ភ្នំពេញៈ ថ្វីដ្បិតថាបច្ចុប្បន្នចំនួនអ្នកសារព័ត៌មានស្ត្រីមានការកើនឡើង គួរឱ្យកត់សម្គាល់ ប៉ុន្តែបើប្រៀបធៀបទៅបុរសវានៅតែមានចំនួនតិច។ យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានឆ្នាំ ២០២១ ឲ្យដឹងថា ក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជាសរុបប្រមាណជាង ៥ ០០០ នាក់ មានស្ត្រីអ្នកសារព័ត៌មានចំនួនជាង ៤៧០ នាក់ ស្មើនឹង ៩,៤% ប៉ុណ្ណោះ។
ទន្ទឹមនឹងការរីករាយដែលមានការកើនឡើងចំនួនស្ត្រីក្នុងវិស័យនេះ ការប្រឈមរបស់ស្ត្រីក៏ជាបញ្ហាដែលគួរលើកឡើង និងមិនអាចមើលរំលងបានដែរទាំងត្រូវទទួលរងការរើសអើងភេទ ការបៀតបៀន និងបញ្ហាបច្ចេកវិទ្យា។
វេទិកាលើកកម្ពស់សិទ្ធិស្ត្រីអ្នកសារព័ត៌មាន «សំឡេងយើង» ដែលមានការរៀបចំឡើងដោយ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា កាលពីថ្ងៃសុក្រ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ បាននាំស្ត្រីជាង ៥០ នាក់ ចែកចាយពីបញ្ហាប្រឈម បទពិសោធ និងការស្វែងរកដំណោះស្រាយទាំងក្នុងការពង្រឹងខ្លួនឯង និងដំណោះស្រាយដែលក្រសួងពត៌មានផ្ទាល់គួរតែអាចមានចំណាត់ការបាន។
លោកស្រី អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ដ្រីកម្ពុជាបានលើកឡើងនៅលើវេទិកានោះថា៖ «កន្លងមកស្ត្រីជាអ្នកកាសែត មានបញ្ហាប្រឈមច្រើន តែមិនទាន់មានការកត់ត្រាច្បាស់លាស់ យកមកដោះស្រាយជាប្រព័ន្ធ ដើម្បីធ្វើម៉េចឱ្យមានការទទួលស្គាល់តម្លៃរបស់ស្ត្រីជាអ្នកសារព័ត៌មានក្នុងគ្រប់ជាន់ថ្នាក់ឱ្យបានទូលំទូលាយ។ ដូច្នេះ មណ្ឌលបានរៀបចំវេទិកានេះឡើងដើម្បីទទួលស្ដាប់ចម្លើយ និងសំឡេងរបស់ស្ត្រីជាអ្នកសារព័ត៌មានគ្រប់គ្នា។ បើយើងនិយាយចេញ រួមគ្នាដោះស្រាយ យើងអាចដោះស្រាយបាន»។
ជាមួយគ្នានោះ វាគ្មិន ៣ នាក់ ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសរួមមាន លោកស្រី ឆន សុគន្ធា នាយិកានៃនាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោកស្រី កាន់ វិច្ឆិកា អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក VOA និងកញ្ញា នឿន ស្រីណុច វិទ្យុស្ត្រីអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដោយមានការសម្របសម្រួលដោយលោកស្រី អ៊ុង ច័ន្ទថុល។
