ភ្នំពេញៈ អគ្គិភ័យជាគ្រោះមហន្តរាយមួយ ក្នុងចំណោមគ្រោះមហន្តរាយផ្សេងៗទៀត ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងបង្កឱ្យបាត់បង់ជីវិត ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេល ហើយការសង្គ្រោះជីវិត និងការការពារទ្រព្យសម្បត្តិ ឬផ្ទះសំបែង ឱ្យរួចផុតពីការធ្លាក់ចូលក្តីអន្តរាយ ក្នុងគ្រោះអគ្គិភ័យ គឺជាគោលដៅ និងភារកិច្ចដ៏ចម្បងរបស់កងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ។
ស្ថិតក្នុងគោលដៅ និងភារកិច្ចចម្បង ដែលជាតម្រូវការចាំបាច់ ក្នុងការជួយសង្គ្រោះឱ្យផុតពីគ្រោះមហន្តរាយអគ្គិភ័យនេះ មន្ត្រីនគរបាលផ្នែកពន្លត់អគ្គិភ័យ ដែលត្រូវបានជ្រើសរើសមកពីការិយាល័យអគ្គិភ័យគ្រប់រាជធានី-ខេត្ត និងនាយកដ្ឋានជំនាញ នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកពន្លត់អគ្គិភ័យ រយៈពេល៥ឆ្នាំ ពីប្រទេសវៀតណាម នាពេលខាងមុខ។
ជាអ្នកសង្គ្រោះ ត្រូវតែពុះពារគ្រប់កាលៈទេសៈលំបាកៗ ដូចព្រឹត្តិការណ៍ ដែលបានកើតឡើង កាលពីយប់ថ្ងៃទី ១៦ កក្កដា ឆ្នាំ ២០២២ ដែលពេលនោះរថយន្តពន្លត់អគ្គិភ័យគ្មានលទ្ធភាពបាញ់ទឹកទៅដល់ជាន់ទី៣៤ ខណៈភ្លើងក៏កំពុងឆេះពេញបន្ទុក ហើយជនរងគ្រោះប្រុសស្រីជាជនជាតិចិន ២ នាក់ គ្មានលទ្ធភាពរំដោះខ្លួនចេញពីបន្ទប់បាន។ ប៉ុន្តែដើម្បីសង្គ្រោះជីវិតជនរងគ្រោះ នគរបាលនៃការិយាល័យពន្លត់អគ្គិភ័យ បានប្រើប្រាស់ជណ្តើរជើងឡើងរហូតដល់ជាន់ទី៣៤ ហើយរំដោះជនរងគ្រោះបានដោយសុវត្ថិភាព។
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បន្ទប់ដែលឆេះក្នុងអគារខុនដូព្រីនស៍ ផ្លាហ្សា ស្ថិតនៅជាន់ទី៣៤ ហើយនៅពេលនោះមន្ត្រីជំនាញផ្នែកពន្លត់អគ្គិភ័យបានប្រើមធ្យោបាយឡើងតាមជណ្តើរជើង និងទាញទុយោទឹកដែលមានរៀបចំជាប្រព័ន្ធស្រាប់នៅទីនោះបាញ់ចូលទៅក្នុងបន្ទប់ហើយសម្រុកចូលបន្ទប់កំពុងឆេះ។ ភ្លាមៗនោះកម្លាំងនគរបាលបានរំដោះជនរងគ្រោះទាំង២នាក់ចេញពីបន្ទប់បានដោយសុវត្ថិភាព។
លោកថ្លែងថា៖ «ភ្លើងឆាបឆេះតែនៅក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ មិនរាលដាលដល់បន្ទប់ដទៃ ហើយកម្លាំងជំនាញរបស់យើងបានប្រើប្រព័ន្ធទឹក សម្រាប់ហេតុការណ៍អាសន្នរបស់អគារនោះតែម្តង»។
