ព្រះសីហនុៈ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ ឱ្យធ្វើការវិនិយោគកោះចំនួន ១៩ ក្នុងចំណោម កោះចំនួន ៣២ នៅក្នុងខេត្តព្រះសីហនុ ទៅឱ្យក្រុមហ៊ុនចំនួន ២៣ សម្រាប់ធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍ សណ្ឋាគារ និងរមណីយដ្ឋានផ្សេងទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ស្តីពីការធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសន្តិសុខលម្ហសមុទ្រកាលពីថ្ងៃទី ៣ ខែសីហាថា នៅក្នងខេត្តព្រះសីហនុ មានកោះចំនួន ៣២ ក្នុងនោះ ក្រុងព្រះសីហនុ មានកោះចំនួន ៥ មានក្រុមហ៊ុនចំនួន ៤ វិនិយោគលើកោះចំនួន ៤។
លោកបន្តថា ក្រុងកោះរ៉ុង មានកោះ ១៩ មានក្រុមហ៊ុនចំនួន ៧ វិនិយោគលើកោះចំនួន ៩ ស្រុកព្រៃនប់ មានកោះចំនួន ៧ មានក្រុមហ៊ុនចំនួន ១២ វិនិយោគលើកោះចំនួន ៦ និងស្រុកស្ទឹងហាវ មានកោះចំនួន ១។ ក្នុងចំណោមកោះទាំង ៣២ នៃខេត្តព្រះសីហនុ មានកោះចំនួន ១៩ ត្រូវបានទទួលគោលការណ៍វិនិយោគ អភិវឌ្ឍពីរាជរដ្ឋាភិបាលដែលមាន ២៣ ក្រុមហ៊ុន។
ក្នុងកិច្ចប្រជុំនេះដែរ លោក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គជសស) ថ្លែងថា លោកត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ ពីព្រោះគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ មានវិសាលភាពក្នុងការគ្រប់គ្រងគ្របដណ្តប់ក្នុងការឆ្លើយតប ការទទួលខុសត្រូវរបស់ខ្លួន ក្នុងតួនាទីចូលរួមការពារជីវចម្រុះបាតសមុទ្រ និងកិច្ចគាំពារបរិស្ថានផងដែរ។
លោកថ្លែងថា៖ «ចំណុចទាក់ទងការងារ២ឆ្នាំ យើងរៀបចំឡើងវិញ ស្របតាមគោលនយោបាយជាតិសន្តិសុខលម្ហសមុទ្រ ទាមទារឱ្យក្រុមការងារប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យកាន់តែស៊ីជម្រៅ និងមាន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងដែនសមុទ្រកម្ពុជា»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែសីហាថា ពាក់ព័ន្ធទៅនឹងការអនុញ្ញាត ឱ្យមានការវិនិយោគកោះចំនួន ១៩ ទៅឱ្យក្រុមហ៊ុនទាំង ២៣ ធ្វើការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ និងរមណីយដ្ឋាន ហើយក្រុហ៊ុនទាំង ២៣ ដែលទទួលសិទ្ធិវិនិយោគនៅលើកោះនេះ មានក្រុមហ៊ុនចម្រុះ មានទាំងក្រុមហ៊ុនរុស្ស៊ី ក្រុមហ៊ុនចិន ក្រុមហ៊ុនបារាំង និងក្រុមហ៊ុនខ្មែរជាដើម។
លោកថ្លែងថា៖ «ក្រុមហ៊ុនទាំង ២៣ នេះ វាមានក្រុមហ៊ុន ដែលទទួលបានកាវិនិយោគទៅលើកោះទាំងមូល ក្រុមហ៊ុនខ្លះ វិនិយោគ ១ ផ្នែកនៃកោះ ក្រុមហ៊ុនខ្លះទៀត វិនិយោគលើទំហំដី ១០ ហិកតា ដែលចេញគោលការណ៍អនុញ្ញាតពីក្រសួងបរិស្ថាន »។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែកក្កដាថា ការអភិវឌ្ឍន៍កោះគឺជាការចូលរួមទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្ត និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចសង្គមដល់ខេត្តព្រះសីហនុ ជាពិសេស ផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត និង ប្រជាពលដ្ឋមកពីបណ្តាខេត្តផ្សេងទៀត ដែលមានបំណងស្វែង រកការងារធ្វើ។
លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏នឹងផ្តល់ផលប្រយោជន៍ ជាប្រយោលមួយចំនួន ដល់ប្រជាពលរដ្ឋ ដែលរួមមានការសាងសង់ ការស្នាក់នៅ ការផ្គត់ផ្គង់ម្ហូបអាហារ និងការដឹកជញ្ជូនជាដើម។ លោកថ្លែងថា៖ «លើកោះពាក់ព័ន្ធនឹងវិស័យទេសចរណ៍ គឺគេអភិវឌ្ឍច្រើន ជារម្មណីយដ្ឋាន សណ្ឋាគារ ការកម្សាន្ត រួមទាំង ហេដ្ឋារចនាសម្ព័ន្ធខ្លះទៀត ដើម្បីទ្រទ្រង់ក្នុងវិស័យនេះ ឱ្យកាន់តែមានភាពទាក់ទាញ»៕