ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាស៊ានអាចនឹងលើកយកបញ្ហាដែលកំពុងកើតមានឡើងនៅកោះតៃវ៉ាន់មកធ្វើការពិភាក្សានាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ នាថ្ងៃទី ០៣ ខែសីហានេះ ដើម្បីឱ្យអាស៊ានអាចរួមចំណែកជួយសម្របសម្រួលធ្វើយ៉ាងណាកុំឱ្យកើនឡើងនូវកម្ដៅនយោបាយរវាងភាគីពាក់ព័ន្ធទាំងអស់។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ នេះ បានថ្លែងប្រាប់អ្នកសារព័ត៌មាននាសន្និសីទកាសែតនៅមុនពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថា យោងតាមរបៀបវារៈក៏ដូចជាចំណុចពិភាក្សាសំខាន់ៗរបស់រដ្ឋមន្ត្រីការបរទេសនៅក្នុងថ្ងៃនេះ គឺមានប្រធានបទមួយពាក់ព័ន្ធនឹងបញ្ហាតំបន់ហើយនិងបញ្ហាសកល ដែលរដ្ឋមន្ត្រីការបរទេសអាស៊ានអាចនឹងលើកយកចំណុចដែលកំពុងកើតមាននៅកោះតៃវ៉ាន់មកពិភាក្សាគ្នាផងដែរ។
លោក គង់ ភោគ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា រដ្ឋមន្ត្រីការបរទេសនឹងប្រហែលជាយកឱកាសនេះដើម្បីធ្វើការពិភាក្សាគ្នា ផ្លាស់ប្តូរយោបល់ក៏ដូចជាស្វែងរកចំណុចរួមណាមួយ ដើម្បីឱ្យអាស៊ានអាចចូលរួមចំណែកក្នុងការសម្របសម្រួល ក៏ដូចជាបញ្ចេញមតិយោបល់ ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពនៅកោះតៃវ៉ាន់មានស្ថានភាពមួយដែលមានស្ថិរភាពមិននាំទៅដល់ជម្លោះ និងមិននាំទៅដល់ការកើនឡើងនៃកម្ដៅនយោបាយរវាងភាគីពាក់ព័ន្ធទាំងអស់ផងដែរ»៕