ក្រចេះៈ កូនផ្សោតទន្លេមេគង្គ ១ ក្បាលទៀតបានងាប់ ដោយសារត្រូវឧបករណ៍ឆក់ របស់អ្នកនេសាទនៅក្នុងតំបន់អភិរក្សរមណីយដ្ឋានអន្លង់ផ្សោតកាំពី ក្នុងភូមិសាស្ត្រឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រុមឆ្មាំទន្លេនៅក្នុងតំបន់អភិរក្សអន្លង់កាំពី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កូនផ្សោតនោះត្រូវបានក្រុមប្រជានេសាទ ប្រទះឃើញងាប់ កាលពីថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២២ ។ វាជាកូនផ្សោតឈ្មោល មានទម្ងន់ជាង ១០ គីឡូក្រាម។
លោក ថុន ថារង ប្រធានសហគមន៍នេសាទកាំពី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សពកូនផ្សោតនោះ ទំនងជាងាប់ដោយឧបករណ៍នេសាទខុសច្បាប់ ដូចជា «មង ឬ ឧបករណ៍ឆក់» របស់ក្រុមជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។
សពកូនផ្សោតឈ្មោល ១ ក្បាលនោះ ត្រូវបានក្រុមមន្ត្រីឆ្នាំទន្លេប្រគល់ឱ្យមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ។
លោក ម៉ុក ពន្លក ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ ក្រុមការងាររបស់លោក កំពុងសហការជាមួយ ក្រុមការងារថ្នាក់ជាតិ និងអង្គការ WWF ពិនិត្យកោសល្យវិច័យ ផ្នែកវិទ្យាសាស្ត្រដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការស្លាប់របស់កូនផ្សោត ១ ក្បាលនោះ ។
ចំណែក លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សធនធានជលផលនៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រោយការវះកាត់បេះដូងមកធ្វើកោសល្យវិច័យ រកឃើញថា កូនផ្សោតនោះបានស្លាប់ដោយត្រូវឧបករណ៍ឆក់ ដូចជាការលើកឡើងរបស់ក្រុមប្រជានេសាទមែន។
លោកថ្លែងថា៖ «យោងតាមលទ្ធផលពិសោធផ្នែកវិទ្យាសាស្ត្រ បេះដូងរបស់កូនផ្សោតនោះមានស្នាមជាំខ្មៅ និងមានឈាមកក ដែលអាចឱ្យយើងសន្និដ្ឋានបានក្នុងជំហានដំបូងថា វាស្លាប់ដោយសារត្រូវឧបករណ៍ឆក់របស់អ្នកនេសាទទុចរឹតយ៉ាងពិតប្រាកដ»។
បើតាមលោក វិបុល កូនផ្សោតនោះទើបនឹងកើតបានប្រមាណជាង៣សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាកូនផ្សោត ដែលត្រូវបានកត់ត្រាថាជាកូនផ្សោតដែលទើបនឹងកើតថ្មីនៅក្នុងឆ្នាំនេះនោះទេ ព្រោះវាបានស្លាប់មុនពេលមន្ត្រីជំនាញប្រទះឃើញវា។
យោងតាមទិន្នន័យ របស់អង្គការ WWF-Cambodia ចាប់ពីដើមខែមករា ឆ្នាំ ២០២២ មកទល់ពេលនេះ មានផ្សោតចំនួន៧ក្បាលបានស្លាប់ ក្នុងនោះមានកូនផ្សោតចំនួន ៤ ក្បាល និង ផ្សោតពេញវ័យចំនួន៣ក្បាល ខណៈផ្សោតទើបកើតថ្មីមានចំនួន៥ក្បាល។
យោងតាមរបាយការណ៍ជំរឿនសត្វផ្សោតទន្លេមេគង្គ ឆ្នាំ ២០២០ របស់រដ្ឋបាលជលផល និងអង្គការ WWF នៅកម្ពុជាមានសត្វផ្សោត សរុបចំនួន ៨៩ ក្បាល ដោយមិនរាប់បញ្ចូលនូវចំនួនកូនផ្សោតដែល ទើបនឹង កើតថ្មីនោះទេ ។
សត្វផ្សោតទន្លេមេគង្គ គឺជាប្រភេទសត្វកម្រមួយ នៅលើពិភពលោក ដែលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ បច្ចុប្បន្ន មានអង្គការជាច្រើន ជាពិសេសអង្គការ WWF បានចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សសត្វផ្សោតនេះ។
ប្រធានកិច្ចការសាធារណៈ និងគ្រប់គ្រងព័ត៌មាននៃអង្គការ WWF លោក ទេព អស្នារិទ្ធ បាននិយាយថា បទល្មើសនេសាទ នៅតែបង្កហានីភ័យយ៉ាងធ្ងន់ធ្ងរ ដល់ការអភិរក្សសត្វផ្សោត នៅក្នុងតំបន់។ លោកបានបន្តថា មានតែការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការបញ្ឈប់បទល្មើសនេសាទនៅក្នុងតំបន់អភិរក្សទាំងនេះទេ ទើបអាចធ្វើឱ្យសត្វផ្សោតដ៏កម្រនេះមានការកើនឡើងទៅបាន៕