លោកស្រី ច័ន្ទថុល បានថ្លែងពីបញ្ហាប្រឈមថា ពេលកូវីដ ដោយសារកូនៗមិនបានទៅរៀន ឬរៀននៅផ្ទះ ស្ត្រីត្រូវលាលែងពីការងារដើម្បីមើលកូនពេញម៉ោង។ ការងារមើលកូនសង្គមគេចាត់ទុកជាការងារស្ត្រី ដូច្នេះស្ត្រីមានការងារទទួលខុសត្រូវច្រើន ទាំងការងារការិយាល័យ និងការងារផ្ទះទៀត។ មួយទៀតដោយសារការរីកចម្រើន ផ្នែកឌីជីថល ធ្វើឱ្យស្ត្រីពិបាកខ្លះដែរក្នុងការបំពេញការងារឱ្យបានពេញសក្ដានុពល។
លោកស្រី កាន់ វិច្ឆិកា ដែលជាអ្នកសារព័ត៌មាន ជិត ១០ ឆ្នាំ បានចែករំលែកពីបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយដែលនាំឱ្យអ្នកស្រីឆ្លងផុតមកដល់ចំណុចនេះ។
លោកស្រីលើកឡើងថា៖ «នាងខ្ញុំអាចសង្កេតឃើញពីស្ថានភាពស្ត្រីអ្នកសារព័ត៌មានយើង បញ្ហាគ្រួសារជាចម្បង។ ស្ត្រីវ័យក្មេងដែលចង់ធ្វើជាអ្នកសារព័ត៌មាន ឆ្លងមិនផុតពីដំណាក់កាលគ្រួសារទេ ព្រោះគ្រួសារគិតថាការងារនេះប្រឈមនឹងបញ្ហា គ្រោះថ្នាក់ ចំណូលតិច ត្រូវហាលថ្ងៃ ឬពេលខ្លះរត់រងគ្រាប់កាំភ្លើងឬដុំថ្ម»។
លោកស្រីលើកពីបទពិសោធផ្ទាល់ថា ពេលចាប់អាជីពជាអ្នកសារព័ត៌មានដំបូង ក្នុងវ័យ ២២ ឆ្នាំ ឪពុកអ្នកស្រីឱ្យលាឈប់ដល់ទៅ៣ដង ព្រោះអ្នកស្រីតែងត្រូវចុះខេត្ត ធ្វើការគ្មានសៅរ៍ អាទិត្យ ឬយប់។ ប៉ុន្តែ អ្នកស្រីថា បានបន្តព្យាយាមសម្របសម្រួលជាមួយគាត់ ដោយភាពរឹងមាំ និងទន់ភ្លន់ យូរៗពួកគាត់ក៏យល់។
លើសពីនេះនៅមាន បញ្ហាសង្គម អ្នកស្រីថា ការគាំទ្រស្ត្រីនៅក្នុងវិស័យព័ត៌មាននៅមានកម្រិត អ្នកខ្លះរីករាយដែលឃើញស្ត្រីជាអ្នកសារព័ត៌មានទៅសម្ភាស តែអ្នកខ្លះអត់ទេ។
លោកស្រីថា៖ «ខ្ញុំពេលខ្លះចង់សម្ភាសពួកគាត់ដែលជាស្ត្រីវ័យ ៥០-៦០ ឆ្នាំ។ គាត់គិតថាយើងមិនមែនជាអ្នកសារព័ត៌មានទេ យើងចុះទៅសួរនាំអាចនាំរឿងដល់ពួកគាត់។ ចំណែកការចុះយកព័ត៌មាននៅខេត្ត ឬព្រៃស្ងាត់ ស្ត្រីប្រឈមទាំងអំពើហិង្សា ការបៀតបៀន ឬក៏អាចឈានដល់ការរំលោភ។ អ្នកខ្លះទទួលរងការប្រចណ្ឌពីភរិយារបស់ប្រភពដែលជាបុរស ពិបាកពេលណាត់ជាមួយប្រភពសម្ភាសផ្ទាល់។ លើសពីនេះគឺមានការបៀតបៀនទាំងតាមសម្ដី តាមអនឡាញ និងផ្លូវភេទ»។
កញ្ញា ហ៊ន ថូវ៉ាន ជាអ្នកសារព័ត៌មានឯករាជ្យម្នាក់ក៏បានចែកចាយពីបទពិសោធដែលកញ្ញាផ្ទាល់បានរងគ្រោះពីការបៀតបៀនដែលថា មានប្រភពដែលជាមន្ត្រីសង្គមស៊ីវិលម្នាក់បានឆាតនិយាយសម្ដីគម្រក់ជាច្រើន ព្រមទាំងព្យាយាមណាត់ជួបកញ្ញាផងដែរ។
លោកស្រី វិច្ឆិកា ថ្លែងថា រឿងបែបនេះគួរតែរាយការណ៍ទៅថ្នាក់លើរបស់បុគ្គលម្នាក់នោះ ព្រោះវាជារឿងខុសច្បាប់ និងមិនអាចទទួលយកបាន ដើម្បីការពារខ្លួនឯងផងនិងអ្នកដទៃផង។
