ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានពិនិត្យលើពាក្យបណ្តឹងរបស់យុវជនម្នាក់ដែលបានលើកឡើងថា មានភាពមិនប្រក្រតីក្នុងការដោះដូរដីតំបន់ភ្នំតាម៉ៅស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ហើយក្រោយស្រាវជ្រាវករណីនេះ ACU រកឃើញថា មិនមានភាពមិនប្រក្រតី ឬមានតម្រុយនៃអំពើពុករលួយនោះទេ។
តាមលិខិតរបស់លោក ឱម យ៉ិនទៀង ប្រធាន ACU ចេញកាលពីខែកក្កដា ដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានកាលពីថ្ងៃទី ២ ខែសីហា បានឱ្យដឹងថា ACU ទទួលបានពាក្យបណ្តឹងរបស់លោក តាន់ គឹមសួរ ដែលបានលើកឡើងពីភាពមិនប្រក្រតីក្នុងការដោះដូរដីតំបន់ភ្នំតាម៉ៅ នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២ និងបានប្រជុំពិនិត្យពាក្យបណ្តឹងនៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២។
តាមរយៈលិខិតដដែលនេះ លោក ឱម យ៉ិនទៀង បានឱ្យដឹងថា ក្រោយពិនិត្យលើករណីនេះ ACU រកមិនឃើញតម្រុយនៃការពាក់ព័ន្ធអំពើពុករលួយឡើយ។ លោកបញ្ជាក់ថា៖« ACU យល់ឃើញថា ករណីខាងលើនេះ មិនបានបង្ហាញពីភាពមិនប្រក្រតី ឬ តម្រុយនៃអំពើពុករលួយ ដែលជាសមត្ថកិច្ចរបស់ ACU ទេ ហើយប្រសិនបើថ្ងៃខាងមុខ លោករកឃើញ ឬប្រទះថា ក្នុងរឿងនេះ មានតម្រុយនៃអំពើពុករលួយ សូមលោក កុំស្ទាក់ស្ទើរ នឹងវិលត្រឡប់ដាក់ពាក្យប្តឹងមក ACU សាជាថ្មី»។
ជាមួយគ្នានេះ លោក ឱម យិនទៀង បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់រាយការណ៍ និងការលើកសំណូមពរដែលបង្ហាញពីការព្រួយបារម្ភខ្លាចក្រែងមានភាពមិនប្រក្រតីក្នុងការដោះដូរទីតាំងខាងលើនេះ។ លោកបន្តថា ការដោះដូរទីតាំងដីនោះគឺជាកិច្ចការរដ្ឋបាល លើការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ តាមច្បាប់ស្តី ពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
លោកលើកឡើងថា ក្នុងការដោះដូរដីនេះ ឃើញថា មានការផ្តល់ជូនស្ថាប័នរដ្ឋ នូវលក្ខខណ្ឌអំណោយផលជាច្រើនរួមទាំងទីតាំងដីថ្មី ដែលមានអគារ ហេដ្ឋារចនាសម្ព័ន្ធ និងមានបំពាក់សម្ភារបច្ចេកទេស ជាច្រើន ដែលបង្ហាញថា ការដោះដូរនេះមានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃច្បាស់លាស់។
លោកប្រធាន ACU លើកឡើងទៀតថា លើសពីនេះ ក៏មានការ បង្កើតទីតាំងថ្មីចំនួន ៣ នៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី ដែលទីតាំងថ្មីនេះមានការពង្រីកឱ្យបានកាន់តែធំឡើងដែលនេះបញ្ជាក់ថា រាជរដ្ឋាភិបាលមានការគិតគូរជ្រៅជ្រះទៅលើការពង្រឹងសមត្ថភាព និងចីរភាពក្នុងការអភិរក្ស សត្វព្រៃ។
លោកបញ្ជាក់ទៀតថា៖«តាមរយៈការស្រាវជ្រាវប្រមូលឯកសារ ការពិនិត្យលើលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសច្បាប់ស្តីពីការ គ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ACU រកឃើញថា មិនមានភាពមិនប្រក្រតីក្នុងការដោះដូរខាងលើទេ ហើយលិខិតលេខ ៣២ ស.ជ.ណ.ចុះថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី មានលក្ខណៈ គ្រប់គ្រាន់តាមគោលការណ៍ច្បាប់» ។
ភ្នំពេញប៉ុស្តិ៍មិនអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីលោក តាន់ គឹមសួរ បានទេ នៅថ្ងៃទី ២ ខែសីហា ប៉ុន្តែ ក្រោយទទួលបានលិខិតពី ACU លោក តាន់ គឹមសួរ បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២៨ ខែកក្កដាថា៖ «នេះគឺជាលិខិតឆ្លើយតប របស់ ACU មកកាន់ខ្ញុំ ខ្ញុំមិនមានការជំទាស់ទៅលើការលើកឡើងរបស់ ACU ទេ។ ខ្ញុំគ្រាន់តែឆ្ងល់មួយទេ ខាងអគ្គនាយកក្រុមហ៊ុន Khmer Fresh Milk បានឆ្លើយបំភ្លឺមកកាន់ខ្ញុំថា មិនមានការពាក់ព័ន្ធទៅនឹងការស្នើសុំផ្ទេរសិទ្ធកាន់កាប់ដីភ្នំតាម៉ៅទេ តែបែរជាធ្វើលិខិតផ្លូវការមួយទៅ ACU ថា បានធ្វើការស្នើសុំទៅវិញ»។
ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរក សុំការបំភ្លឺពីនាយកប្រតិបត្តិក្រុមហ៊ុនខ្មែរហ្វ្រេសមិល លោក ឈរ រិទ្ធី បានទេនៅថ្ងៃទី ២ ខែសីហា។
ចំណែក លោក លី សាវេត អ្នកនាំពាក្យរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា មកដល់ពេលនេះ រដ្ឋបាលខេត្តនៅតែមិនទាន់បានទទួលបានព័ត៌មានយ៉ាងណាមួយ ជុំវិញការដោះដូរដីនោះនៅឡើយទេ។
លោកបញ្ជាក់ថា៖ «ក្រសួងកសិកម្មគាត់ជាសាមីអង្គភាពហើយបើសិនជាគាត់បានគោលការណ៍ពីរាជរដ្ឋាភិបាលយ៉ាងណាមួយ គាត់អនុវត្តនីតិវិធីជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅ ពេលចប់សព្វគ្រប់ដល់ដំណាក់កាលចុះបញ្ជីទើបមកដល់អាជ្ញាធរខេត្ត» ។
តាមរយៈលិខិតរបស់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ១៧ ខែឧសភា បានឱ្យដឹងថា ការដោះដូរទីតាំងដី នៅតំបន់ភ្នំតាម៉ៅ មិនប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដែលមានទំហំជាង ៤០០ ហិកតា និងមានរបងព័ទ្ធជុំវិញជាង ៨ ៣៩៤ ម៉ែត្រ មានហេដ្ឋារចនាសម្ព័ន្ធនានាដែលបានអភិវឌ្ឍកន្លងមកនោះឡើយ។ ជាមួយគ្នានោះ ការអភិវឌ្ឍតំបន់នោះ ក៏មិនប៉ះពាល់ទៅដល់ការសហការជួយរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ឬការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ Wildlife Alliance នោះផងដែរ៕