ភ្នំពេញៈ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ នេះ ក្រសួងរ៉ែ និងថាមពលបានអភិវឌ្ឍប្រភពអគ្គិសនី និងពង្រីកការផ្គត់ផ្គង់អគ្គិសនីដោយធ្វើឱ្យចំនួនអនុស្ថានីយកើនឡើងពី ៣៣ កន្លែងនៅឆ្នាំ ២០១៨ ដល់ ៦៣ កន្លែងនៅចុងឆ្នាំ ២០២២ ដែលបានធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីរបស់បណ្ដាញជាតិបានកើនឡើងពី ៨៦,៨៥% នៃចំនួនភូមិទូទាំងប្រទេសនៅឆ្នាំ ២០១៨ ដល់ ៩៨,២៧% នៃចំនួនភូមិទូទាំងប្រទេសនៅឆ្នាំ ២០២២។ នេះបើតាមលោក ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល។
លោក ទី នរិន្ទ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី ៩ សីហានៅទីស្ដីការគណៈរដ្ឋមន្ដ្រីថា សម្រាប់អាណត្តិទី ៦ នេះការងារដែលវិស័យថាមពលត្រូវធ្វើតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលយើងបានគ្រោងមាន ៥ គឺទី ១ ការងារអភិវឌ្ឍន៍ប្រភពអគ្គិសនី និងការពង្រីកការផ្គត់ផ្គង់អគ្គិសនី។ ទី ២ ការងារពិនិត្យកំណើនតម្រូវការ និងការរៀបចំផែនការមេ អភិវឌ្ឍវិស័យអគ្គិសនីឡើងវិញ។ ទី ៣ ការងារបញ្ចុះថ្លៃ និងការអនុគ្រោះថ្លៃអគ្គិសនី។ ទី ៤ ការងារសង្គមកិច្ចក្នុងវិស័យថាមពល និងទី ៥ ការងារគ្រប់គ្រងថាមពលបរមាណូស៊ីវិល និងវិទ្យុសកម្ម។
លោកថ្លែងថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ នេះ វិស័យថាមពលបានធ្វើឱ្យមានការអភិវឌ្ឍប្រភពអគ្គិសនីចំនួន ១ ៥៩៧ មេហ្គាវ៉ាត់ បន្ថែមទៀតពីលើអ្វីដែលមាននៅក្នុងឆ្នាំ ២០១៨ ធ្វើឱ្យអានុភាពប្រភពអគ្គិសនីរបស់កម្ពុជា ដែលមានបច្ចុប្បន្ននេះកើនឡើងពី ២ ៦៥៣ មេហ្គាវ៉ាត់នៅឆ្នាំ ២០១៨ រហូតដល់ ៤ ២២៧ មេហ្គាវ៉ាត់នៅឆមាសទី ២ ឆ្នាំ ២០២២ នេះដែលស្មើនឹងកំណើន ៦០% ធៀបនឹងទំហំដែលមាននៅឆ្នាំ ២០១៨។
លោកថ្លែងថា៖ «លើមូលដ្ឋាននៃទំហំប្រភពអគ្គិសនីដែលបានអភិវឌ្ឍខាងលើនេះ បរិមាណថាមពលអគ្គិសនីដែលប្រព័ន្ធបណ្តាញជាតិទូទាំងប្រទេសបានទទួលបានកើនឡើងពី ៩ ៧៣៨,៧៨ លានគីឡូវ៉ាត់ម៉ោង ក្នុងឆ្នាំ ២០១៨ដល់ ១៤ ១៣៣,៤២ លានគីឡូវ៉ាត់ម៉ោងនៅចុងឆ្នាំ ២០២២ ដែលស្មើនឹងកំណើន ៤៥% ធៀបទៅនឹងបរិមាណថាមពលដែលបានទទួលនៅឆ្នាំ ២០១៨»។ លោក ទី នរិន្ទ បានឱ្យដឹងថាក្នុងទំហំប្រភពអគ្គិសនីសរុបដែលមាននៅឆ្នាំ ២០២២ នេះមាន ៣ ១១៦,០២ មេហ្គាវ៉ាត់ ស្មើនឹង ៧៣,៣៧% ជាប្រភពអគ្គិសនីដែលបានអភិវឌ្ឍក្នុងស្រុក និងមាន ១ ១៣០,៧៥ មេហ្គាវ៉ាត់ ស្មើនឹង ២៦,៦៣% ជាប្រភពអគ្គិសនីដែលបាននាំចូលពីប្រទេសជិតខាងមានថៃ វៀតណាម និងឡាវ។
លោកបញ្ជាក់ថា៖ «កំណើននៃប្រព័ន្ធបណ្តាញបញ្ជូនខាងលើនេះបានធ្វើឱ្យមានស្ថិរភាពគុណភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៃប្រព័ន្ធបណ្តាញជាតិកាន់តែប្រសើរឡើងថែមទៀត។ ការអភិវឌ្ឍប្រភពអគ្គិសនីបន្ថែមនៅក្នុងរយៈកាលចុងក្រោយនេះបានធ្វើឱ្យកម្ពុជាមានប្រភពអគ្គិសនីបម្រុងទុកមួយចំនួន និងលែងមានការខ្វះខាតដូចដែលយើងបានជួបប្រទះកាលពីឆ្នាំ ២០១៩ ទៀតហើយ»។ ចំពោះការអភិវឌ្ឍប្រព័ន្ធបណ្តាញបញ្ជូនតង់ស្យុងខ្ពស់បានធ្វើឱ្យខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់កើនឡើងពី ២ ១៤១ គីឡូម៉ែត្រនៅឆ្នាំ ២០១៨ រហូតដល់ ៣ ៤៨៥,៥១ គីឡូម៉ែត្រ នៅចុងឆ្នាំ ២០២២ និងធ្វើឱ្យចំនួនអនុស្ថានីយកើនឡើងពី ៣៣ កន្លែងនៅឆ្នាំ ២០១៨ រហូតដល់ ៦៣ កន្លែងនៅចុងឆ្នាំ ២០២២ ដែលធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីរបស់បណ្ដាញជាតិដែលនៅឆ្នាំ ២០១៨ គ្របដណ្តប់ត្រឹមតែចំនួន ២០ រាជធានី ខេត្តរហូតដល់ ២៥ រាជធានី ខេត្ត នៅឆ្នាំ ២០២២ នេះ។ «ការអភិវឌ្ឍខ្សែបណ្ដាញ និងអនុស្ថានីយបានធ្វើឱ្យមានការប្រទាក់ក្រឡានូវខ្សែបណ្ដាញនៃប្រព័ន្ធខ្សែបណ្ដាញជាតិរបស់យើង មានកាន់តែច្រើន និងកាន់តែប្រសើរឡើងអាចធ្វើឱ្យខ្សែបណ្ដាញអាចជួយគ្នាទៅវិញទៅមកនៅពេលកំណាត់ខ្សែណាមួយខូចខាត។ អ៊ីចឹងបានបង្កើនកម្រិតនៃការផ្គត់ផ្គង់អគ្គិសនីរបស់ប្រព័ន្ធបណ្ដាញជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត»។
ចំពោះការអភិវឌ្ឍប្រព័ន្ធបណ្តាញអគ្គិសនីតង់ស្យុងមធ្យម និងតង់ស្យុងទាបលោក នរិន្ទ ឱ្យដឹងថា ក្នុងអាណត្តិទី ៦ បានធ្វើឱ្យប្រវែងខ្សែបណ្តាញតង់ស្យុងមធ្យមកើនឡើងពី ៣១ ៣៥៦ គីឡូម៉ែត្រ នៅឆ្នាំ ២០១៨ រហូតដល់ ៤២ ៧៥០ គីឡូម៉ែត្រនៅចុងឆ្នាំ ២០២២ និងដែលធ្វើឱ្យប្រវែងខ្សែបណ្តាញចែកចាយតង់ស្យុងទាបកើនឡើងពី ៣២ ១១៨ គីឡូម៉ែត្រ នៅឆ្នាំ ២០១៨ រហូតដល់ ៤៤ ៣២០ គីឡូម៉ែត្រ នៅឆ្នាំ ២០២២។ លោកថ្លែងថា៖ «ការអភិវឌ្ឍខ្សែបណ្តាញតង់ស្យុង មធ្យម និងតង់ស្យុងទាបដ៏លឿនខាងលើនេះបានធ្វើឱ្យភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនីរបស់បណ្ដាញជាតិបានកើនឡើងពី ១២ ៣០៥ ភូមិ ត្រូវជា ៨៦,៨៥% នៃចំនួនភូមិទូទាំងប្រទេសនៅឆ្នាំ ២០១៨ មក ១៣ ៩២៣ ភូមិ ត្រូវជា ៩៨,២៧% នៃចំនួនភូមិទូទាំងប្រទេសនៅឆ្នាំ ២០២២ នេះ»។ បច្ចុប្បន្នភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិគឺមាន ២៤៥ ភូមិ ស្មើនឹង ១,៧៣% ។ ចំពោះការភ្ជាប់បណ្តាញឱ្យអ្នកប្រើប្រាស់គ្រប់ប្រភេទបានកើនឡើងពី ២ ៦៤៥ ៦៣០ ទីតាំង នៅឆ្នាំ ២០១៨ ដល់៣ ៥១២ ០២២ ទីតាំង នៅឆ្នាំ ២០២២ ដែលនៅក្នុងនោះការភ្ជាប់ចរន្ដឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋបានកើនឡើងពី ២ ៥៣៧ ២៨២ ខ្នងផ្ទះនៅឆ្នាំ ២០១៨ ដល់ ៣ ២៨៩ ៩៣២ ខ្នងផ្ទះ នៅឆ្នាំ ២០២២។ «តាមស្ថិតិចំនួនខ្នងផ្ទះសរុបទូទាំងប្រទេស ៣,៧២ លានខ្នងផ្ទះ ខ្នងផ្ទះដែលទទួលបានការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្ដាញជាតិនៅចុងឆ្នាំ ២០២២ មានចំនួន ៨៨,៤៤% រួចហើយ។ ភូមិដែលបណ្តាញជាតិផ្គត់ផ្គង់អគ្គិសនីទៅមិនទាន់ដល់មានចំនួន ២៤៥ ភូមិ ស្មើនឹង ១,៧៣% គឺជាភូមិដាច់ស្រយាលគ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះជាភូមិបណ្តែតទឹក និងជាតំបន់លិចទឹកនៅរដូវវស្សាដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គិសនីឱ្យទៅដល់»។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានខិតខំជួយដោះស្រាយឱ្យលំនៅឋានពលរដ្ឋមួយចំនួនធំនៅក្នុងភូមិដែលនៅសល់ទាំងនោះមានអគ្គិសនីប្រើប្រាស់បណ្តោះអាសន្ន តាមរយៈការផ្ដល់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះក្នុងក្របខ័ណ្ឌជំនួយ ឧបត្ថម្ភនៃកម្មវិធីគាំពារសង្គមរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ និងការវិនិយោគផ្ទាល់ខ្លួន ហើយលំនៅឋានមួយចំនួនទៀត ក៏បានប្រើប្រាស់អាគុយដែលមានកន្លែងសាកអាគុយរួមនៅក្នុងភូមិផងដែរ៕