ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន វាយតម្លៃខ្ពស់ចំពោះ “អង្គការជឿជាក់លើសិស្សជនបទកម្ពុជា" ដែលបានផ្តួចផ្តើមដាក់ឱ្យអនុវត្តគម្រោងជាច្រើនទៅលើការសិក្សាអប់រំ របស់សិស្សានុសិស្សនៅតាមជនបទ ការលើកកម្ពស់បរិស្ថាន និងគម្រោងទឹកស្អាត និងអនាម័យ នៅខេត្តសៀមរាប។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឱ្យដំណើរការ ការិយាល័យថ្មីរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលមានការចូលរួមពីភាគីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី ៦ សីហា លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា។ លោកលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមសហការជាមួយក្រសួងស្ថាប័ន ដើម្បីពង្រីកសកម្មភាពមនុស្សធម៌នេះឱ្យបានកាន់តែច្រើនឡើងថែមទៀត។
បច្ចុប្បន្ន អង្គការនេះបានផ្ដល់អាហារូបករណ៍ ២ កម្រិត គឺ កម្រិតមធ្យមសិក្សាទុតិយភូមិ និងកម្រិតឧត្តមសិក្សាដល់សិស្សខ្វះខាតមកពីជនបទ។ ក្រៅពីនោះ នៅមានគម្រោងលើកកម្ពស់ក្មេងស្រី និងស្ត្រី គម្រោងកាត់បន្ថយប្លាស្ទិក និងគម្រោងទឹកស្អាត និងអនាម័យជាដើម។
លោក នេត្រ ភក្ត្រា ថ្លែងថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជា គឺជាផ្នែក ១ ដ៏សំខាន់របស់ក្រសួងបរិស្ថាន ដែលបានសហការគ្នា ក្នុងការធ្វើឱ្យសហគមន៍ ក្នុងតំបន់នៅខេត្តសៀមរាប ទៅជាសហគមន៍ ១ ដែលមិនមានប្លាស្ទិក។គម្រោងនោះ ដាក់ឱ្យប្រើប្រាស់អាងទឹកស្អាតនៅតាមសាលារៀន និងការចែកដបទឹកដល់សិស្សានុសិស្ស សម្រាប់យកទៅប្រើប្រាស់ជាប្រចាំថ្ងៃដែលជាផ្នែកមួយលើកកម្ពស់បរិស្ថាន ជាពិសេស កាត់បន្ថយប្លាស្ទិកក្នុងសហគមន៍របស់ពួកគេ។
លោកថ្លែងថា៖ «ប្អូនៗសិស្សានុសិស្សខ្លះ គាត់អត់បានយកទឹកពីផ្ទះមក អ៊ីចឹងគាត់ត្រូវចំណាយ ១ ពាន់រៀល ទិញទឹក ២ ដបយកមកហូប។ អ៊ីចឹងការផ្តល់អាងទឹកស្អាត និងដបទឹកសម្រាប់សិស្សានុសិស្សប្រើប្រាស់នេះគឺជាផ្នែកនៃការចូលរួមការគ្រប់គ្រងបរិស្ថាន។ មានន័យថា ធ្វើឱ្យសាលានេះមិនមានប្លាស្ទិក កាត់បន្ថយការចំណាយរបស់គាត់ និងហូបទឹកដែលមានគុណភាព»។
លោកបញ្ជាក់ថា នេះគឺជាគោលដៅសំខាន់ ដែលជាផ្នែកមួយចូលរួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ ធ្វើឱ្យតំបន់ទេសចរណ៍មានភាពល្អស្អាត គ្មានប្លាស្ទិក។ គម្រោងនេះ នឹងផ្តល់ដបទឹកឱ្យបាន ៤ ម៉ឺនដបផងដែរ។
លោក នេត្រ ភក្ត្រា ឱ្យដឹងដែរថា យោងតាមទិន្នន័យសាលាដែលនៅជុំវិញឧទ្យានអង្គរ ក្នុងសហគមន៍ មានរហូតដល់ ៥៤ សាលា ហើយឥឡូវនេះអាងទឹកចម្រោះទឹកស្អាតចំនួន ២ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខណៈអាងទឹក ៣ ទៀត កំពុងដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បន្តបន្ទាប់ទៀត។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ឱ្យដឹងថា បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងខេត្ត មានជាង ១ លាននាក់ ក្នុងនោះមានបរិមាណសំណល់រឹង ដែលគិតជាស្តង់ដា មនុស្សម្នាក់ អាចប្រើប្រាស់សំរាមចន្លោះពី ៩ ខាំ ទៅ ១ គីឡូ ២ ខាំ ក្នុងទីប្រជុំជន។ លោកបន្តថា ចំណែកនៅក្រៅទីប្រជុំជន ក្នុងម្នាក់ប្រើប្រាស់ ៣ ខាំ។ ដូច្នេះបើគិតជារួមសំរាមមានជិត ៦០០ តោនក្នុង ១ ថ្ងៃ ដែលកំពុងបង្កផលប៉ះពាល់ដល់បរិស្ថាន។
ជាមួយគ្នានេះ អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង ថ្លែងថា អង្គការនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងខេត្តសៀមរាប តាមរយៈការផ្តល់អាហារូបករណ៍ និងគម្រោងផ្សេងៗនៅតាមទីជនបទជាដើម។
លោកបញ្ជាក់ថា៖ «ជាការពិត យុវជនកម្ពុជាត្រូវការឱកាសថ្មី ប៉ុន្តែមិនមានលទ្ធភាព។ ដូច្នេះអាហារូបករណ៍ ដែលផ្តល់ដោយអង្គការនេះ នឹងជួយជំរុញឱកាសសម្រាប់យុវជនក្រីក្រ ហើយដើម្បីឱ្យមានភាពស្មើគ្នានៅក្នុងសង្គម»។
សូមជម្រាបថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើង ដោយលោក Aviv Palti និងក្រុមគ្រួសារ ជាជនជាតិអូស្ត្រាលី ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា នៅឆ្នាំ ២០១១ ក្រោមចក្ខុវិស័យ លុបបំបាត់ភាពក្រីក្រ តាមរយៈការអប់រំ និងបណ្ដុះបណ្ដាល និងលើកកម្ពស់យុវជនឱ្យក្លាយជាអ្នកដឹកនាំ នាពេលអនាគត។ បច្ចុប្បន្ន អង្គការនេះ បានចូលរួមកិច្ចការងារជួយសង្គម តាមរយៈគម្រោងជាច្រើន រួមមាន គម្រោងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ គម្រោងសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ គម្រោងលើកកម្ពស់ក្មេងស្រី និងស្ត្រី បេសកកម្មចុះចែកកង់ដល់សិស្សនៅទីជនបទ គម្រោងភូមិគ្មានប្លាស្ទិក និងគម្រោងទឹកស្អាត និងអនាម័យជាដើម៕