ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសជប៉ុននៅថ្ងៃទី ៤ ខែសីហា បានប្រកាសផ្តល់លិខិតសរសើរដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងបុគ្គល ២ រូប ដែលជាជនជាតិជប៉ុន ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់និង CMAC លើការជំរុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា និងបានចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ អន្តរជាតិលើវិស័យបច្ចេកទេសដោះមីន។
ការប្រកាសផ្តល់លិខិតសរសើរជូនបុគ្គល និងក្រុមដែលមានស្នាដៃឆ្នើមទាំងនេះ ធ្វើឡើងក្នុងគ្រាដែលលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី ៤ ខែសីហា ឱ្យដឹងថា បុគ្គលឆ្នើម ២ រូប ដែលទទួលបានលិខិតសរសើរគឺ លោកស្រី អូនិ ហ៊ិហ្វូមិ ប្រធានវិទ្យាស្ថានវប្បធម៌ជប៉ុន-អន្តរជាតិ និងលោក ហ្វូគូដា តុម៉ុហ៊ិកុ សាស្រ្តាចារ្យភាសាជប៉ុន បានចូលរួមចំណែកក្នុងការជំរុញការអប់រំភាសាជប៉ុននៅប្រទេសកម្ពុជា និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាអង្គភាពទទួលបានលិខិតសរសើរ លើការចូលរួមចំណែកក្នុងការជំរុញសហប្រតិបត្តិការ អន្តរជាតិលើវិស័យ សហប្រតិបត្តិការបច្ចេកទេស។
ស្ថានទូតជប៉ុនប្រចាំកម្ពុជាបញ្ជាក់ថា ពិធីប្រគល់លិខិតសរសើរ នឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ។ ស្ថានទូតជប៉ុនសូមសម្តែងនូវអំណរសាទរ និងថ្លែងអំណរគុណ ចំពោះបុគ្គលឆ្នើមទាំង ២ រូប ដែលបានចូលរួមចំណែក ដល់ការលើកស្ទួយទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា និងជូនពរសូមឱ្យពួកគាត់ជោគជ័យបន្ថែមទៀតក្នុងការងារនេះ។
បើតាមស្ថានទូតជប៉ុន លោកស្រី អូនិ ហ៊ិហ្វូមិ បានចូលរួមចំណែកក្នុងការជំរុញការអប់រំភាសាជប៉ុននៅប្រទេសកម្ពុជា។ ក្នុងឆ្នាំ ១៩៩៥ លោកស្រី អូនិ ហ៊ិហ្វូមិ បានបង្កើតសាលាភាសាជប៉ុន ហ៊ិហ្វូមិនៅក្នុងខេត្តសៀមរាប ហើយលោកស្រី បានធ្វើការងារពាក់ព័ន្ធនឹងការអប់រំភាសាជប៉ុន និងការផ្លាស់ប្តូរវប្បធម៌សម្រាប់រយៈពេលជិត ៣០ ឆ្នាំមកហើយ។
សាលានេះបានផ្តល់មិនត្រឹមតែការអប់រំភាសាជប៉ុនប៉ុណ្ណោះទេ ថែមទាំងការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រការស្វែងរកការងារសម្រាប់យុវជនវ័យក្មេងដែលពុំទទួលបានការអប់រំ ឬគ្មានការងារ។ ចំនួនសិស្សដែលបានចូលរៀនបានកើនឡើងជាលំដាប់ ហើយរហូតមកទល់ពេលនេះមានជាង ៣ ០០០ នាក់ហើយ។ ភាគច្រើននៃសិស្សទាំងនោះមានសកម្មភាពយ៉ាងរស់រវើកក្នុងវិស័យ នានាដូចជា ទេសចរណ៍ គិលានុបដ្ឋាយិកា និងអប់រំផងដែរ។
ចំពោះ លោក ហ្វូគូដា តុម៉ុហ៊ិកុ គ្រូបង្រៀនភាសាជប៉ុន បានចូលរួមចំណែកក្នុងការជំរុញការអប់រំភាសាជប៉ុននៅប្រទេសកម្ពុជា។ ក្នុងឆ្នាំ ១៩៩៧ លោកត្រូវបានបញ្ជូនមកបំពេញការងារនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនាមជាគ្រូបង្រៀនភាសាជប៉ុន តាមរយៈអ្នកស្ម័គ្រចិត្តសហប្រតិបត្តិការក្រៅប្រទេសជប៉ុន របស់ JICA (JOCV) ដែលនៅទីនោះហើយ លោកបានបំពេញការងារក្នុងការជំរុញ និងអភិវឌ្ឍការអប់រំភាសាជប៉ុនបន្ត ដែលបានផ្អាកចាប់តាំងពីឆ្នាំ ១៩៧៤។
ក្រោយពីលោកបានបញ្ចប់បេសកកម្មជាអ្នកស្ម័គ្រចិត្ត លោកក៏នៅតែបន្តចូលរួមយ៉ាងសកម្ម ពាក់ព័ន្ធនឹងការអប់រំភាសាជប៉ុន នៅប្រទេសកម្ពុជា នៅស្ថាប័នមួយចំនួន ក្នុងនោះរួមមាន ដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ (RUPP) មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំអំពីច្បាប់ជប៉ុន (CJL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ដោយឡែកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចូលរួមចំណែកក្នុងការជំរុញសហប្រតិបត្តិការ អន្តរជាតិលើវិស័យសហប្រតិបត្តិការបច្ចេកទេស នៅប្រទេសកម្ពុជាដោយស្ថាប័នេះ ត្រូវបានបង្កើតឡើងជាអង្គការកំចាត់មីនក្នុងឆ្នាំ ១៩៩២។ CMAC ជាស្ថាប័នជាតិដ៏ធំបំផុតក្នុងប្រទេសកម្ពុជា។ នៅកម្ពុជា ផ្ទៃដីចំនួន ២ ៣០១ គីឡូម៉ែត្រការ៉េ នៃតំបន់ដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមត្រូវបានបោសសម្អាត ហើយ CMAC បានចូលរួមចំណែកក្នុងការបោសសម្អាត និងរំដោះដីដែលមានមីនសរុបជាង៥៥ភាគរយ ។
តាមរយៈការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន CMAC បានធ្វើការផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកជំនាញ មកពីប្រទេសកូឡុំប៊ី អង់ហ្កូឡា អ៊ីរ៉ាក់និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការភាគខាងត្បូង-ខាងត្បូង៕