ភ្នំពេញៈ ជប៉ុនបានចុះហត្ថលេខាផ្តល់ឥណទានសម្បទានប្រាក់យ៉េនចំនួនជាង ៤១ ពាន់លានយ៉េន (ជាង ៣០០ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១។
លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាននេះបានត្រូវចុះហត្ថលេខានាថ្ងៃទី៦ ខែសីហា រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (Hayashi Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះត្រូវចុះហត្ថលេខារវាងលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហារឹកុ (Kamei Haruko) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន JICA ប្រចាំកម្ពុជា បញ្ជាក់នាថ្ងៃទី៦ ខែសីហា ថា បច្ចុប្បន្ននេះ ការអភិវឌ្ឍសាងសង់ចំណតផែកុងតឺន័រថ្មី ដែលជាចំណតផែថ្មីទី១ បាននិងកំពុងដំណើរការនៅកំពង់ផែក្រុងព្រះសីហនុ ក្រោម «គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រកំពង់ផែក្រុងព្រះសីហនុថ្មី» ដោយប្រើប្រាស់ឥណទានសម្បទានអភិវឌ្ឍន៍របស់ជប៉ុន (ODA Loan)។
ទីភា្នក់ងារ JICA បញ្ជាក់ថា៖ «ដោយមានការគិតគូរអំពីការកើនឡើងជាលំដាប់នៃបរិមាណចំនួនកុងតឺន័រឆ្លងកាត់នាពេលអនាគត គម្រោងថ្មីដែលបានធ្វើការចុះហត្ថលេខានាពេលនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងពង្រីកចំណតផែកុងតឺន័របន្ថែមទៀតដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងកុងតឺន័រ និងផ្លូវរត់នាវាចរណ៍មកកាន់កំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៅកម្ពុជា»។
ទីភា្នក់ងារ JICA បានបន្តធ្វើកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយកំពង់ផែព្រះសីហនុ ចាប់តាំងពីអំឡុងឆ្នាំ ១៩៩០ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពប្រតិបត្តិការរបស់ផែ តាមរយៈការផ្តល់ជាគម្រោងឥណទានសម្បទាន គម្រោងជំនួយហិរញ្ញប្បទានឥតសំណង និងគម្រោងសហប្រតិបត្តិការបច្ចេកទេស។
ទីភា្នក់ងារ JICA ចាត់ទុកថាកំពង់ផែក្រុងព្រះសីហនុមានតួនាទីយ៉ាងសំខាន់ជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល។
ទីភា្នក់ងារ JICA បញ្ជាក់ថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ការប្រកួតប្រជែងកម្រិតអន្តរជាតិរបស់កំពង់ផែក្រុងព្រះសីហនុនឹងត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈគម្រោងថ្មីមួយនេះ ហើយវានឹងរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្ម និងការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា»៕