កំពង់ធំៈ ក្រុមអ្នកជំនាញការខ្មែរនៃនាយកដ្ឋាន បុរាណវិទ្យា និងអភិរក្សនៃអាជ្ញាធរជាតិសំបូរព្រៃគុក (អ.ជ.ស.ព.) បានបញ្ចប់ការជួសជុលកំណាយស្រាវជ្រាវក្រុមប្រាសាទខ្នាចទោល (M.103) បន្ទាប់ពីចាប់អនុវត្តគម្រោងកាលពីខែមីនា ឆ្នាំ ២០២២ កន្លងមក ដោយប្រើប្រាស់ថវិកាជាតិឆ្នាំ ២០២២។ នេះបើយោងតាមអាជ្ញាធរជាតិសំបូរព្រៃគុកនៅថ្ងៃទី ៥ ខែសីហានេះ។
ក្រុមប្រាង្គប្រាសាទនេះ ស្ថាបនាជាប់ពីខាងត្បូងបឹងខ្នាចទោលជាប្រាសាទមួយដែលមានទំនាក់ទំនងសំខាន់ជាមួយនឹងស្លាកស្លាមផ្លូវខាងជើងប្រ៉បមាត់បឹងខ្នាចទោលរបស់រាជធានី។
អាជ្ញាធរជាតិសំបូរព្រៃគុកបានបញ្ជាក់ថា កិច្ចការនេះផ្តោតសំខាន់ចំនួន ២ គឺ៖ ទី ១. ការសិក្សាស្រាវជ្រាវផ្តោតលើរូបរាងនៃប្រាង្គទី ១ ប្រាង្គទី ២ និងទំហំរូបរាងនៃក្រុមប្រាសាទព្រមទាំងការកំណត់ដំណាក់កាលសាងសង់ តាមរយៈការធ្វើកំណាយ និងទី ២. ការលើកតម្លៃផ្តោតលើកការរក្សានូវតុល្យភាពនៃស្ថានភាពអភិរក្សរបស់ប្រាង្គប្រាសាទ ដែលជាលទ្ធផលពីកំណាយ និងបង្ហាញរូបរាងដើមរបស់ប្រាសាទ ដើម្បីជាគុណប្រយោជន៍ដល់ការយល់ដឹងអំពីស្ថាបត្យកម្ម នគរោបនីយកម្ម និងទេសភាពបុរាណក្នុងបរិវេណកំពែងរាជធានីឦសានបុរៈជាមួយការពង្រីក និងកែលម្អខ្សែទស្សនាចរណ៍ថ្មីស្របតាមផែនការមេនៃកិច្ចអភិរក្ស និងអភិវឌ្ឍន៍ របស់ អ.ជ.ស.ព.។
ជាលទ្ធផលពីកំណាយបានបង្ហាញរូបរាងដើមរបស់ប្រាសាទ ដែលបានកប់ក្នុងដី ដើម្បីជាគុណប្រយោជន៍ដល់ការយល់ដឹងអំពីស្ថាបត្យកម្ម នគរោបនីយកម្ម និងទេសភាពបុរាណក្នុងបរិវេណ កំពែងរាជធានីឦសានបុរៈជាមួយការពង្រីក និងកែលម្អខ្សែទស្សនាចរណ៍ថ្មីស្របតាមផែនការមេនៃកិច្ចអភិរក្ស និងអភិវឌ្ឍន៍ របស់ អ.ជ.ស.ព.៕