ភ្នំពេញៈ ក្រសួងសុខាភិបាលរំឭកជាថ្មីឱ្យប្រជាពលរដ្ឋទូទៅត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបន្តអនុវត្តវិធានការការពារ នូវការចម្លងជំងឺអុតស្វានេះ ខណៈជំងឺនេះ ត្រូវបានរកឃើញថាមានការកើនឡើងនៅតាមបណ្តាប្រទេសនានានៅលើសកលលោក នៅប្រទេសក្នុងតំបន់ និងនៅប្រទេសជិតខាងកម្ពុជា ហើយអង្គការសុខភាពពិភពលោកបានប្រកាសអាសន្នសុខភាពសាធារណៈសម្រាប់ការព្រួយបារម្ភអន្តរជាតិចំពោះជំងឺនេះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតក្រើនរំឭកជាថ្មីម្តងទៀត ឱ្យប្រជាពលរដ្ឋទូទៅមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្លងជំងឺអុតស្វា ដែលកំពុងមានការកើនឡើងនៅតាមបណ្តាប្រទេសលើពិភពលោក។ ក្នុងលិខិតក្រើនរំឭកចេញថ្ងៃទី៥ ខែសីហា លោករដ្ឋមន្ត្រីបានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈសម្រាប់ការព្រួយបារម្ភអន្តរជាតិ ដែលបណ្តាប្រទេសទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងតាមដានស្ថានភាពនៃការចម្លង ដោយពង្រឹងប្រព័ន្ធតាមដានជំងឺនៅក្នុងប្រទេសនីមួយៗ រួមជាមួយនឹងការអនុវត្តវិធានការការពារឱ្យបានត្រឹមត្រូវ។
រហូតមកដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ករណីជំងឺអុតស្វា សរុបនៅលើសកលលោកមានចំនួន ២៥០៥៤នាក់ (កើនឡើង ៦២,៨០% ធៀបជាមួយតួលេខ (១៥៧៣៤ករណី) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២) និងស្លាប់សរុបចំនួន ១១នាក់ (កើន ១០០% ធៀបជាមួយតួលេខស្លាប់ (៥នាក់) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២) ដែលបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) ពីបណ្តាប្រទេសចំនួន ៨៥ (កើនឡើងចំនួន ១០ប្រទេសថែមទៀត បើធៀបទៅនឹងតួលេខនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ មាន ៧៥ប្រទេស)។
លោក ម៉ម ប៊ុនហេង បានឱ្យដឹងទៀតថា តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក ការស៊ើបអង្កេតអេពីដេមីសាស្រ្តអំពីការរាតត្បាតកំពុងបន្ត ហើយករណីជំងឺអុតស្វាដែលបានរាយការណ៍ភាគច្រើន គឺឆ្លងតាមរយៈការរួមភេទ ដែលភាគច្រើនឃើញកើតមានលើបុគ្គលដែលរួមភេទដូចគ្នា (បុរសនិងបុរស) ឬដែលមានដៃគូរួមភេទច្រើនគ្នា ជាពិសេស ជាមួយដៃគូដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសនៃតំបន់អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង ឬ ប្រទេសផ្សេងទៀតដែលមានលេចឡើងនូវការឆ្លងរាតត្បាតនៃជំងឺនេះ។
ទន្ទឹមនឹងនោះ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក៏មានការរាយការណ៍ពីការរកឃើញអ្នកជំងឺអុតស្វានៅព្រះរាជាណាចក្រថៃ ដែលជាករណីទី៤ នៃការឆ្លងវីរុសអុតស្វាលើស្រ្តី អាយុ ២២ ឆ្នាំដែលធ្លាប់មានប្រវត្តិប៉ះពាល់ជាមួយបុរសជាជនបរទេសនៅកន្លែងកម្សាន្តសប្បាយ។
ក្រសួងសុខាភិបាលកម្ពុជា បានប្រាប់ដល់ប្រជាពលរដ្ឋទូទៅត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសកម្មចូលរួមបន្តអនុវត្តវិធានការការពារ នូវការចម្លងជំងឺអុតស្វានេះ ហើយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់អនុវត្តវិធានការ បង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលមានដូចខាងក្រោមនេះ ៖
ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតដោយសម្អាតជាមួយសាប៊ូ ឬជែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។ ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំងការរួមភេទ ជាពិសេស ការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺបានជាសះស្បើយ។
