ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា (Hayashi Yoshimasa) ប្រកាសថា លោកនឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាមួយសមភាគីកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាដែលចាប់ផ្តើមនៅថ្ងៃទី ៣ សីហា នេះ ដោយលោកអះអាងថា សហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។
ការប្រកាសរបស់លោក Yoshimasa ធ្វើឡើងតាមរយៈសារដែលបានផ្ញើជូនប្រជាជនកម្ពុជាមុន ១ ថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាជាលើកដំបូងក្នុងនាមជារដ្ឋមន្ត្រីការបរទេសនៅថ្ងៃទី ៣ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលបានចាប់ផ្តើមពីថ្ងៃទី ២៩ ខែកក្កដាហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។
សាររបស់លោក Yoshimasa ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី ២ ខែសីហា បានបញ្ជាក់ថា ក្នុងទស្សនកិច្ចលើកនេះ លោកមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនង «ដ៏រឹងមាំ» រវាងប្រទេសកម្ពុជា និងជប៉ុន។
លោក Yoshimasa ថ្លែងថា៖ «ក្នុងដំណើរទស្សនកិច្ចលើកនេះខ្ញុំនឹងជួបពិភាក្សាជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលជាសមភាគីរបស់ខ្ញុំ ជាពិសេសអំពីការវិវឌ្ឍនៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ»។
លោកបានសម្តែងនូវការគោរពចំពោះលោក ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេសកម្ពុជាដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលកិច្ចប្រជុំទាំងនេះក្នុងនាមជាប្រធានអាស៊ាន។
លោក Yoshimasa បានថ្លែងថា៖ «សហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជា បញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនានា ដែលធ្វើឡើងក្នុងស្ថានភាពបែបនេះមានសារៈសំខាន់ជាវេទិកាមួយ ដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់»។
ជាមួយនេះ លោកបានថ្លែងអំណរគុណ «យ៉ាងជ្រាលជ្រៅ» ចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) តាមរយៈការបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងនៅទូទាំងប្រទេសកម្ពុជាហើយការផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។
លោកបានបញ្ជាក់ថា៖ «កាយវិការដ៏កក់ក្ដៅទាំងនេះបានលើកទឹកចិត្តដល់ខ្ញុំផ្ទាល់ ហើយធ្វើឱ្យខ្ញុំរំភើបដោយដឹងថាមានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា»។
កាលពីខែមីនា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានធ្វើទស្សនកិច្ចនៅកម្ពុជា និងបានចេញសេចក្តីថ្លែងការណ៍រួមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
លោក Yoshmasa បានបញ្ជាក់ថា៖ «ប្រទេសជប៉ុននឹងបន្តខិតខំធ្វើការដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមឱ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយប្រជាជនកម្ពុជា»។
លោកបានជូនពរឱ្យកិច្ចប្រជុំ AMM និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ប្រព្រឹត្តទៅដោយជោគជ័យ និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែរីកចម្រើន។
