ភ្នំពេញៈ ប្រទេសកម្ពុជា និងប្រទេសកាតា បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ក៏ដូចជាក្នុងការជំរុញឱ្យចាប់ផ្តើម មានទំនាក់ទំនងផ្នែកធុរកិច្ចផងដែរ។
ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា កាលពីថ្ងៃទី ០៣ ខែសីហា ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំង២បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ក៏ដូចជាក្នុងការជំរុញឱ្យចាប់ផ្តើមមានទំនាក់ទំនងផ្នែកធុរកិច្ចផងដែរ។
នាឱកាសនោះ លោក ប្រាក់ សុខុន បានស្នើឱ្យប្រទេសកាតា បញ្ជូនគណៈប្រតិភូធុរកិច្ច មកចូលរួម ក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ ដែលនឹងប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៥-១៨ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងពាណិជ្ជកម្ម។
លោកក៏បានស្នើឱ្យមានការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ផងដែរ។
រដ្ឋមន្ត្រីការបរទេសទាំង ២ ក៏បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍រួម និងបានយល់ស្របគ្នាលើការការពារពហុភាគីនិយម និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ភាគីទាំង ២ ក៏បានឯកភាពគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិផងដែរ។
ក្នុងជំនួបនោះ លោក Sheikh Mohammed bin Abdulrahman Al-Thani បានអញ្ជើញ លោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចនៅកាតាក្នុងពេលឆាប់ៗខាងមុខ សំដៅស្វែងរកកាលានុវត្តភាពក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក Sheikh Mohamed bin Abdulrahman Al-Thani នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងចូលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