ភ្នំពេញៈ មន្ត្រីបានបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ នាថ្ងៃទី៦ ខែសីហា បន្ទាប់ពីមានលទ្ធផលតេស្តអវិជ្ជមានវីរុសនេះ។
កាលពីប្រមាណ ២ សប្តាហ៍មុន បុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វានេះបានរត់គេចពីប្រទេសថៃចូលមកប្រទេសកម្ពុជា និងត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៣ ខែកក្កដា នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភ្លាមៗ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងប្រព័ន្ធតេឡេក្រាមនាថ្ងៃទី៦ ខែសីហា ថា៖ «ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្តអវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២»។
លោកស្រីបន្តថា បច្ចុប្បន្ន បុរសរូបនេះត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។
លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំ និងការក្រើនរំឭកបន្ថែមទៀតរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា៕