ចៀសវាងប៉ះពាល់សម្ភារប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជា សម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារប្រើប្រាស់ របស់បុគ្គលនេះ ដោយឡែក។ បុគ្គលសង្ស័យដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងអំឡុងពេលធ្វើការតាមដានសុខ ភាពរយៈពេល ២១ថ្ងៃបន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។
ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារទាំងការចម្អិនអាហារឱ្យបានល្អ។ ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជាជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដៃ ជាមួយសាប៊ូ ឬអាល់កុលភ្លាមៗ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «បុគ្គលដែលមានចេញកន្ទួលរមាស់អមដោយគ្រុនក្តៅ និងមានរោគសញ្ញាដូចខាងលើនេះ ត្រូវទៅពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗរហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរពិសោធន៍ផងដែរ»។
អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអប់រំសុខភាពប្រជាជន និងលើកកម្ពស់ការយល់ដឹងស្តីពីការការពារការចម្លងរោគនៅក្នុងសហគមន៍របស់ខ្លួន។ ៣. សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល (ទាំងរដ្ឋ និងឯកជន) ៖ការលើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ព្រមទាំងបុគ្គលិកសុខាភិបាល ត្រូវធ្វើជាចាំបាច់ ដើម្បីទប់ស្កាត់ និងបញ្ឈប់ការចម្លងបានទាន់ពេលវេលា ជាពិសេស បុគ្គលិកសុខាភិបាល ត្រូវតែអនុវត្តវិធានការការពារផ្ទាល់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងមានការប្រុងប្រយ័ត្នដោយមានការគ្រប់គ្រងការចម្លងរោគឆ្លងនៅក្នុងមន្ទីរពេទ្យឱ្យបានត្រឹមត្រូវ។
អនុវត្តការពារការចម្លងរោគនៅក្នុងមន្ទីរពេទ្យ ឬ មណ្ឌលសុខភាពស្របតាមលក្ខណៈបច្ចេកទេសពេទ្យដែលធ្លាប់បានបណ្តុះបណ្តាល និងណែនាំកន្លងមកហើយនៅក្នុងបរិបទការពារជំងឺកូវីដ១៩។ ពេលជួបករណីសង្ស័យ ឬអ្នកឈឺជំងឺនេះ ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) មុននឹងប៉ះពាល់ជាមួយអ្នកជំងឺ ឬបុគ្គលដែលសង្ស័យ។ គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវបន្តពង្រឹងការតាមដានជំងឺ និងរាយការណ៍ករណីសង្ស័យ ណាមួយដែលកើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។ ត្រូវតាមដាន និងកំណត់អត្តសញ្ញាណករណីដំបូង ចង្កោមនៃការឆ្លងមេរោគ ប្រភពនៃការឆ្លងដើម្បីការពារការឆ្លងបន្ត ឱ្យបានឆាប់បំផុត។
លោករដ្ឋមន្ត្រីលើកឡើងថា៖ «ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា៖ ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាត ដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើម កូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែង ដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត»។
សម្រាប់បុគ្គលខាងលើនេះ ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈ ឬវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬ មានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។ ត្រូវសាកសួរដល់អ្នកនៅជុំវិញ ជាពិសេស ក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នា។ បង្កើនការតាមដាន និងរាយការណ៍ករណីជំងឺនេះ នៅក្រោមច្បាប់និយ័តកម្មអន្តរជាតិ ២០០៥ (IHR 2005) ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់៕