ភ្នំពេញៈ បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វា ដែលជាករណីដំបូង នៃការនាំចូលមកក្នុងប្រទេសកម្ពុជា ហើយត្រូវបានរកឃើញ កាលពីថ្ងៃទី ២៣ ខែកក្កដា នៅតែបន្តសម្រាកព្យាបាលជំងឺនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដដែលដោយនៅមានវិជ្ជមានវីរុសនេះនៅឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលឱ្យដឹងនៅយប់ថ្ងៃទី ១ សីហា តាមរយៈប្រព័ន្ធតេឡេក្រាមថា៖«ព័ត៌មានបច្ចុប្បន្នភាព នាថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ២២:១០ នាទីយប់ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ កំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយនៅមានវិជ្ជមានវីរុសអុតស្វា នៅឡើយ។ ស្ថានភាពសុខភាពគាត់មិនអីទេ»។
លោកស្រីបន្ថែមថា សម្រាប់អ្នកពាក់ព័ន្ធផ្ទាល់ជាមួយបុរសអ្នកជំងឺជនជាតិនីហ្សេរីយ៉ារូបនេះចំនួនទាំង ៥ នាក់ ដែលកំពុងតែដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពនោះ ក៏មិនមានរោគសញ្ញាអ្វីដែរ គឺស្ថានភាពធម្មតា ប៉ុន្តែត្រូវធ្វើការតាមដានសុខភាពនៅផ្ទះដាច់ដោយឡែកបន្តទៀត។
ប្រជាពលរដ្ឋគ្រប់រូបអាចចៀសវាង និងការពារបានពីការចម្លងមេរោគអុតស្វានេះ ដោយមិនត្រូវប៉ះពាល់ផ្ទាល់ជាមួយបុគ្គលដែលមានការសង្ស័យថា មានជំងឺអុតស្វា ឬបុគ្គលដែលមានជំងឺអុតស្វាតែម្តង។
តើធ្វើយ៉ាងណាដើម្បីឱ្យដឹងថាបុគ្គលនោះសង្ស័យមានជំងឺអុតស្វាឬមិនមានជំងឺអុតស្វា?
លោកស្រី ឱ វណ្ណឌីន ប្រាប់ថា សម្រាប់បុគ្គលអាចសង្ស័យមានជំងឺអុតស្វា ដោយសម្គាល់ទៅលើអាការមួយចំនួន ដូចជា ការកើតចេញនូវរមាស់ ដំបៅពងទឹកលើដៃជើង ផ្ទៃមុខ ដែលជាចំណុចចាប់ផ្តើមរបស់ជំងឺអុតស្វា។
លោកស្រីបន្តថា៖«នៅពេលនោះក៏មានអមនូវការឡើងកម្តៅក្តៅខ្លូន ដែលកម្តៅនេះដល់ ៣៨,៥ អង្សាសេឡើង ដែលពេលនោះដំបៅពងទឹក ក៏ចាប់ផ្តើមចេញនៅតាមដៃជើងមុខ និងមាននៅតាមប្រដាប់បន្តពូជផងដែរ។ ការដែលចេញនេះ វាអមជាមួយនឹងការហើមកូនកណ្តុរ ឈឺខ្លួនប្រាណ ឈឺសាច់ដុំ និងអស់កម្លាំងខ្លាំងតែម្តង»។
រយៈពេលនៃការព្យាបាលជំងឺអុតស្វានេះ ចាប់ពី ២ ទៅ ៣ សប្តាហ៍ គឺសម្រាប់អ្នកដែលមានការសង្ស័យ។ បើពិនិត្យឃើញមានវីរុសអុតស្វានេះ ត្រូវនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ និងត្រូវធ្វើការពិនិត្យសំណាកឡើងវិញ រហូតលទ្ធផលអវិជ្ជមាន ទើបអាចសន្និដ្ឋានថា ជាសះស្បើយ។
បើតាមលោកស្រី ឱ វណ្ណឌីន មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីជំងឺអុតស្វាក្នុងសហគមន៍នៅឡើយទេ គឺមានតែករណីនាំចូលដោយបុរសជនជាតិនីហ្សេរីយ៉ាឈ្មោះអូសម៉ុង ស៊ីហាហ្ស៊ីរីម (OSMOND CHIHAZIRIM) អាយុ ២៧ ឆ្នាំ ដែលបានគេចចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។
ការរីករាលដាលនៃជំងឺអុតស្វានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសអាសន្នពីករណីផ្ទុះការរាលដាលនៃជំងឺអុតស្វានៅពាសពេញសកលលោកផងដែរ។ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus លើកឡើងកាលពីថ្ងៃទី ២៣ ខែកក្កដាថា ការរាតត្បាតនៃជំងឺអុត ស្វាបានរីករាលដាលជុំវិញពិភពលោកយ៉ាងឆាប់រហ័ស៕