ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទកាលពីម្សិលមិញបានប្រកាសផែនការកំណត់ទិសដៅនៃការផ្ដល់សេវាទឹកស្អាត និងអនាម័យឱ្យបានសម្រេច ១០០ ភាគរយនៅឆ្នាំ ២០២៥ ក្រោយពីផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទបានសម្រេចលើសផែនការដែលបានគ្រោងទុកក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។
លោក ជ្រុន ថេរ៉ាវ៉ាត អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ដ្រីថា ការអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក និងអនាម័យជនបទជំហានទី ២ (២០១៩-២០២៣) បានសម្រេចជាង ៨០ ភាគរយក្នុងពេលបច្ចុប្បន្ននេះនឹងគ្រោងសម្រេចទិសដៅឱ្យបានគ្របដណ្តប់ ៩០% នៅឆ្នាំ ២០២៣។
លោក ជ្រុន ថេរ៉ាវ៉ាត ដែលមានឋានៈជារដ្ឋលេខាធិការផងដែរនោះបានថ្លែងថា រាជរដ្ឋាភិបាលបានរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឱ្យសេវាទឹកស្អាត សុខភាព និងអនាម័យនៅជនបទមានភាពប្រសើរឡើង និងប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ។
លោកថ្លែងថា៖ «គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២២ នេះ បើទោះជាស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ យ៉ាងណាក៏ដោយ ក៏អត្រាគ្របដណ្តប់លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទសម្រេចបានកើនឡើងរហូតដល់ជាង ៨០% ហើយ»។
លោកបានឱ្យដឹងថា កាលពីឆ្នាំ ២០០០ រាជរដ្ឋាភិបាលបានកំណត់ទិសដៅអភិវឌ្ឍន៍សហស្ស-វត្សរ៍កម្ពុជាឆ្នាំ ២០១៥ ស្តីពីការផ្គត់ផ្គង់ទឹកស្អាតជនបទឱ្យបាន ៥០% និងអនាម័យឱ្យបាន ៣០% នៅត្រឹមឆ្នាំ ២០១៥ ប៉ុន្តែជាក់ស្តែងសម្រេចបាន ៥៣% សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និង ៥២,៩% សម្រាប់អនាម័យលើសគោលដៅដែលបានគ្រោងទុក។
លោកបន្តថា នៅឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានកំណត់ទិសដៅថ្មី ៦០% ទាំងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ២០១៤-២០១៨ ប៉ុន្តែជាក់ស្តែងសម្រេចបានលើសគោលដៅ ដោយអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងអនាម័យជនបទបានកើនដល់ជាង ៧០% នៅឆ្នាំ ២០១៨។ គិតដល់ពេលនេះអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត ជនបទ និងអនាម័យជនបទមានរហូតដល់ជាង ៨០% ហើយ។
តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា រយៈពេល ៥ ឆ្នាំនេះក្រសួងបានសាងសង់អណ្តូងទឹកគ្រប់ប្រភេទបានចំនួន ១១ ៧៤១ អណ្តូង។ ជួសជុលអណ្តូងគ្រប់ប្រភេទដែលខូចឱ្យដំណើរការឡើងវិញបានចំនួន ១ ៥៨៥ អណ្តូង។ ស្តារ និងសាងសង់ស្រះទឹកសហគមន៍ចំនួន ១ ២៧១ ស្រះ។ សាងសង់អាងត្រងទឹកភ្លៀងចំណុះ ៣-៥ ម៉ែត្រគុប និងចំណុះ ១០ ០០០ លីត្រ សរុបចំនួន ២៤២០ អាង។ ចែកពាងត្រងទឹកភ្លៀងដល់ប្រជាពលរដ្ឋតាមគ្រួសារបានចំនួន ១៤៥ ៨៦៥ ពាង សាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោតាមភូមិបានចំនួន ២០០ ប្រព័ន្ធ។
ក្រសួងក៏បានសាងសង់ស្ថានីយផលិតទឹកសហគមន៍ដាក់ពីដុងចំណុះ ២០ លីត្រ បានចំនួន ៦៧ ស្ថានីយ សាងសង់ស្ថានីយផលិតទឹកស្អាតបានចំនួន ៣៣០ ស្ថានីយ សាងសង់ប្រព័ន្ធចម្រោះទឹកស្អាតបានចំនួន ១០ ៤៧០ ប្រព័ន្ធ សាងសង់ធុងចម្រោះ បេតុងដាក់ខ្សាច់ចំណុះ ២០ លីត្រចំនួន ៨១ ៦១៣ ធុង ផ្តល់ធុងសម្រាប់ដាក់ទឹកផឹកតាមគ្រួសារចំនួន ២២ ៩១២ ធុង សាងសង់ស៊ីទែនចំណុះ ២០០០ លីត្រ នៅតាមសាលារៀនចំនួន ៣៣ កន្លែង។ សាងសង់ប្រព័ន្ធស្រោចស្រពខ្នាតតូចបាន ១២៨ ប្រព័ន្ធ។ ស្ថានីយបូមទឹកស្រោចស្រពចំនួន ១៣ កន្លែង និងអប់រំប្រជាពលរដ្ឋយល់ដឹងពីការប្រើប្រាស់ទឹកស្អាតទុកដាក់ទឹកឱ្យមានសុវត្ថិភាពចំនួន ២ ៦៩២ ៣១០ នាក់។
