ភ្នំពេញៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងបណ្តេញជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាចេញពីកកម្ពុជា ដោយមិនឱ្យចូលទឹកដីកម្ពុជារយៈពេល ៣ ឆ្នាំ បន្ទាប់ពីជនបរទេសរូបនេះ ត្រូវបានព្យាបាលជាពីជំងឺអុតស្វា កាលពីថ្ងៃទី ៥ សីហា ហើយក្រសួងសុខាភិបាលបានប្រគល់ជូន អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ កាលពីថ្ងៃទី ៦សីហា។
កាលពីអំឡុងខែកក្កដា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វារូបនេះ បានរត់គេចពីប្រទេសថៃចូលមកប្រទេសកម្ពុជា និងត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួន កាលពីយប់ថ្ងៃទី ២៣ ខែកក្កដា នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ។
ការឃាត់ខ្លួនក្នុងពេលនោះ ក៏រកឃើញអ្នកពាក់ព័ន្ធចំនួន ៥ នាក់ ដែលក្រសួងសុខាភិបាល តម្រូវឱ្យពួកគេនៅដាច់ដោយឡែក ដើម្បីតាមដានរោគសញ្ញាផងដែរ។
លោក គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៧ សីហា ថា បន្ទាប់ពីទទួលបុរសរូបនេះ ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយពីក្រសួងសុខាភិបាល អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចមក អគ្គនាយកដ្ឋាន បានសម្រេចបណ្តេញបុគ្គលរូបនេះ ចេញពីប្រទេសកម្ពុជារយៈពេល ៣ ឆ្នាំ។