បន្ទាប់នោះ លោកស្រី ឆន សុគន្ធា បានបញ្ចេញមតិយោបល់ទៅលើច្បាប់ស្ដីពីរបបសារព័ត៌មានដែលថា លោកស្រីមិនឃើញមាន មាត្រាណាដែលចែងបញ្ជាក់ពីការការពារអ្នកសារព័ត៌មានជាស្ត្រីទេ ជាពិសេសទៅលើលក្ខណពិសេសរបស់ស្ត្រីដូចជាការមករដូវ ការពពោះ ការសម្រាល និងការបំបៅដោះកូន ដោយតាំងពីឆ្នាំ ១៩៩៥ មកមិនឃើញច្បាប់មានការកែប្រែអ្វីសោះ។
លោកស្រី បន្ថែមថា តែស្ត្រីខ្លួនឯងក៏មិនទាន់បានស្នើសុំអ្វី។ ដូចនេះ ក្រោយពីសិក្ខាសាលានេះទៅ លោកស្រីផ្ដល់ជាមតិឱ្យក្រុមអ្នកសារព័ត៌មានស្ត្រី មានជាលិខិតអ្វីមួយដាក់ទៅក្រសួងព័ត៌មានឱ្យមានការកែប្រែច្បាប់ស្ដីពីរបបសារព័ត៌មានដែលមានតាំងពីឆ្នាំ ១៩៩៥ ដោយគួរតែបញ្ជូលមាត្រាមួយចំនួនលើកពីបញ្ហាស្ត្រី។
លោកស្រី សុគន្ធា ថា៖ «មុនស្នើសុំយើងត្រូវពិនិត្យមើលថាតើយើងមានបញ្ហាអ្វីខ្លះ? ហេតុអ្វីបានជាយើងស្នើសុំឱ្យមានការការប្រែច្បាប់ស្ដីពីរបបសារព័ត៌មាន? បើមិនអ៊ឹចឹងចំនួនស្ត្រីបម្រើការងារក្នុងវិស័យហ្នឹងថយទៅៗ ដោយសារបញ្ហាប្រឈមទាំងអស់ហ្នឹង។ ដូចនេះ យើងរៀបចំផែនការធ្វើឱ្យមានការផ្លាស់ប្ដូរ បន្ទាប់ពីដាក់ទៅក្រសួងហើយ ត្រូវមានការតាមដាន»។
លោកស្រី ប៊ុនថន វលក្ខណ៍ ជាអ្នកផលិតកម្មវិធីជាន់ខ្ពស់នៅ CCIM ក៏បានបន្ថែមដែរថា ទន្ទឹមនឹងការកែប្រែស្នើទៅក្រសួងផ្សេងៗ អ្នកស្រីចង់ឱ្យស្ថាប័នមានអ្នកសារពត៌មានស្ត្រីទាំងអស់ ចាប់ផ្ដើមគិតពីរឿងការគួរគាំពារបុគ្គលិករបស់ខ្លួនជាស្ត្រីអ្នកសារព័ត៌មានហ្នឹងយ៉ាងដូចម្ដេចខ្លះជាមុនសិន មុននឹងចង្អុរឱ្យមានការគាំពារនោះបន្តទៀត។
បន្តមកទៀត កញ្ញា នឿន ស្រីណុច ដែលទើបតែបញ្ចប់បរិញ្ញាបត្រឆ្នាំទី៤ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ក៏បានចែករំលែកខ្លះពីបញ្ហាប្រឈមដែលស្ត្រីជួបប្រទះទៅលើបញ្ហាឌីជីថល ជាពិសេសនៅពេលកូវីដ ដែលតម្រូវឱ្យមានការប្រើប្រាស់កម្មវិធីដូចជា Zoom Google meet ឬផ្សេងៗក្នុងទំនាក់ទំនងមួយចំនួន។
ក្រោយពីបញ្ចប់ការថ្លែងមតិពីវាគ្មិនទាំង ៣រូបក៏មានជាសំណួរហូរហែមកកាន់អ្នកស្រី អំពីការដោះស្រាយមួយចំនួនទៅលើការទៅយកព័ត៌មានដែលមានវិជ្ជាជីវៈ ការការពារខ្លួន ការទិញទឹកចិត្ត និងសំណូមពរផ្សេងៗផងដែរ។
ឆ្លើយតបទៅសំណួរនីមួយៗដោយក្បោះក្បាយ លោកស្រី កាន់ វិច្ឆិកា ថា ចំពោះព័ត៌មានឯកជន ឬស្នេហាត្រីកោណ អ្នកសារព័ត៌មានមិនគួរទៅយកព័ត៌មានទេ រឹតតែមិនត្រូវថតទៀត។ រីឯករណីដែលមានការចេញលិខិតពីក្រសួង ឬពីខាងមន្ត្រី គណបក្សណាមួយ ដែលនិយាយថាព័ត៌មានរបស់ម្នាក់ណាមិនពិត អ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈត្រូវតែច្បាស់ចំពោះអ្វីដែលខ្លួនធ្វើដោយមានអំណះអំណាងត្រឹមត្រូវ។
