
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រូបថត GRK
កំពង់ធំៈ មន្ត្រីកងរាជអាវុធហត្ថចំនួន ១២ រូប ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីរង់ចាំស៊ើបអង្កេតបន្តពាក់ព័ន្ធករណីស្លាប់បុរសម្នាក់ក្នុងពេលចុះបង្ក្រាបទីតាំងល្បែងភ្នាល់ជល់មាន់តាមអនឡាញ ១ កន្លែង ស្ថិតនៅភូមិរូង ឃុំ ក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២២។
លោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ សីហាថា កាលពីថ្ងៃទី ៩ ខែសីហា មន្ត្រីជំនាញនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះមកខេត្តកំពង់ធំបើកកិច្ចប្រជុំបន្ទាន់ដើម្បីស៊ើបអង្កេតឱ្យបានស៊ីជម្រៅពាក់ព័ន្ធនឹងការស្លាប់របស់បុរសម្នាក់ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានខេត្តកំពង់ធំចុះបង្ក្រាបល្បែងកាលពីថ្ងៃទី ៧ ខែសីហា។
លោកថ្លែងថា៖ «រឿងនេះយើងបានឃាត់មនុស្ស ១២ នាក់ហើយ ពេលនេះមន្ត្រីកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត»។
យោងតាមសារបំភ្លឺតាមផេចហ្វេសប៊ុកកាលពីថ្ងៃទី ៧ សីហា របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសរសេរថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទទួលរបាយការណ៍ពីលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រាយការណ៍អំពីការឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ដែលប្រព្រឹត្តលេងល្បែងស៊ីសង (មាន់ជល់តាមប្រព័ន្ធអនឡាញ)។ ក្នុងចំណោមនោះមានជនសង្ស័យឈ្មោះ សួង ឌ័ន ម្នាក់ផងដែរ។
ក្នុងពេលដែលបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ពេលដែលកំពុងធ្វើដំណើរនោះ ដល់មុខវត្តបល្ល័ង្ក ភូមិបល្ល័ង្ក ឃុំបល្ល័ង ស្រុកបារាយណ៍ ឈ្មោះ សួង ឌ័ន ក៏បាននិយាយថាមិនស្រួលខ្លួន ស្របពេលនោះជនសង្ស័យនោះមានអាការស្លេកស្លាំង ដកដង្ហើមកាន់តែញាប់។ ពេលនោះកម្លាំងកងរាជអាវុធហត្ថបានជួយធ្វើចលនាបេះដូង និងបន្តដំណើរបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឱ្យគ្រូពេទ្យធ្វើការសង្គ្រោះ ប៉ុន្តែពេលដល់មន្ទីរពេទ្យឈ្មោះ សួង ឌ័ន បានស្លាប់បាត់បង់ជីវិត។ រីឯការចុះផ្សាយនូវព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Nearadey Din នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២២ កងរាជអាវុធហត្ថ ទទួលយកនូវព័ត៌មាននេះ ដើម្បីយកទៅធ្វើការស្រាវជ្រាវរកសាក្សី និងភ័ស្តុតាងបញ្ជាក់បន្ថែម។
ផេចដដែលបង្ហាញសម្ដីលោក អេង ហ៊ី ទៀតថា៖ «កងរាជអាវុធហត្ថយើងខ្ញុំ នឹងធ្វើការស៊ើបអង្កេត ស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមច្បាប់ រកយុត្តិធម៌ជូនក្រុមគ្រួសារនៃសព តាមរយៈការចុះធ្វើចំពោះកិច្ចដល់កន្លែងកើតហេតុ ដោយក្រុមការងារចំពោះកិច្ច នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស»។
កញ្ញា ឌិន នារតី ត្រូវជាកូនស្រីបង្កើតរបស់បុរសរងគ្រោះបាននិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទនៅថ្ងៃទី ១០ សីហាថា មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំបានទូរស័ព្ទប្រាប់ថា កម្លាំងមន្ត្រីអាវុធហត្ថជំនាញលើផ្ទៃប្រទេសសហការជាមួយមន្ត្រីជំនាញអាវុធហត្ថខេត្តកំពង់ធំត្រូវចុះមកដល់ផ្ទះរបស់នាងនៅថ្ងៃទី ១០ សីហា ដើម្បីស៊ើបអង្កេតជុំវិញការស្លាប់របស់ឪពុកនាង។