លោក ថេរ៉ាវ៉ាត បានបញ្ជាក់ថា៖ «ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទជំហានទី ២ ឆ្នាំ (២០១៩-២០២៣) ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% ត្រឹមឆ្នាំ ២០២៣ លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទ»។
លោក ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតមកទល់បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបាននិងកំពុងអនុវត្តផែនការមេចំនួន ៣ ជាប់ៗគ្នាដែលមានជាអាទិ៍ ផែនការមេទី ១ ១៩៩៣-២០១០, ផែនការមេទី ២ ២០០៦-២០២០, បច្ចុប្បន្នភាពផែនការមេទី ២ ២០០៨-២០១២, ផែនការមេទី ៣ ២០១៦-២០៣០ និងបច្ចុប្បន្នភាពផែនការមេទី ៣ ២០២១-២០៣០ ដើម្បីធានាថា ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ពលរដ្ឋប្រើប្រាស់ពេលអនុវត្ដគម្រោងទី ៣ នេះលែងមានការខ្វះខាតបន្តទៀត។
លោកថ្លែថា៖ «ជាពិសេសចាប់ពីឆ្នាំ ២០២១ រដ្ឋាករទឹករាជធានីភ្នំពេញមានផែនការវិនិយោគជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណា ធ្វើការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋធានាឈប់ឱ្យមានការខ្វះខាតបន្តទៀត»។
លោកបានឱ្យដឹងថា បញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានី-ភ្នំពេញកន្លងមករដ្ឋាករទឹកធ្លាប់ជួបប្រទះ គឺនៅគម្រោងមេជំហានទី ១ ជំហានទី ២។ គម្រោងផែនការមេជំហានទី ២ រដ្ឋាករទឹកបានជួបបញ្ហាបន្តិច ដោយសារតែការសិក្សាលើគម្រោងនេះគឺបានសិក្សាតែប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញស្ថិតនៅក្រោមផ្ទៃសេវាផ្គត់ផ្គង់ ៣៨០ គីឡូម៉ែត្រការ៉េ។ ក៏ប៉ុន្ដែក្នុងពេលអនុវត្ដគម្រោងនេះរាជរដ្ឋាភិបាលបានកាត់ឃុំ ចំនួន ២០ ចូលមកក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នរដ្ឋាករទឹកមានផ្ទៃសេវាដែលត្រូវផ្គត់ផ្គង់ទឹករហូតទៅដល់ ៦៧០ គីឡូម៉ែត្រការ៉េ។ ដូច្នេះការផ្ទេរឃុំថ្មីឱ្យសាលារាជធានីភ្នំពេញគឺជាពេលដែលពលរដ្ឋនៅក្រុងភ្នំពេញមានទឹក ១ ផ្ដិល ត្រូវចែកទឹកនេះឱ្យប្រជាពលរដ្ឋ ២០ ឃុំដែលទើបកាត់បញ្ចូលមកថ្មីនោះប្រើប្រាស់ដែរ។
លោកបានឱ្យដឹងថា៖ «បច្ចុប្បន្ន រដ្ឋាករទឹកមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ៦ ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃ។ ហើយផែនការមេលើកទី ៣ របស់យើង គឺយើងធ្វើសំដៅចាប់ពីឆ្នាំ ២០២១ នេះរហូតដល់ឆ្នាំ ២០៣០ ហើយការសិក្សាលើកនេះមានលក្ខណៈទូលំទូលាយណាស់ ដែលជាការគិតគូររបស់រដ្ឋាករទឹកសំដៅធ្វើម៉េច ពី ១ ឆ្នាំទៅ ១ ឆ្នាំក្នុងផែនការមេលើកទី ៣ នេះមិនឱ្យមានការខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញទៀតទេ»។
លោក ណារ៉ូ បានឱ្យដឹងថា ការអភិវឌ្ឍវិស័យទឹកស្អាត ការសាងសង់រោងចក្រ ការពង្រីកបណ្ដាញមេនាំទឹក ការពង្រីកបណ្ដាញចែកចាយទឹក ការចោះបំពង់ទឹកពីបំពង់ចែកចាយទៅផ្ទះអតិថិជន ចាប់ផ្ដើមពីការស្វែងរកថវិការរហូតទៅដល់ការងារបញ្ចប់អាចឱ្យប្រជាពលរដ្ឋបានទឹកប្រើប្រាស់បាន គឺត្រូវប្រើប្រាស់រយៈពេល ៥ ឆ្នាំ។ ចំពោះការសិក្សា និងការសាងសង់ជាទូទៅប្រើប្រាស់ពេល ៣ ឆ្នាំ ទើបអាចបញ្ចប់គម្រោងសាងសង់នីមួយៗ៕