
ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន ។ ហុង មិនា
ភ្នំពេញៈ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដាក់ឱ្យដំណើការកម្មវិធីដកពិន្ទុបណ្ណបើកបរដោយអនុវត្តសាកល្បងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ និងអនុវត្តពេញលេញនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៣ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី ៩ ខែសីហាថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា ៤៣ និងមាត្រា ៤៤ និងអនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៣១៣ ប្រក ចុះថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ស្តីពីការពិន័យជាប្រាក់ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាសអន្តរក្រសួងលេខ ១៧៦ ប្រក.សកដជក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ ស្ដីពីនីតិវិធីនៃកាំរដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។
សេចក្តីជូនដំណឹងនេះបន្តថា ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា ក៏ដូចជា ការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមដំណើការការដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូននឹងដាក់ឱ្យដំណើរការអនុវត្តសាកល្បងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៣។
សេចក្តីជូនដំណឹងដដែលបន្តទៀតថា ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ដូចនេះ!សូមអ្នកបើកបរ យានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្ត (ច្បាប់ដើម) ដើម្បីផ្ដល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បើតាមសេចក្តីជូនដំណឹងនេះ ចំពោះការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាមបញ្ជរទ្រូម៉ាន់នី ឬភ្នាក់ងារទ្រូម៉ាន់នី ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney Mobile App) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែសីហាថា ការដាក់ឱ្យដំណើការកម្មវិធីដកពិន្ទុបណ្ណបើកបរនេះ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចអនុវត្តបានត្រឹមត្រូវ លោកជឿជាក់ថា វានឹងរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស ពីព្រោះប្រទេសនានានៅលើពិភពលោកក៏មានកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរដែរ។
លោកបន្តថា ដោយឡែកនៅក្នុងប្រទេសកម្ពុជាក៏មានកម្មវិធីនេះចាប់តាំងពីឆ្នាំ ២០០៧ (ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក) ប៉ុន្តែដោយសារតែកម្ពុជាមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យា រហូតដល់ឆ្នាំ ២០២២ នេះទើបចាប់ផ្តើមអនុវត្ត ។ ទោះជាយ៉ាងណា លោកស្នើសុំឱ្យការអនុវត្តសាកល្បងលើការកាត់ពិន្ទុនេះ គួរធ្វើនៅផ្លូវជាតិ ជាពិសេសផ្លូវណាមួយដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដើម្បីដកពិសោធន៍ថា ការអនុវត្តនេះមានប្រសិទ្ធភាពឬទេ?
លោកថ្លែងថា៖ «ប៉ុន្តែមុននឹងអនុវត្តយើងគួរតែមានការផ្សព្វផ្សាយ អប់រំ ឱ្យបានទំលំទូលាយជាមុនសិន ទៅដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ កុំឱ្យគាត់អត់បានដឹងរឿងធ្វើឱ្យមានការប្រទាំងប្រទិសពាក្យសម្ដីឬប្រតិកម្មផ្សេងៗ យើងដកថយមកវិញវាគ្មានទទួលជោគជ័យអ្វីទេ»៕