កញ្ញាបញ្ជាក់ថា៖ «ខាងប៉េអឹមប្រាប់ខ្ញុំថា គាត់ចុះមកផ្ទះខ្ញុំនៅ (ថ្ងៃទី ១០ សីហា) គាត់ថា ចុះមកស្រាវជ្រាវស៊ើបអង្កេតដើម្បីធ្វើកោសល្យវិច័យតែខ្ញុំមិនដឹងថា យ៉ាងម៉េចនៅឡើយទេតែខាងមន្ត្រីប៉េអឹមប្រាប់ខ្ញុំថា ស្វែងរកយុត្តិធម៌ឱ្យបានពិតប្រាកដ។ អ្វីដែលខ្ញុំចង់បានគឺការរកយុត្តិធម៌ឱ្យឪពុករបស់ខ្ញុំ»។
កញ្ញា នារតី អះអាងថា ឪពុករបស់នាងមិនមែនជាមនុស្សចេះលេងល្បែងទេប៉ុន្តែនៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២២ ដែលជាថ្ងៃកើតហេតុនោះឪពុករបស់នាងមកពីចូលរួមប្រជុំ។ ពីព្រោះគាត់ជាអនុភូមិរូងហើយបានចូលអង្គុយហូបកាហ្វេនៅផ្ទះស្រីរបស់គាត់ដែលជួលឱ្យគេបើកល្បែងជល់មាន់តាមអនឡាញចៃដន្យប៉េអឹមចុះមកចាប់គាត់ និងមនុស្សប្រុស៣នាក់ទៀត។
អ្នកស្រី ស៊ុន វីន អាយុ ៤៦ ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបាននិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ សីហាថា ប្តីរបស់អ្នកស្រីមានអាយុ ៤៧ ឆ្នាំហើយ តែសុខភាពរបស់គាត់នៅល្អណាស់មិនដែលមានជំងឺអីទេសូម្បីតែលើសឈាម ឬជំងឺទឹកនោមផ្អែមក៏គ្មានដែរ។ ដូច្នេះការស្លាប់របស់គាត់ងាយៗបែបនេះទើបធ្វើឱ្យអ្នកស្រីក៏ដូចជាកូនៗរបស់អ្នកស្រីមិនអស់ចិត្តទាល់តែសោះចំពោះការស្លាប់ប្តីរបស់គាត់។ នៅថ្ងៃកើតហេតុនោះគ្មានសមាជិកណាម្នាក់របស់អ្នកស្រីបានឃើញសកម្មភាពសមត្ថកិច្ចប៉េអឹមចាប់ប្តីរបស់អ្នកស្រីទេ។ ប៉ុន្តែស្ត្រីម្នាក់ដែលជាបងថ្លៃរបស់អ្នកស្រីបានឃើញហេតុការណ៍ផ្ទាល់ភ្នែកហើយបាននិយាយប្រាប់អ្នកស្រីថា សមត្ថកិច្ចបានយកដៃក្រៀកកប្តីអ្នកស្រីជើងផុតពីដីហើយរុញចូលក្នុងរថយន្ត ដែលពេលនោះប្តីរបស់អ្នកស្រីមានសភាពស្លេកស្លាំងភ្លាមៗតែម្តង។
អ្នកស្រី ស៊ុន វីន ថា៖ «គេចាប់ប្តី ខ្ញុំទៅអត់ទាន់ទេ ហើយក៏ត្រឡប់មកផ្ទះវិញមិនទាន់ទាំងដាក់គូទអង្គុយផងស្រាប់តែគេតេមកប្រាប់ខ្ញុំថា ប្តីខ្ញុំស្លាប់ហើយ។ នៅពេលនោះខ្ញុំស្ទើរគាំងបេះដូងស្លាប់ ព្រោះវារហ័សពេក។ អ៊ីចឹងខ្ញុំ និងកូនៗមិនអស់ចិត្តទេ ខ្ញុំស្នើសុំដល់សមត្ថកិច្ចមេត្តារកយុត្តិធម៌ឱ្យប្តីខ្ញុំផង។ បើគេសុំគាស់សពប្តីខ្ញុំមកធ្វើកោសល្យវិច័យក៏ខ្ញុំឱ្យគាស់ដែរ»។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញបទបញ្ជាក្រោយពីកើតហេតុថា លោកបញ្ជាឱ្យនាយការិយាល័យអធិការកិច្ច ស្នងការនៃស្នងការដ្ឋានកសាងកម្លាំង ស្រាវជ្រាវ និងបង្ក្រាបបទល្មើសដែលទាក់ទងទៅនឹងការអនុវត្តនីតិវិធីដឹកនាំការស្រាវជ្រាវនេះ។ ដោយស្នងការនៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសចុះធ្វើអធិការកិច្ចត្រួតពិនិត្យរកមូលហេតុពិតករណីស្លាប់ប្រជាជននៅខេត្តកំពង់ធំ ដែលកងរាជអាវុធហត្ថខេត្តកំពង់ធំក្នុងប្រតិបត្តិការមានមនុស្សស្លាប់ ដោយមានសារព័ត៌មាន និងសាធារណមតិគេបានចុះផ្សាយព្រោងព្រាត។
លោកថ្លែងថា៖ «ថ្ងៃនេះខ្ញុំនឹងធ្វើសេចក្តីសម្រេចចេញបទបញ្ជាឱ្យអស់លោកចុះទៅស្រាវជ្រាវហើយខេត្តកំពង់ធំ ត្រូវសហការរឿងនេះឱ្យបានពិតប្រាកដស៊ីជម្រៅ។ កំហុសនៅលើអ្នកណាដែលបានប្រព្រឹត្តត្រូវឃាត់ខ្លួនអ្នកហ្នឹងភ្លាម។ឥឡូវចំពោះមុខខ្ញុំសុំឱ្យរក្សាឃាត់មនុស្សទាំងអស់ដែលមានការពាក់ព័ន្ធទុកម្តុំសិន»៕
វីដេអូ៖