តាកែវៈ សិក្ខាកាមជានាយទាហាន នាយទាហានរង និងពលទាហាន ចំនួន ១៨៨ នាក់នៃបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បន្ទាយត្រាំខ្នារ ស្ថិតនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ បានចូលរួមវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីនរយៈពេលខ្លី ដើម្បីបង្កើនឱ្យមានសមត្ថភាពក្នុងកិច្ចការបោសសម្អាតមីន។
លោក គង់ ប៉ក់ នាយសេនាធិការរង និងជាមេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោកថ្លែងក្នុងពិធីនោះថា វគ្គដែលត្រូវដំណើរការនាពេលនេះមានរយៈពេល ១៩ ថ្ងៃចាប់ពីថ្ងៃទី ៨ ខែសីហា រហូតដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ ដោយមានសិក្ខាកាមចំនួន ១៨៨ នាក់មកពីបណ្តាកងឯកភាពចំណុះកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
លោកឱ្យដឹងថា ខ្លឹមសាមេរៀនដែលត្រូវរៀនសូត្ររួមមាន មេរៀនជំនាញបោសសម្អាតមីន (របៀបប្រើប្រាស់ម៉ាស៊ីនរាវមីន) ម៉ាស៊ីនរាវមីនស៊ាឌីវ័ន (Ciea D1) ម៉ាស៊ីនអេហ្វស្រ៊ី (F3) ទ្រឹស្តី+ការអនុវត្តម៉ាស៊ីនរាវមីនស៊ាឌីវ័ន (Ciea D1) និងឌីអេស (DS) ម៉ាស៊ីន F3 (ទ្រឹស្តី+ការអនុវត្ត) ម៉ាស៊ីនអេប៊ិចជ័រ និងអាប់ប៉ិច ៧៤០ ម៉ាស៊ីនឌីអេស និងអាប់ប៉ិច ៧៤០ អប់រំចិត្តសាស្ត្រ និងមុខវិជ្ជាពេទ្យបឋម។
លោក ខឹមជា សាឃឿន នាយសេនាធិការកងទ័ពជើងគោកឱ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីននាពេលនេះ សំដៅលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបង្កើនឱ្យមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ក្នុងការអនុវត្តកិច្ចការបោសសម្អាតមីន ទាំងការគ្រប់គ្រងធនធានមនុស្ស និងមូលដ្ឋានសម្ភារឱ្យមានលក្ខណៈប្រសើរ និងឱ្យយោធិនទាំងអស់យល់ដឹងអំពីការប្រើប្រាស់ម៉ាស៊ីនរាវមីនគ្រប់ប្រភេទ យល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាកសំណល់ជាតិផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាម។
លោកបន្តថា ប្រទេសកម្ពុជាបានទទួលរងគ្រោះ ដោយសារសង្គ្រាមចាប់ពីឆ្នាំ ១៩៧៥-១៩៧៩ ហើយត្រូវបានរំដោះចេញពីរបបប៉ុលពតក៏ពិតមែន ប៉ុន្តែសង្គ្រាមមិនបានបញ្ចប់នោះទេ។ រហូតដល់ឆ្នាំ ១៩៩៨ សង្គ្រាមត្រូវបានបញ្ចប់ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែកម្ពុជាបានបន្សល់នូវកាកសំណល់សង្គ្រាមជាច្រើនរហូតដល់បច្ចុប្បន្ន។ ទោះយ៉ាងណា វិស័យដោះមីនរបស់កងយោធពលខេមរភូមិន្ទចាប់ផ្តើមតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។
បើតាម លោក ខឹមជា សាឃឿន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតអាជ្ញាធរគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការ ដោយសារមីនមានភារកិច្ចជួយសម្របសម្រួលលើវិស័យមីនទូទាំងប្រទេស និងឆាកអន្តរជាតិ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានប្រកាសដាក់ចេញគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម។
លោកថ្លែងថា៖ «ទន្ទឹមនឹងនោះកងកម្លាំងវិស្វកម្មកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានប្រកាន់ខ្ជាប់នូវតួនាទី ភារកិច្ចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិ ដោយបានរំដោះដីជូនប្រជាពលរដ្ឋប្រកបមុខរបរចិញ្ចឹមជីវិត និងរស់នៅដោយក្តីសង្ឃឹម»។
មន្ត្រីជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក អ៊ុំ សុជាតិ ថ្លែងថា ចាប់ពីឆ្នាំ ២០១៩ មកដល់ពេលនេះ មជ្ឈមណ្ឌលបានដំណើរការបើកវគ្គបោសសម្អាតមីននៅបញ្ជាការដ្ឋានវិស្វកម្មបានចំនួន ៣ លើកមានសិក្ខាកាមចូលរួមរៀនសូត្រចំនួន ៤១៨ នាក់។ លោកចាត់ទុកដំណើរការនៃវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីនដល់កងទ័ព នាពេលនេះ ពិតជាបានពង្រឹងសមត្ថភាព គុណភាព ចំណេះដឹង ចំណេះធ្វើពិតប្រាកដក្នុងការបណ្តុះបណ្តាលធនធានមនុស្ស កងយោធពលខេមរភូមិន្ទក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការកសាង អភិវឌ្ឍជាតិ៕