លោកឱ្យដឹងដែរថា ហេតុការណ៍អគ្គិភ័យនោះបានកើតឡើង កាលពីវេលាម៉ោងជាង ៩ យប់ ថ្ងៃទី ១៦ កក្កដា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងក៏ត្រូវបានត្រៀមបម្រុងរួចជាស្រេចផងដែរនៅខាងក្រោមអគាររួម ត្រៀមបម្រុងសម្រាប់ការប្រើប្រាស់មធ្យោបាយផ្សេងៗទៀត។ ពាក់ព័ន្ធមធ្យោបាយរថយន្តវិញ បច្ចុប្បន្ន នាយកដ្ឋានមានរថយន្តពន្លត់អគ្គិភ័យមួយចំនួន មានសមត្ថភាពអាចប្រើបាន ១៥ ជាន់ចុះក្រោម។ ចំពោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានចំនួន៥៨គ្រឿង ខណៈនាយកដ្ឋានពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិមាន ៨ គ្រឿង។
បើតាមនាយនគរបាលរូបនេះ កន្លងមកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយក្រុមហ៊ុនចិនមួយ ដោយមានការបណ្តុះបណ្តាលមន្ត្រីពន្លត់អគ្គិភ័យមកពីរាជធានី-ខេត្ត ជារៀងរាល់ ១ ឆ្នាំម្តង។
ការបណ្តុះបណ្តាលនោះមានដូចជាអំពីរបៀបពន្លត់អគ្គិភ័យ របៀបសង្គ្រោះជនរងគ្រោះ អំពីរបៀបបង្ការកុំឱ្យកើតមានអគ្គិភ័យ និងពីរបៀបសិក្សាប្លង់។ ដូច្នេះមន្ត្រីនគរបាលផ្នែកពន្លត់អគ្គិភ័យទូទាំងរាជធានី-ខេត្ត បានសិក្សារៀនសូត្រពីជំនាញបច្ចេកទេសនេះបានជាប់រហូតមក។ ប៉ុន្តែ ដោយសារស្ថានការណ៍ជំងឺកូវីដ រយៈពេលប្រហែល៣ឆ្នាំនេះ គឺខាងនាយកដ្ឋានរបស់លោកបានផ្អាក ១ រយៈពេលសិន។
លោកថ្លែងថា៖ «កន្លងមក យើងក៏មានវគ្គបណ្តុះបណ្តាលខ្លី រយៈពេល៣ខែ។ ប៉ុន្តែយើងក៏មានការបណ្តុះបណ្តាលរយៈពេលវែង៥ឆ្នាំនៅប្រទេសវៀតណាមដែរ ដែលមន្ត្រីនគរបាលយើងមកពីគ្រប់រាជធានី-ខេត្ត ពេលរៀនចប់ពួកគាត់ក្លាយទៅជា [អ្នកមាន] បរិញ្ញាបត្រអគ្គិភ័យហើយ»។
លោក ហួត មុនីពិសាខ អាយុ ៣៨ ឆ្នាំ បច្ចុប្បន្នជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺជាជនរងគ្រោះស្ទើរតែបាត់បង់ជីវិត ក្នុងគ្រោះអគ្គិភ័យដែរ ដោយលោកត្រូវពិការម្រាមដៃ៣ ទាញក្ងេងក្ងង់ និងខូចប្រព័ន្ធសរសៃប្រសាទខ្លះនៃរាងកាយផង។ ហេតុការណ៍ដែលលោកមិនដែលជួបប្រទះ និងការសោកស្តាយ សម្រាប់លោកនោះ គឺកាលពីវេលាម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ បន្ទាប់ពីលោកងើបពីគេងស្រាប់តែលោកឮស្នូរសំឡេងផ្ទុះហ្គាស ហើយមើលពីផ្ទះរបស់លោកនៅជាន់ទី១ ចម្ងាយប្រហែល ៣០ ម៉ែត្រ ពីទីតាំងកើតហេតុ បានឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងហ្គារ៉ាសសាំង។