លោកស្រីថា៖ «បើសិនយើងបានលិខិតពីណាក៏ដោយគាត់មិននិយាយចំឈ្មោះ ឬថាប្រភពណាមួយជាក់លាក់ទេ យើងមិនបាច់ចាំឆ្លើយតបទេ។ តែបើលិខិតហ្នឹងផ្ញើមកយើង ឬមកកន្លែងលក្ខណៈជាការប្ដឹង យើងមានភ័ស្តុតាងដែលជាសំឡេងយើងថត ដូច្នេះ ឈរលើវិជ្ជាជីវៈមិនមានអីត្រូវខ្លាចទេ»។
ក្រោយពីមានការចែកក្រុមពិភាក្សាទៅលើប្រធានបទផ្សេងៗ អំពីបញ្ហាប្រឈម ដំណោះស្រាយ និងការធ្វើបទបង្ហាញតាមក្រុមរហូតដល់ចប់ ជាកិច្ចបញ្ចប់នៃកម្មវិធី លោកស្រី អ៊ុង ច័ន្ទថុល ក៏បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ដែលមានភាពក្លាហានក្នុងការលើកឡើងពីបញ្ហារបស់ខ្លួន និងបញ្ចេញមតិរបស់ស្ត្រីអ្នកសារព័ត៌មានទាំងអស់ ដោយសង្ឈឹមថានឹងអាចមានការជួបប្រជុំបែបនេះជាបន្តបន្ទាប់ទៀត។
ឆ្លើយតបទៅនឹងបញ្ហាលើកឡើង លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា រាជរដ្ឋាភិបាល ក៏ដូចជាខាងក្រសួងព័ត៌មានតែងតែយកចិត្តទុកដាក់លើកកម្ពស់នូវការចូលរួមរបស់ស្ត្រី ក្នុងការចូលរួមអភិវឌ្ឍសង្គមនៅក្នុងនោះក៏មានវិស័យព័ត៌មានផងដែរ។ ហេតុនេះបានជាឃើញ អ្នកសារព័ត៌មានស្ត្រីកើនឡើងជាលំដាប់ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ។
ក្រសួងក៏មានរៀបចំលិខិតបទដ្ឋានគតិយុត្តមួយចំនួនដូចជាក្រមប្រតិបត្តិរវាងក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារីដើម្បីការពារស្ត្រីទូទៅ ដូចជាអ្នកសារព័ត៌មានស្ត្រីផងដែរ និង ផ្ដល់ជំនួយផ្នែកផ្លូវច្បាប់ទៅដល់អ្នកសារព័ត៌មានដោយមិនគិតថា មកពីអង្គភាពណា មាននិន្នាការណា បុរស ឬស្ត្រីទេ។
លោកឱ្យដឹងថា៖ «បច្ចុប្បន្ននេះសេចក្ដីព្រាងច្បាប់របបសារព័ត៌មានរបស់យើងនេះក៏កំពុងស្ថិតនៅក្នុងដំណើរការនៃការសិក្សាស្រាវជ្រាវទទួលធាតុចូលពីភាគីពាក់ព័ន្ធទាំងអស់។ តាមរយៈនេះកន្លងមកក្រសួងព័ត៌មានបានបង្កើតឡើងនូវគណៈកម្មការររៀបចំធ្វើវិសោធនកម្មច្បាប់នេះរួចហើយ»។
លោកបន្តថា៖ «យើងក៏បានធ្វើសិក្ខាសាលាពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលជាមួយអ្នកសារព័ត៌មាន ២ លើកមកដែរ។ នៅក្នុងដំណាក់កាលនៃការស្រាវជ្រាវ ក៏ដូចជាប្រមូលភាគីពាក់ព័ន្ធនេះ យើងនឹងពិនិត្យពិចារណាទៅលើមតិយោបល់របស់ភាគីពាក់ព័ន្ធនានាទាក់ទងនឹងរបបសារព័ត៌មានផងដែរ»៕