បន្ទាយមានជ័យៈ ក្រសួងអប់រំ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រោងបង្កើតបណ្ណាល័យគ្រឿងញៀនចំនួន ៣ បន្ថែមទៀតនៅខេត្តបន្ទាយមានជ័យ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពង្រីកការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនឱ្យបានទូលំទូលាយដល់សិស្សានុសិស្ស និងយុវជនតាមរយៈឯកសារសម្បូរបែបនៅក្នុងបណ្ណាល័យនេះ។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ថា លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញនូវគម្រោងរៀបចំបង្កើតបណ្ណាល័យគ្រឿងញៀនចំនួន ៣។ ក្នុងនោះទី ១ នៅវិទ្យាល័យអូរជ្រៅស្ថិតនៅក្រុងប៉ោយប៉ែត ទី ២ នៅវិទ្យាល័យ សិរីសោភ័ណស្ថិតនៅក្រុងសិរីសោភ័ណ និងទី ៣ នៅវិទ្យាល័យភ្នំស្រុក ទីរួមខេត្តបន្ទាយមានជ័យ។
កន្លងមកតាមគម្រោងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ គឺបង្កើតបណ្ណាល័យនេះចំនួន ៣ នៅតាមខេត្តគោលដៅ។ លោក តុងហួត ថ្លែងថា៖ «ដោយអនុវត្តតាមគោលការណ៍របស់ឯកឧត្ដម កែ គឹមយ៉ាន រយ:ពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៤-៥ សីហា លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យក្រុមការងារ សម្របសម្រួលសហការជាមួយក្រសួងអប់រំ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ក្រុងស្រុកពាក់ព័ន្ធចុះពិនិត្យ និងពិភាក្សាអំពីទីតាំងរៀបចំបង្កើតបណ្ណាល័យគ្រឿងញៀនទាំង ៣ ទីតាំងបន្ថែមនេះ»។
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សម្ភារឧបទេស សម្រាប់ការអប់រំ បង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមគ្រឹះស្ថានសិក្សាបានឱ្យដឹងថា ក្រោមការទំនុកបម្រុងគាំទ្រពីក្រសួងអប់រំ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំបណ្ណាល័យគ្រឿងញៀន ១ ក្នុងបណ្ណាល័យ «សម្តេចតេជោ ហ៊ុន សែន បឹងត្របែក» ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗខាងមុខ។ លោកស្រីថ្លែងថា៖ «បណ្ណាល័យគ្រឿងញៀន គឺជាបណ្ណាល័យអេឡិចត្រូនិក ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបមានព័ត៌មាន ចំណេះដឹងសម្បូរបែបពាក់ព័ន្ធនឹងវិធានការបង្ការទប់ស្កាត់ ដំណោះស្រាយនានាពីបញ្ហាគ្រឿងញៀន ដើម្បីសុវត្ថិភាពយុវជនហើយបង្កលក្ខណ:ងាយស្រួលដល់សិស្សនិងសាធារណជន សិក្សាស្វែងយល់បញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាផ្សេងៗ»។
លោកស្រីបញ្ជក់ថា បច្ចុប្បន្នក្រសួងអប់រំ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកំពុងបន្តផ្សព្វផ្សាយអប់រំលើបញ្ហាសុខភាពសិក្សា និងបញ្ហាគ្រឿងញៀនដល់ សិស្ស និស្សិតនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនានានៅទូទាំងប្រទេស។ ក្នុងនោះកាលពីថ្ងៃទី ៤ សីហា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីសុខភាពសិក្សា និងផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់និស្សិតសាស្ត្រាចារ្យ ៤០០ នាក់។
លោក តុងហួត បញ្ជាក់ថា ការបង្កើតបណ្ណាល័យគ្រឿងញៀននេះធ្វើឡើងតាមរយៈគំនិតផ្ដួចផ្ដើមក្នុងជំនួបរវាងថ្នាក់ដឹកនាំចិនជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និងលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក។ តាមរយៈជំនួបនោះភាគីចិនបានឯកភាពជួយផ្តល់ការគាំទ្រដល់ការបង្កើតបណ្ណាល័យដ៏មានសារ:សំខាន់នេះ ជាថវិកាប្រមាណជា ៥ ម៉ឺនដុល្លារ។ ក្រៅពីនេះកម្ពុជាក៏បានស្នើភាគីចិនផ្ដល់ជំនួយគាំទ្របន្ថែមលើបច្ចេកទេសដូចជា ការប្រតិបត្ដិការលើបណ្ណាល័យឌីជីថល។ បើតាមលោកតុងហួត តួនាទីសំខាន់នៃបណ្ណាល័យនេះគឺរក្សាទុកនូវឯកសារ និងព័ត៌មានទាក់ទងនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