នៅគ្រានោះលោកបានស្ទុះចុះពីលើផ្ទះជាន់ទី១ រត់សំដៅទៅរកកន្លែងផ្ទុះឆេះនោះ និងប្រញាប់ប្រញាល់ដាក់របាំងបិទផ្លូវមិនឱ្យអ្នកដំណើរឆ្លងកាត់ ព្រោះតែអណ្តាតភ្លើងហ្គាសមានកម្លាំងខ្លាំង។ ភ្លាមៗលោកក៏ឃើញបុរសវ័យជាង៤០ ឆ្នាំម្នាក់ឆេះខ្លួនប្រាណអស់ រត់ចេញពីផ្ទះ ដែលមានហ្គារ៉ាសសាំងនៅពីមុខ ខណៈនោះលោកក៏បម្រុងចូលទៅជួយគាត់ដែរ ប៉ុន្តែអណ្តាតភ្លើងបានជះមកត្រូវចំខ្លួនរបស់លោកបណ្តាលឱ្យរលាករបួសជាទម្ងន់។ ក្នុងស្ថានភាពនោះ អ្នកនៅក្បែរៗហេតុការណ៍ បានយកទឹកជះលើខ្លួនលោក ហើយភ្លាមៗលោកត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមសម្តីសាក្សី ដែលបានឃើញថា មុនមានអគ្គិភ័យឆេះ គឺមានរថយន្តធំ ១ គ្រឿងដឹកហ្គាសមកបូមដាក់ធុងស្តុកក្នុងហ្គារ៉ាសសាំង។ ប៉ុន្តែក្នុងធុងស្តុកហ្គាសពេញហើយ អ្នកបូមមិនបានមើលនាឡិការចេះតែបើកបង្ហូរហ្គាសបន្តទៀត បណ្តាលឱ្យផ្ទុះគម្របធុងហ្គាស និងចេញហ្គាសមកក្រៅ ហើយក៏ឆាបឆេះតែម្តងទៅ។
បើតាមលោក មុនីពិសាខ នៅពេលនោះ លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃ រយៈពេល ៥ ខែ ហើយត្រឡប់មកបន្តព្យាបាលនៅខេត្តសៀមរាប២ខែទៀត។ ប៉ុន្តែ ដោយរបួសងាប់ប្រព័ន្ធប្រសាទ នៅផ្នែកដៃខាងស្តាំម្ខាង ទើបគ្រូពេទ្យតម្រូវឱ្យលោកមកចៀរយកសាច់ត្រគាកដើម្បីប៉ះសាច់ និងបណ្តុះកោសិកាឡើងវិញ ត្រង់ដៃខាងស្តាំ ដើម្បីឱ្យសាច់រស់ឡើងវិញ។ បច្ចុប្បន្នម្រាមដៃខាងស្តាំចំនួន៣ម្រាម ត្រូវស្បែកទាញជាប់គ្នា ប្រៀបដូចក្រញាំជើងទា។ គ្រូពេទ្យប្រាប់ថា លោកត្រូវធ្វើការវះ៣ដងទៀត ដើម្បីកាត់ផ្តាច់ស្បែកម្រាមដៃ ដែលជាប់គ្នាឱ្យម្រាមដៃឃ្លាតពីគ្នាហើយឱ្យត្រង់ដូចដើមវិញ។
លោកថ្លែងថា៖ «ស្លាកស្នាមរបួសភ្លើងឆេះនៅមិនទាន់ជាសះស្រួលបួលនៅឡើយទេ ហើយបើយើងមុត ឬប៉ះលើមុខរបួសនោះខ្ញុំមិនដឹងឈឺទេ វាខូចខាតងាប់ប្រព័ន្ធប្រសាទអស់តែម្តង ។ គ្រូពេទ្យថៃប្រាប់ខ្ញុំថា ចំហាយភ្លើងហ្គាសនេះប្រៀបដូចជាប្រេងខ្យល់អ៊ីចឹង ពេលយើងហិតទៅ យើងហឺតចូលក្នុង។ រីឯហ្គាសក៏ដូចគ្នា គឺវាឆេះមួយវឹបហ្នឹង វាចូលក្នុងបំពង់ដង្ហើមគ្រឿងក្នុងយើងទាំងអស់ ព្រោះចំហេះ វាមានរហូតដល់៥ពាន់អង្សាសេឯណោះ»។
ដោយមិនចង់ឱ្យជួបបញ្ហា និងពិការភាព ដោយគ្រោះអគ្គិភ័យ ដូចដែលលោកបានជួបប្រទះនោះ លោកហួត មុនីពិសាខ បានថ្លែងថា នៅពេលដែលនរណាម្នាក់ ឬគ្រួសារណាមួយបានជួបប្រទះនឹងគ្រោះអគ្គិភ័យ នឹងត្រូវបាត់បង់ព្រទ្យសម្បត្តិផ្ទះសំបែង ឬអាចគ្រោះថ្នាក់ពិការដូចលោក ឬគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។ ហេតុដូច្នេះមានតែការប្រុងប្រយ័ត្ន និងបង្ការជាមុនទេ ទើបយើងរក្សាទ្រព្យនៅគង់វង្សបាន៕