ភ្នំពេញៈ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការធ្វើសមយុទ្ធរវាងប្រទេសកម្ពុជា វៀតណាម និងឡាវ ស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយនៅដើមខែកញ្ញាខាងមុខនេះ បង្ហាញពីសាមគ្គីភាព ការផ្លាស់ប្តូរបទពិសោធរវាងកងទ័ពប្រទេសទាំង ៣ និងជាផ្នែកដ៏ល្អមួយនៃការបង្ការគ្រោះមហន្តរាយនាពេលអនាគត។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែសីហា លោក គិន ភា លើកឡើងថា សមយុទ្ធរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលនឹងធ្វើឡើងនៅដើមខែកញ្ញាខាងមុខក្នុងប្រទេសឡាវ គឺបង្ហាញពីសាមគ្គីភាពរវាងប្រទេសទាំង៣ ដែលមានភូមិផងរបងជាមួយគ្នា។ ជាមួយគ្នានោះសមយុទ្ធនេះក៏បង្ហាញពីផ្នែកមួយនៃការផ្លាស់ប្តូរបទពិសោធរវាងកទ័ពនៃប្រទេសទាំង៣ជុំវិញការសង្គ្រោះគ្រោះមហន្តរាយផងដែរ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា វាជាការបង្ការដ៏ល្អមួយដែលធ្វើឲ្យប្រទេសទាំង ៣ ហ្នឹង ត្រៀមលក្ខណៈបង្ការគ្រោះថ្នាក់មហន្តរាយនាពេលអនាគតដែលអាចកើតមានជាយថាហេតុហ្នឹង គឺយើងមានការត្រៀមលក្ខណៈគ្រប់គ្រាន់ ហើយជារួមខ្ញុំវាយតម្លៃថាជារឿងមួយល្អបាទ»។
នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិបានសរសេរលើបណ្តាញហ្វេសប៊ុកកាលពីថ្ងៃទី ៣ ខែសីហាថា កងទ័ពឡាវ វៀតណាម និងកម្ពុជា គ្រោងនឹងបើកធ្វើសមយុទ្ធរួមគ្នាមួយស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយសម្រាប់ប្រទេសទាំង ៣ ដែលមានភាគីកងទ័ពឡាវធ្វើជាម្ចាស់ផ្ទះ នៅដើមខែកញ្ញាខាងមុខនេះ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២២។
ក្នុងកិច្ចប្រជុំរបស់ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញរបស់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី ៣ ខែសីហា នៅទីស្ដីការក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញនៃក្រសួងការពារជាតិកម្ពុជាថ្លែងថា ការធ្វើសមយុទ្ធគឺដើម្បីត្រៀមលក្ខណសម្បត្តិទាំងកម្លាំង និងមធ្យោបាយសម្ភារ ឧបករណ៍សង្គ្រោះបន្ទាន់ សម្រាប់ការឆ្លើយតបបន្ទាន់ ណាមួយគ្រប់ឧបទ្ទវហេតុនៃគ្រោះមហន្តរាយទាំងឡាយ ដែលកើតមានឡើងជាយថាហេតុ និងដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលកើតមានឡើងក្នុងតំបន់ និងប្រទេសនីមួយៗឲ្យបានទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ឯក ប៉ាង ធារ៉ូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិបានបញ្ជាក់ថា ក្រសួងការពារជាតិឡាវបានអញ្ជើញក្រសួងការពារជាតិកម្ពុជាចាត់បញ្ជូនកម្លាំងជំនាញនៃក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់និងស្ដារឡើងវិញ ដើម្បីចូលរួមធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់នៃប្រទេសទាំង៣ឡាវ វៀតណាម និងកម្ពុជា ។
លោកបន្តថា ជាការឆ្លើយតបកម្ពុជាបានគ្រោងរៀបចំសម្ភារឧបករណ៍សង្គ្រោះបន្ទាន់ ហើយនឹងចាត់បញ្ជូនកម្លាំងកងទ័ពជំនាញរបស់ខ្លួន ដែលធ្លាប់មានបទពិសោធក្នុងការធ្វើសកម្មភាពសង្គ្រោះគ្រោះមហន្តរាយគ្រប់ឧបទ្ទវហេតុដែលមានដូចជាកងកម្លាំងមានបទពិសោធក្នុងការជួយសង្គ្រោះឧបទ្ទវហេតុធ្លាក់យន្តហោះ កងកម្លាំងដែលមានបទពិសោធក្នុងសកម្មភាពជួយសង្គ្រោះការរលំបាក់អគារខ្ពស់ៗ កងកម្លាំងជំនាញដែលមានបទពិសោធក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ជាដើម ទៅចូលរួមក្នុងសមយុទ្ធនៅប្រទេសឡាវ។
លោកបញ្ជាក់ថា៖ «កម្ពុជានឹងបញ្ជូនកម្លាំងជំនាញចំនួន ៤០ រូប រួមនឹងសម្ភារ ឧបករណ៍សង្គ្រោះបន្ទាន់មួយចំនួនធំតបតាមការអញ្ជើញរបស់ភាគីកងទ័ពប្រជាជនឡាវដើម្បីចូលរួមក្នុងសកម្មភាពសមយុទ្ធនេះ»៕