ក្រៅពីនេះលោក Yoshimasa ចង់សាកល្បងអ្វីក្នុងដំណើរទស្សនកិច្ចរបស់លោក ដោយលោកបញ្ជាក់ថា លោកគឺជាអ្នកគាំទ្រម្ហូបខ្មែរ ព្រោះលោកបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូប្រទេសជប៉ុនជាញឹកញាប់។ ពេលនេះលោកទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមិនអាចសុំការបញ្ជាក់បន្ថែមពីជំនួបរវាង Hayashi Yoshimasa និងលោក ប្រាក់ សុខុន បានទេកាលពីថ្ងៃទី ២ សីហា ដោយលោកអះអាងថា ពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លើយតប។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាពថ្លែងថា ជប៉ុនក៏មានការព្រួយបារម្ភផងដែរចំពោះការប្រឈមបញ្ហាសន្តិសុខ ព្រោះជប៉ុនជាប្រទេសមួយដែលស្ថិតនៅជិតចិន និងរុស្ស៊ីដែលកន្លងមករុស្ស៊ីក៏ធ្លាប់គំរាមជប៉ុនផងដែរ។ ដោយសារថ្មីៗនេះបញ្ហាប្រឈមនៅសមុទ្រចិនខាងត្បូង និងនៅអ៊ុយក្រែនជាដើមធ្វើឱ្យជប៉ុនខិតខំពង្រឹងបញ្ហាសន្តិសុខរបស់ខ្លួន ជាពិសេសកម្លាំងយោធា។
លោកថ្លែងថា៖ «ការពិភាក្សាជាមួយនឹងភាគីកម្ពុជាពេលនេះក៏ជាចំណែកមួយដើម្បីឱ្យជប៉ុនកាន់តែមានទំនាក់ទំនងខាងផ្នែកសន្តិសុខកាន់តែច្រើនជាមួយនឹងបណ្តាប្រទេសដទៃទៀតក៏ដូចជាអន្តរជាតិ ដើម្បីជប៉ុនកាន់តែមានភាពកក់ក្តៅចំពោះសន្តិសុខរបស់ខ្លួន។ ជាមួយគ្នានេះដោយសារកម្ពុជាក៏ជាប្រធានអាស៊ានផងក៏ជាឱកាសដែលជប៉ុនត្រូវតែចាប់យកឱកាសហ្នឹង ដើម្បីជជែកជាមួយកម្ពុជាជាប្រធានអាស៊ានផង ហើយនិងភាគីកម្ពុជាដែលជាអ្នកមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយជប៉ុនរហូតមកដល់ពេលនេះផង»។
ដោយឡែកលោក ប្រាក់ សុខុន និងលោក វីវៀន បាឡាក់គ្រីសណាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនៅថ្ងៃទី ២ ខែសីហាក៏បានបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ដែលស្ថិតនៅក្នុងអគារ ICON ដែលមានទីតាំងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីដោយឡែកមួយទៀត លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសថ្លែងក្នុងសន្និសីទកាសែត នាថ្ងៃទី ២ ខែសីហាថា កម្ពុជាបានអញ្ជើញមីយ៉ាន់ម៉ាឱ្យបញ្ជូនតំណាងមិននយោបាយមីយ៉ាន់ម៉ា មកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានតែមីយ៉ាន់ម៉ា មិនបានបញ្ជូនមកទេ។
ទោះជាយ៉ាងណា លោកថា មីយ៉ាន់ម៉ានៅតែជាផ្នែកមួយនៃការងាររបស់អាស៊ាន។
លោកថ្លែងថា៖ «កិច្ចប្រជុំនៅកម្រិតបច្ចេកទេស កិច្ចប្រជុំនៅកម្រិតឧត្តមមន្ត្រីគឺសុទ្ធតែមានវត្តមានរបស់មីយ៉ាន់ម៉ាទាំងអស់ដែលគាត់ផ្តល់ធាតុចូល គាត់ផ្តល់ការយល់ឃើញរបស់គាត់ គាត់ផ្តល់ការសម្របសម្រួលពីព្រោះប្រទេសមីយ៉ាន់ម៉ាក៏ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងអាស៊ាន និងចិនដែរ»។
លោក គង់ ភោគ ថ្លែងថា វាមានបញ្ហាតែតំណាងទេ ប៉ុន្តែពាក់ព័ន្ធជាមួយនឹងការងារការសហការ ក៏ដូចជាការកៀរគរធាតុចូលផ្សេងៗគឺដំណើរការទៅតាមធម្មតា។
លោកថ្លែងថា៖ «មិនមានតំណាងមីយ៉ាន់ម៉ាចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការបរទេសពាក់ព័ន្ធទេ។ គាត់បានបោះបង់ចោលលទ្ធភាពនេះ ដោយខ្លួនឯង»៕