំរុញឱ្យដៃគូរបស់យើងជាពិសេសប្រទេសមហាអំណាចទាំងអស់ សហការជាមួយអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗជាច្រើនទៀតដែលយើងកំពុងតែប្រឈមទាំងក្នុងតំបន់ និងក្រៅតំបន់»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពថ្លែងថា អាស៊ានត្រូវតែមានជំហរជាក់លាក់ក្នុងការឆ្លើយតបចំពោះ «សង្គ្រាមដែលបង្កឡើងដោយរុស្ស៊ីនៅអ៊ុយក្រែន» ដើម្បីទប់ស្កាត់មិនឱ្យប្រទេសមហាអំណាចដែលអាងខ្លួនខ្លាំងខាងអាវុធយុទ្ធភណ្ឌធ្វើការរំលោភទៅលើប្រទេសដែលទន់ខ្សោយ ដែលនឹងធ្វើឱ្យមានវិនាសកម្មដល់សង្គមមនុស្សជាតិ។
លោកថ្លែងថា៖ «ជាមួយគ្នានេះដែរ ខ្ញុំថា អាស៊ានគួរតែក្រឡេកមើលទៅនឹងបញ្ហាខ្លួនឯង នៅក្នុងតំបន់ដែរ។ នៅក្នុងតំបន់ហ្នឹងពិតមែនតែយើងចង់បានសន្តិភាព យើងចង់បានស្ថិរភាព និងការអភិវឌ្ឍ ប៉ុន្តែក៏យើងត្រូវគិតអំពីបញ្ហាប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្សដែរ ដូចជានៅភូមាជាដើម ដែលធ្វើឱ្យមានបញ្ហាដែលវាប៉ះពាល់ដល់តំបន់អាស៊ានហ្នឹងដែរ»។
ជាមួយគ្នានេះ នៅថ្ងៃទី ១ ខែសីហា ផងដែរ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មេគង្គ-គង្គា បានចាប់ផ្តើម ក្នុងក្របខ័ណ្ឌនៃរបៀបវារៈនៃកិច្ចប្រជុំ AMM លើកទី៥៥ នេះ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងបណ្តាប្រទេសមេគង្គ ដែលរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
យោងតាមវិទ្យុជាតិបានឱ្យដឹងថា កិច្ចប្រជុំនេះគឺធ្វើឡើង ដើម្បីពិនិត្យពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេស នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ និងវិបត្តិនានាដែលកំពុងកើតមាននៅលើពិភពលោក៕