ភ្នំពេញៈ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបញ្ជាក់ថា តំបន់ភ្នំតាម៉ៅពោរពេញទៅដោយដីខ្សាច់ ដើមឈើដុះលូតលាស់មិនបានល្អ ហើយតំបន់នេះគ្មានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រទេ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់អភិវឌ្ឍដោយសារនៅក្បែរទីក្រុងក្បែរព្រលានយន្តហោះថ្មី និងជិតតំបន់ទេសចរណ៍ទន្លេបាទី។ ប៉ុន្តែអង្គការសង្គមស៊ីវិលអះអាងថា ទីនោះមានសត្វព្រៃជាច្រើនប្រភេទ ដែលខ្លះជាប្រភេទសត្វកម្រណាស់ ត្រូវបានដោះលែងនៅទីនោះ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើចេញថ្ងៃទី ៤ ខែសីហា បានលើកឡើងថា តំបន់ភ្នំតាម៉ៅជាតំបន់ស្ថានីយព្រៃឈើមួយដែលមានដំណុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។តំបន់នេះពោរពេញទៅដោយដីខ្សាច់ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះទើបរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់អភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុងក្បែរព្រលានយន្តហោះថ្មីនិងជិតតំបន់ទេសចរណ៍ទន្លេបាទី។
តាមរយៈសេចក្តីប្រកាសដដែលនោះ រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅមិនមែនជាការលក់ដូរដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឲ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជា ការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការនិងសម្ភារនានា។
រដ្ឋបាលព្រៃឈើបញ្ជាក់ថា៖ «ការដោះដូរគឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជននិងមានគណៈកម្មការ ឯកជនភាវូនីយកម្មដែលមានអន្តរក្រសួងពិនិត្យ និងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ»។
លោកនិក ម៉ាក នាយកសង្គ្រោះនិងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែសីហាថា ការកាប់បំផ្លាញព្រៃឈើភ្នំតាម៉ៅ ផ្តល់សារអាក្រក់យ៉ាងក្រៃលែងចំពោះកេរ្តិ៍ឈ្មោះនៃការអភិរក្សសត្វព្រៃនៅកម្ពុជា។ ភ្នំតាម៉ៅត្រូវបានគេស្គាល់យ៉ាងច្បាស់និងជាកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់សត្វព្រៃនៅកម្ពុជា។ ព្រៃនេះមានសត្វព្រៃជាច្រើនប្រភេទ ខ្លះកម្រណាស់ ដែលសត្វទាំងនោះត្រូវបានដោះលែង ឬកើតនៅក្នុងព្រៃ។
លោកថ្លែងថា៖ «សត្វព្រៃដែលរស់នៅក្នុងព្រៃដែលកំពុងត្រូវបានកាប់ឆ្ការមានចំនួនច្រើនច្បាស់ជាមិនរស់រានមានជីវិតឡើយ។ ពួកវាទាំងអស់នឹងត្រូវស្លាប់ព្រោះសត្វព្រៃត្រូវការរស់នៅក្នុងព្រៃ បើគ្មានព្រៃ តើឱ្យពួកវាទៅនៅឯណា សត្វព្រៃមិនរស់នៅក្នុងទីក្រុងទេ ហើយនៅពេលដែលពួកវាត្រូវបានផ្លាស់លំនៅប្រហែលជានឹងត្រូវសម្លាប់ដោយមនុស្សតាមប្រមាញ់»។
លោក និក ម៉ាក ប្រាប់ថា ការបំផ្លិចបំផ្លាញទីតាំងដ៏ល្បីនិងសំខាន់បែបនេះ អាចធ្វើឱ្យអង្គការអភិរក្សនិងអ្នកផ្តល់មូលនិធិរបស់ពួកគេចោទជាសំណួរថា តើវាល្អទេក្នុងការចំណាយពេលវេលាការខិតខំប្រឹងប្រែង និងប្រាក់បន្ថែមទៀតនៅក្នុងប្រទេសដែលហាក់ដូចជាមិនសូវចាប់អារម្មណ៍ក្នុងការអភិរក្សសត្វព្រៃ និងព្រៃឈើរបស់ខ្លួន។
ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានម្តែងមានការសោកស្តាយក្រៃលែង ក្រោយបានឃើញដំណឹងតាមរយៈសារព័ត៌មាន ដែលបង្ហាញថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រគល់ដីព្រៃតំបន់ភ្នំតាម៉ៅទៅជូនក្រុមហ៊ុនឯកជនក្នុងគោលបំណងអភិវឌ្ឍ។
គណបក្សនេះបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ៤ ខែសីហាថា ដីព្រៃភ្នំតាម៉ៅ សួនសត្វភ្នំតាម៉ៅ បូករួមនឹងការតភ្ជាប់មកទន្លេបាទីជាតំបន់មួយមានសក្តានុពលខ្ពស់សម្រាប់រៀបចំជាតំបន់ទេសចរណ៍ បូកនឹងសួនសត្វ បូកនឹងបឹងធម្មជាតិនៅជិតរាជធានីភ្នំពេញដែលអាចទាក់ទាញភ្លៀវទេសចរមកកម្សាន្តទីក្រុងគជ់ផង និងតំបន់ទេសចរណ៍ផងអាចរកចំណូលរាប់រយលានដុល្លារនាពេលអនាគត។
គណបក្សនេះលើកឡើងទៀតថា ការរក្សាតំបន់នេះគឺអាចថែរក្សាការពារគម្របព្រៃឈើ ដែនជម្រកសត្វព្រៃ ពង្រីកសួនសត្វហើយថែមទាំងជួយផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជាប់តំបន់នោះទៀតផង។ ការផ្តល់ដីព្រៃសាធារណៈទៅឱ្យឯកជនអភិវឌ្ឍដោយឈូសព្រៃចោល គឺការអភិវឌ្ឍបែបគិតខ្លីៗគ្មានទស្សនវិស័យវែងឆ្ងាយគ្មានគំនិតស្រឡាញ់ធម្មជាតិ និងគ្មានការគិតគូរដល់ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ។
គណបក្សនយោបាយនេះបញ្ជាក់ថា៖ «គបមសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលឱ្យពិចារណារឿងនេះឡើងវិញដោយដកហូតដីព្រៃសាធារណៈនៅតំបន់ភ្នំតាម៉ៅពីឯកជនមកវិញទុកសម្រាប់បម្រើការអភិវឌ្ឍវិស័យទេសចរណ៍ទ្រង់ទ្រាយធំនិងវែងឆ្ងាយ ការថែរក្សាព្រៃធម្មជាតិ និងជម្រកសត្វព្រៃនិងជួយលើកស្ទួយជីវភាពប្រជាកសិករ»។
យ៉ាងណាក៏ដោយ ជុំវិញរឿងនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបានគូសបញ្ជាក់ថា តំបន់នេះពុំមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដែលលើកឡើងកន្លងមក គឺជាសត្វព្រៃបានថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានសុវត្ថិភាព ១០០% ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។
រដ្ឋបាលព្រៃឈើអះអាងថា«សត្វព្រៃដែលតែងតែលើកឡើងដោយអង្គការសកម្មជនបរិស្ថាន និងសាធារណជននានាគឺជាសត្វព្រៃដែលកំពុងរស់នៅក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជា ប្រើស រមាំង ក្រៀល រនាល ទុង ត្រូវបានដោះលែងឱ្យរស់នៅក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ ហិកតា»។
រដ្ឋបាលព្រៃឈើបញ្ជាក់ទៀតថា សត្វព្រៃក្នុងរបងមិនអាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សាផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើនិងអង្គការនានា។ ការលើកឡើងកន្លងមកបានធ្វើឱ្យមានការភាន់ច្រឡំថាការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ។ ការអភិវឌ្ឍដោយប្រើប្រាស់ដីសម្រាប់អភិវឌ្ឍមិនមែនមានតែនៅតំបន់ភ្នំតាម៉ៅនោះទេ ឱ្យតែតំបន់អភិវឌ្ឍន៍តែងមានផលប៉ះពាល់តិចតួច ប៉ុន្តែផលត្រឡប់មកវិញបានផ្តល់ការងារជូនប្រជាពលរដ្ឋច្រើននៅតំបន់នោះ និងការផ្តល់កំណើនសេដ្ឋកិច្ចជាតិ៕