ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចុះបញ្ជី​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ជិត ១ ​ម៉ឺន​គ្រឿង ក្នុង​នោះបាន​បង់ពន្ធ​រួចហើយ​មាន​ជាង ៣​ ពាន់​គ្រឿង ក្រោយពី​បញ្ចប់​ឱសានវាទ​កាលពី​ចុងខែ​កក្កដា​។ នេះ​បើតាម លោក ផា អេង​វ៉េង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

លោក​បាន​ថ្លែង​បែបនេះ ក្នុងពេលដែល​លោក​អញ្ជើញ​ចូលរួម​សន្និសីទ​សារព័ត៌មាន ស្ដីពី “​សមិទ្ធផល​សម្រេចបាន​រយៈពេល ៥ ​ឆ្នាំកន្លងមក របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​” កាលពី​ថ្ងៃទី​ ២ ​ខែសីហា​​។​

លោក ផា អេង​វ៉េង បាន​ថ្លែងថា តាម​របាយការណ៍​ដែល​ទទួលបាន ជា​ទិន្នន័យ​មូល ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​មក​ចុះបញ្ជី​មាន​ជាង ៩ ៨០០​ គ្រឿង ប៉ុន្តែ​គាត់​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​បាន​ជាង ៣​ ពាន់​គ្រឿង​នៅសល់ ៦ ​ពាន់​គ្រឿង​ទៀត​។

លោក​ថា​៖ «​រដ្ឋាភិបាល​បានកំណត់​ថា​ត្រឹម​ថ្ងៃទី ៣១ ​កក្កដា គឺ​ឱ្យ​ម្ចាស់​រថយន្ត​មក​ចុះបញ្ជី​រថយន្ត​សិន ប្រកាសថា​ឡាន​នោះ​ពិត​ជាមាន​ស្រាប់​នៅក្នុង​ស្រុក ហើយ​នៅពេល​គាត់​មិនទាន់មាន​ថវិកា​គ្រប់គ្រាន់ ឬ​រវល់​ គឺ​គាត់​មាន​ពេលវេលា​រហូតដល់​ថ្ងៃទី ៨ ​ខែតុលា ដើម្បី​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ក៏បាន​»​។

លោក​បាន​គូសបញ្ជាក់ថា ការអនុញ្ញាតឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​មក​ចុះបញ្ជី​នេះ ដើម្បី​ធ្វើ​អត្តសញ្ញាណថា ជា​រថយន្ត​គ្មាន​ពន្ធ​ស្រាប់​ក្នុងស្រុក ហើយ​បើសិនជា​ក្រោយពី​ថ្ងៃទី ​៣១​ ខែកក្កដា ទោះបីជា​គាត់​មក​ប្រកាស​ចាត់ទុកថា​ជាការ​នាំចូល​ថ្មី និង​ចាត់ទុកថា​​ខុសច្បាប់​។ ចាប់ពី​ថ្ងៃទី​ ១ ខែសីហា ឆ្នាំ​ ២០២២​ តទៅ គ្រប់​អង្គភាព​គយ និង​រដ្ឋាករ ត្រូវ​ប្រមូលផ្ដុំ​និង​ប្រើប្រាស់​កម្លាំង​សមស្រប ដើម្បី​អនុវត្ត​យុទ្ធនាការ​បង្ក្រាប ឱ្យបាន​សកម្ម និង​ម៉ឺងម៉ាត់​លើ​រថយន្ត​គ្មាន​ពន្ធ​គ្រប់​ប្រភេទ នៅ​គ្រប់​មុខសញ្ញា​ដូចជា ទីសាធារណៈ ការដ្ឋាន និង​កន្លែងអាជីវ​កម្ម​ជាដើម​។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​លោក សន ជ័យ ថ្លែងថា ការបំពេញ​កាតព្វកិច្ច​ទៅលើ​ពន្ធគយ ដែល​រដ្ឋាភិបាល​កំពុង​រឹតបន្តឹង​នាពេលនេះ​ គឺជា​វិធានការ​ថ្មី​មួយ​ដ៏​ល្អ ដែល​រួមចំណែក​ដល់​ចំណូល​ជាតិ និង​ជាការ​ចង់បាន​របស់​ព​ល​រដ្ឋ​គ្រប់រូប​។​

​លោក​ថា​៖ «​ការបំពេញ​កាត​ព្វកិច្ច​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ គឺជា​រឿង​មួយ​ចៀស​មិន​រួច ប៉ុន្តែ​ទន្ទឹម​នោះ​យើង​ចង់ឃើញ​ការសម្រួល​នីតិវិធី​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​នាំចូល​រថយន្ត​។​ខ្ញុំ​យល់ថា ​អាជ្ញាធរ​រដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​គួរតែ​ព​ន្លឿ​ន ឬ​ការផ្តល់​អាទិភាព​ទៅឱ្យ​ម្ចាស់​យានយន្ត​ដែល​មិនទាន់​​បង់ពន្ធ​អាចបំពេញ​កាតព្វកិច្ច​បាន ​ចៀសវាង នីតិវិធី​ស្មុគស្មាញ​ដែលជា​ឧ​ប​សគ្គ​ដល់​ពួកគេ​»​។​

​សម្រាប់​រថយន្ត​ចង្កូត​ស្តាំ ការចុះបញ្ជី​រថយន្ត​ផុតកំណត់​ត្រឹម​ថ្ងៃទី​ ៣១ ខែកក្កដា ប៉ុន្តែ​ការបង់ពន្ធ​និង​អាករ ខាង អគរ ពន្យារពេល​រហូតដល់​ថ្ងៃទី ​៨ ខែ តុលា ឆ្នាំ​ ២០២២​។ ស្រប​ជាមួយគ្នានេះដែរ ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ​ស្រាប់​ក្នុងប្រទេស ដែល​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេង​ដូចជា ន​.​ប ឬ ខ​.​ម អាច​ទៅ​បង់ពន្ធ​និង​អាករ​រហូត​ថ្ងៃទី​ ៨ តុលា ដោយ​មិន​រង​ការផាកពិន័យ​ឡើយ​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុ​យ​ជា បានឱ្យដឹងថា បើ​គិត​ត្រឹម​ថ្ងៃទី​ ៣០ មិថុនា ឆ្នាំ​ ២០២២ កន្លងទៅ ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ទាំង​រថយន្ត​ចង្កូត​ឆ្វេង និង​ចង្កូត​ស្តាំ​ចូល​បំពេញ​កាតព្វកិច្ច​ពន្ធអាក​រ គឺ​ទទួលបាន ៧៦ លាន​ដុល្លារ​៕

​ ​