ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ប្រសិនបើបញ្ហាទាំងអស់នេះមិនត្រូវបានគ្រប់គ្រងបានល្អ។
ក្នុងសារលិខិតដើម្បីប្រារព្ធខួបលើកទី ៥៥ ឆ្នាំរបស់អាស៊ាននៅថ្ងៃទី ៨ សីហា លោក ហ៊ុន សែន បានលើកឡើងថា៖ «សម្រាប់អនាគតអាស៊ាននឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ បញ្ហាទាំងអស់នេះអាចបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់របស់យើង ប្រសិនបើយើងមិនបានគ្រប់គ្រងបញ្ហាទាំងនេះឱ្យបានល្អ»។
លោក ហ៊ុន សែន បានបន្តថា អាស៊ានមិនអាចធានាយ៉ាងដាច់ណាត់ថា ពុំមានទំនាស់ និងសង្គ្រាមនោះទេ ប៉ុន្តែយ៉ាងហោចណាស់អាស៊ានបានដើរតួនាទីជាអ្នកផ្តល់វេទិកាបើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា។ ការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
លោកបានលើកឡើងថា សមិទ្ធផល «ដ៏ធំសម្បើម» រហូតមកដល់បច្ចុប្បន្នបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយយ៉ាងខ្លាំងក្លារបស់ប្រមុខដឹកនាំអាស៊ានក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជា ការនាំមកនូវវិបុលភាពសេដ្ឋកិច្ចជូនសហគមន៍អាស៊ានមួយដែលប្រកបទៅដោយស្មារតីរួបរួមគ្នា និងសាមគ្គីភាព។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យអាស៊ានចាំបាច់ត្រូវតែឈរលើជំហរនៃការឯកភាពគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមកដោយលោកបញ្ជាក់ថា៖ «យើងនឹងបន្តផ្តោតសំខាន់លើសកម្មភាពនានា ដែលចងភ្ជាប់យើងទាំងអស់គ្នា ដើម្បីវិបុលភាពកាន់តែប្រសើរឡើងសម្រាប់តំបន់យើង»។
លោកបន្ថែមថា អាស៊ាននឹងលើកកម្ពស់ស្មារតីអាស៊ាននៃ «ការរួបរួមគ្នា» ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានាទាំងផ្ទៃក្នុងរបស់ខ្លួនទាំងជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់សាមគ្គីភាព និងភាពធន់របស់អាស៊ាន ដើម្បីសម្រេចគោលដៅនៃការកសាងទស្សនវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០២៥ ប្រកបដោយភាពធន់។
លោកបានបង្ហាញការជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានាដែលកំពុងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់ដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ «ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។
លោក ហ៊ុន សែន លើកឡើងទៀតថា កម្ពុជាគឺជាអ្នកចូលរួមចំណែកយ៉ាងបុរេសកម្មដល់សហគមន៍សន្តិសុខនយោបាយអាស៊ានរួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។
លោកបញ្ជាក់ថា៖ «យើងបានគាំទ្រដល់សម្ទុះនៃការរួមចំណែកយ៉ាងបុរេសកម្មរបស់អាស៊ានចំពោះសន្តិភាពក្នុងតំបន់ និងសកលលោក រួមទាំងតាមរយៈប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។
ឆ្នាំ ២០២២ នេះ កម្ពុជាបានទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី ៣ ក្រោមមូលបទនៃភាពជាប្រធានអាស៊ាននេះគឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា មូលបទនេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញនូវស្មារតីរបស់អាស៊ានផ្អែកលើ «ការរួបរួមគ្នា» ដើម្បីជ្រោង និងលើកកម្ពស់មជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ានក្នុងសកម្មភាពរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ព្រមទាំង ដើម្បីជំរុញការចូលរួមចំណែករបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសកលលោក និងតំបន់។
រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនបានឯកភាពគ្នានឹងកែប្រែជំហររបស់ខ្លួនទៅលើទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ប្រសិនបើមានការប្រហារជីវិតសកម្មជនគណបក្សប្រឆាំងបន្ថែមទៀត។
រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានជំរុញឱ្យភាគីពាក់ព័ន្ធជម្លោះរុស្ស៊ី-អ៊ុយក្រែនមានការអត់ធ្មត់ខ្ពស់រវាងភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពតានតឹង និងជំរុញឱ្យបញ្ចប់ជម្លោះនេះឱ្យបានឆាប់រហ័ស។
ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានស្នើឱ្យភាគីជម្លោះសមុទ្រចិនខាងត្បូង ដោះស្រាយជម្លោះដោយសន្តិវិធី និងចូលរួមក្នុងន័យស្ថាបនាដោយឈរលើបទដ្ឋាន គោលការណ៍ និងច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួមមាន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីថ្លែងថា ចំពោះបញ្ហាថ្ងៃអនាគត អាស៊ានត្រូវការសាមគ្គីភាពគ្នាកាន់តែខ្លាំង និងទាមទារការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហារួមរបស់អាស៊ាន។ ករណីដូចជា បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង សង្គ្រាមអ៊ុយក្រែន រុស្សី និងបញ្ហានៅឧបទ្វីបកូរ៉េ សុទ្ធតែជះឥទ្ធិពលដល់សន្តិសុខសមាជិកអាស៊ាន និងតំបន់ទាំងមូល។
លោកបានបន្តថា ចំពោះបញ្ហាផ្ទៃក្នុងដូចជា វិបត្តិអតិផរណា បញ្ហាស្បៀងអាហារ និងថាមពល ការមិនពេញចិត្តរបស់ប្រជាជនក្នុងការដោះស្រាយបញ្ហាទាំងនោះបង្កឱ្យមានការធ្វើបាតុកម្ម ឬទាមទារផ្លាស់ប្តូរមេដឹកនាំជាដើម ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់សន្តិសុខជាតិ។
លោក ថុង ម៉េងដាវិត បានថ្លែងទៀតថា៖ «ចំណែកឯបញ្ហាតំបន់វិញគឺ បញ្ហាការប្រកួតប្រជែងសព្វាវុធ ការពង្រីកវត្តមាន និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច បញ្ហាជំងឺកូវីដ ១៩ បញ្ហាគ្រោះមហន្តរាយធម្មជាតិ ការជួញដូរគ្រឿងញៀន និងមនុស្សជាដើម។ កត្តាបញ្ហាផ្ទៃក្នុង និងខាងក្រៅនឹងរុញច្រានឱ្យបណ្តាសមាជិកអាស៊ានផ្តោតសំខាន់លើផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចផ្ទាល់ខ្លួនជាជាងប្រយោជន៍តំបន់រួម»៕