ភ្នំពេញៈ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ ដែលទាមទារឱ្យអាស៊ានត្រូវកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងប្រមូលផ្ដុំស្មារតីនៃការរួបរួមគ្នា ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
លោក ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពេលលោកថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធជាផ្លូវការនាព្រឹកថ្ងៃទី ០៣ ខែសីហា។
លោកបានសង្កត់ធ្ងន់លើគោលជំហររបស់ខ្លួន ក្នុងការឯកភាពដើម្បីកិច្ចសហប្រតិបត្តិការមិនមែនឯកភាពដើម្បីប្រឈមមុខដាក់គ្នានោះទេ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងត្រូវព្យាយាមផ្តោតលើបញ្ហា ដែលបង្រួបបង្រួមយើងទាំងអស់គ្នា ជាជាងផ្តោតលើបញ្ហាដែលនាំឱ្យយើងបែកបាក់គ្នា។ យើងត្រូវតែផ្តល់អាទិភាពដល់សន្តិភាពខ្ពស់ជាងអ្វីទាំងអស់»។
លោកបានបន្ថែមថា ក្នុងរយៈពេល ៥ ទសវត្សរ៍កន្លះនៃសហវិជ្ជមាន អាស៊ានសម្រេចបាននូវសមិទ្ធផល ជាក់ស្តែងជាច្រើន ដោយផ្អែកលើគោលការណ៍ព្រមព្រៀងគ្នាជាឯកច្ឆន្ទ និងការមិនជ្រៀតជ្រែកគ្នា ដែលបានបង្កើតជាស្នូលនៃមាគ៌ាអាស៊ាន។
លោកនាយករដ្ឋមន្ត្រីបានបន្តថា ជាក់ស្តែងបើទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ អាស៊ានសម្រេចបាននូវគោលដៅកំពូលគឺ «ឯកភាពក្នុងភាពចម្រុះ» នៅក្នុងតំបន់មួយ ដែលសម្បូរទៅដោយភាពចម្រុះនៃវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ៕