ភ្នំពេញៈ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចាត់វិធានការផ្សព្វផ្សាយ និងអប់រំ ដល់ប្រជាពលរដ្ឋដែលប្រកបរបរលក់ចំណីអាហារនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ឱ្យបញ្ឈប់ការដាក់កៅអី បម្រើសេវាភ្ញៀវនៅលើផ្លូវរថភ្លើង ក្រោយពីមានការចែកចាយវីដេអូឃ្លីបនាពេលកន្លងមក អំពីសកម្មភាពពលរដ្ឋ អង្គុយកម្សាន្ត និងទទួលទានអាហារនៅលើផ្លូវរថភ្លើង។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែសីហាថា បញ្ហាមានអ្នកលក់ដូរចំណីអាហារមួយចំនួននៅក្នុងភូមិសាស្ត្រតំបន់ផ្លូវរថភ្លើង មិនមានចំនួនច្រើនដែលបង្កជាបញ្ហាឬបង្កការលំបាកដល់អាជ្ញាធរឡើយ ព្រោះអាជ្ញាធរមូលដ្ឋានដែលមានផ្លូវរថភ្លើងឆ្លងកាត់តែងតែចុះផ្សព្វផ្សាយអប់រំជាប្រចាំដល់ពួកគាតរស់នៅក្នុងភូមិសាស្ត្រដែលមានរថភ្លើងធ្វើចរាចរណ៍ទៅមកផងដែរ។
លោកថ្លែងថា៖ «យើងបានយកចិត្តទុកដាក់ណាស់ពីសុខទុក្ខរបស់ពលរដ្ឋហេតុដូច្នេះហើយទើបយើងតែងតែពន្យល់ណែនាំទៅដល់ពួកគាត់កុំឱ្យធ្វេសប្រហែសបញ្ហាគ្រោះថ្នាក់ដោយរថភ្លើង»។
លោកបន្តថា កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២២ លោកបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវរថភ្លើង និងបានធ្វើការណែនាំអប់រំមិនឱ្យមានការដាក់លក់ដូរគ្រឿងបរិភោគនៅលើផ្លូវរថភ្លើងតទៅទៀតទេ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយនៅពេលដែលរថភ្លើងបើកមកដល់។
លោក ហៃ សុឃីម ចៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យបានថ្លែង ឱ្យដឹងនៅថ្ងៃទី ៩ ខែសីហាថា នៅក្នុងមូលដ្ឋានពិសេសនៅតំបន់ផ្លូវរថភ្លើងមានរទេះចល័តលក់ប្រហិតចៀន បុកល្ហុង ហើយប្រជាពលរដ្ឋបាននាំគ្នាទៅទិញ តែដោយឃើញស្ថានភាពលក់ដូររបស់ពួកគាត់មានភាពរញ៉េរញ៉ៃពេកអាជ្ញាធរមូលដ្ឋានសង្កាត់បានចុះទៅអប់រំណែនាំឱ្យពួកគាត់ដាក់លក់ចំណីអាហារឱ្យបានឆ្ងាយពីផ្លូវរថភ្លើង និងហាមដាក់តុឱ្យអ្នកទិញអង្គុយបរិភោគនៅលើផ្លូវរថភ្លើង។
លោកបន្តថា៖ «ជារឿយៗយើងតែងតែចុះទៅអប់រំណែនាំពួកគាត់ជាអ្នកលក់កុំឱ្យដាក់លក់ចំណីនៅក្បែរផ្លូវរថភ្លើងព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ និងឈប់ដាក់តុនៅលើផ្លូវរថភ្លើងតទៅទៀត»។
លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិតបានថ្លែងដែរថា ផ្នត់គំនិតរបស់ប្រជាពលរដ្ឋ និងមន្ត្រីមានសមត្ថកិច្ចហាក់នៅមានកម្រិត ក្នុងការសហការគ្នា ស្វែងរកដំណោះស្រាយដើម្បីភាពល្អប្រសើរឡើងនៅក្នុងសង្គម។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋ ទោះបីជាមានជីវភាពក្រីក្រ ឬមានចំណេះដឹងមិនច្រើនក៏ដោយ ក៏នៅតែជាចំណែកមួយនៅក្នុងសង្គម ដូច្នេះត្រូវធ្វើការដោយសន្តិភាព អបរំ ណែនាំ និងពន្យល់ពួកគាត់ កុំបន្ត ឬឈប់ការលក់ដូរដាក់តុកៅអីឱ្យអ្នកទិញចំណីអាហារ អង្គុយហូបស្រាបៀរនៅលើផ្លូវរថភ្លើងបែបនោះ ព្រោះវាអាចនឹងនាំមកនូវផលវិបាកនៅពេលរថភ្លើងមក ឬធ្វើឱ្យពិបាកនៅពេលដែលមានអ្នកស្រវឹង និយាយស្ដាប់គ្នាមិនបាន»៕
វីដេអូ៖